រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ ៖ កម្ពុជា និង អ.ស.ប មានកិច្ចសហប្រតិបត្តិការដ៏ល្អនិងរឹងមាំ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំ រវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ(អ.ស.ប) ជាពិសេស ការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។
ការលើកឡើងពីសំណាក់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បែបនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ចូសែហ្វ សូវ័រ (Joseph Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាក្នុងឱកាសដែល លោក ទើបកាន់តំណែងថ្មី នាពេលថ្មីៗកន្លងមកនេះ។
ក្នុងជំនួបពិភាក្សាការងារដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវសេចក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ចូសែហ្វ សូវ័រ ដែលមានបទពិសោធន៍ និងជំនាញក្នុងការចូលរួមចំណែកដល់មាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា។
ជាមួយគ្នានេះ ឯកឧត្ដម មានសុទិដ្ឋិនិយមថាអង្គការសហប្រជាជាតិ នឹងបន្តជំរុញ និងលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើបរិវត្តកម្មឌីជីថល និងការស្វែងរកសក្តានុពលថ្មីៗសម្រាប់ការអនុវត្តគម្រោងមានផលជាវិជ្ជមានសម្រាប់មនុស្សជាតិ ៕ ដោយ ៖ ម៉ាដេប៉ូ



