“គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ត្រូវបានអនុម័ត
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នេះ បានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមាន លក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវ និរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យររាជរដ្ឋាភិបាលកម្ពុជាបាន ថ្លែងថា ដំណាំស្វាយចន្ទី ជាដំណាំកសិឧស្សាហកម្ម និងជា ដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើ ពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ លោកបន្តថា បច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាន នាំ ចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។ដើម្បីបន្តជំរុញដល់កំណើនកសិ ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមាន គុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោល នយោបាយ ជាតិ ស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោល នយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានា ឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ឯកឧត្តមបន្ថែមថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពី ស្វាយចន្ទីនេះ ត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សា ស្រាវជ្រាវ ទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលា ពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពី បណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើ យ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធ ភាព។ គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យ អភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈ ប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និង ការធ្វើ ពិពិធកម្មសេដ្ឋកិច្ច។គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានគោលបំណង ប្រែក្លាយ កម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិត ផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
ឯកឧត្តមបន្តថា ដើម្បីសម្រេចបានចក្ខុវិស័យ និងគោល បំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួនបី រួមមាន៖ ១.លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រក បដោយគុណភាពប្រកួតប្រជែង, ២.ជំរុញការធ្វើ ឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូល ផលនិងការកែច្នៃអនុផល ស្វាយចន្ទីឱ្យសម្រេចបាន២៥ ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ ២០៣២ និង ៣.ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្ម ទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួល ពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ ឧត្តមភាព លើទីផ្សារ។
បើតាមឯកឧត្តម ផៃ ស៊ីផាន គោលនយោបាយជាតិស្តីពី ស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំង ចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំ ស្វាយចន្ទីនិងលើកកម្ពស់ការប្រកួតប្រជែង ទាំង ទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែមរកទីផ្សារចាស់និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់ បន្ថយ ភាពក្រីក្រនិងចំណាកស្រុកនិងជួយជំរុញកំណើន សេដ្ឋកិច្ចជាតិ។
លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភា កម្ពុជា ថ្លែងថា គោលនយោបាយលើខាងនេះ គឺល្អ និងពិត ជាមានសារៈសំខាន់ ខណៈលោកថា ក្រៅតែពីគោលនយោ បាយ ជាតិស្វាចន្ទីនេះ គួរតែមានគោលនយោបាយជាតិដំណំា កសិកម្មដើម្បីជំរុញការនាំចេញឱ្យបានច្រើន ។ លោកបន្តថា ក្នុងគោលនយោបាយស្វាយចន្ទីនេះ គឺជាយុទ្ធសាស្ត្រមួយ សម្រាប់ ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេសជួយពង្រឹកការកែច្នៃស្វាយចន្ទីរឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀតនិងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូន ប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា « វាជាចំណែកថ្មីមួយសម្រាប់កម្ពុជា ជាពិសេស គឺជាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើជំរុញឱកយមានកំណើនប្រកបដោយនិរន្តរភាព ក្នុងផលិតកម្ម និងសេដ្ឋកិច្ចផងដែរ»៕
ដោយ៖យុទ្ធ វីរះ



