កាកបាទក្រហមកម្ពុជា ប្រកាសទទួលស្គាល់ ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥

ខេត្តពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា រៀបចំពិធីប្រកាសទទួលស្គាល់ ប្រធានថ្មី នៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៣។

នៅក្នុងអាណត្តិទី៥ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង ឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខា ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានផ្ទេរភារកិច្ចថ្មី និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប, ហេរញ្ញិក ១រូប, លេខាធិការ ១រូប, សមាជិក សមាជិកា ៨រូប និងសមាជិកបម្រុង ២រូបតាមសេចក្តីសម្រេច ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ ។

ឯកឧត្តម ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ភារកិច្ច ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ អាណត្តិទី៥ នាពេលនេះ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាខារាជធានី-ខេត្ត ដែលតែងតែសកម្មក្នុងការបំពេញភារកិច្ចមនុស្សធម៌ជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ បានឆាប់រហ័សទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ ស័ក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner