ការវិនិយោគក្នុងវិស័យសំណង់កើនជិត៤០ភាគរយ ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍ផ្លូវការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៩នេះ ការវិនិយោគលើវិស័យសំណង់ក្នុងប្រទេសកម្ពុជា មានចំនួន៥២៥គម្រោង សរុបទឹកប្រាក់វិនិយោគជាង១,១៧៣លានដុល្លារ កើនឡើង៣៩,២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

បើតាមរបាយការណ៍ដដែលនេះ ក្នុងចំណោមគម្រោងវិនិយោគទាំង៥២៥គម្រោង មាន៤៤គម្រោងដែលអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានទុនវិនិយោគចំនួន១,០៤៤លានដុល្លារ និង៤៨១គម្រោង ដែលចេញដោយរដ្ឋបាលរាជធានី-ខេត្ត មានទុនវិនិយោគសរុបជាង១២៩លានដុល្លារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា វិស័យសំណង់បានបង្កើតការងារជូនប្រជាពលរដ្ឋក្នុងខែកក្កដា ឆ្នាំ២០១៩ គិតជាមធ្យមប្រមាណពី១ម៉ឺន៩ពាន់នាក់ ទៅ២ម៉ឺន១ពាន់នាក់ក្នុង១ថ្ងៃ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី៦,២៧០នាក់ ទៅ៦,៣០០នាក់ក្នុង១ថ្ងៃ។

បើតាមការសិក្សាស្រាវជ្រាវក្នុងខែកក្កដា ឆ្នាំ២០១៩នេះ តម្លៃកម្លាំងពលកម្មសម្រាប់កម្មករគ្មានជំនាញក្នុង១ថ្ងៃ អាចទទួលបានពី៣ម៉ឺនរៀល ដល់៤ម៉ឺនរៀល កម្មករជំនាញ និងមេជាងក្នុង១ថ្ងៃអាចទទួលបានពី៤ម៉ឺនរៀល ដល់៦ម៉ឺនរៀល។ ចំពោះវិស័ករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀត ក្នុង១ខែអាចទទួលបានប្រាក់ខែពី៤០០ដុល្លារ ដល់២,៥០០ដុល្លារ។

សូមជម្រាបថា សំណង់ទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០០០ ដល់ខែកក្កដា ឆ្នាំ២០១៩កន្លងមកនេះ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន៤ម៉ឺន៦ពាន់១៣០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ជាង១២២លានម៉ែត្រការ៉េ ទុនវិនិយោគប្រមាណជាង៤ម៉ឺន៦ពាន់២៤៧លានដុល្លារ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner