ឆ្នាំ២០២៣ កម្ពុជារំពឹងថា ចំនួនអ្នកដំណើរនឹងមានការកើន ឡើងរហូតជាងបួនលាននាក់ បន្ទាប់ពីចិនប្រកាសបើកប្រទេស
ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន លើកឡើងថា ក្នុងឆ្នាំ២០២៣ នេះកម្ពុជារំពឹងថា ចំនួនអ្នក ដំណើរ នឹងមានការកើនឡើងរហូតជាងបួនលាននាក់ ខណៈដែលគិតមក ដល់ខែមករា ឆ្នាំ២០២៣ នេះ ការហោះហើររវាងប្រទេសចិន និងកម្ពុជា មិនទាន់មានការវិវត្ត គួរឱ្យកត់សម្គាល់នៅឡើយ។
នេះបើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន ប្រាប់ ឱ្យដឹងពីស្ថានភាពនៃវិស័យអាកាសចររយៈពេល ១២ ខែ ឆ្នាំ ២០២២កន្លងមក។
ឯកឧត្តមបានលើកឡើងថា គិតមកដល់ដំណាច់ខែធ្នូ ឆ្នាំ២០២២ សម្រាប់រយៈ១២ខែ (មករា-ធ្នូ) មានអ្នកដំណើរ ចំនួនជាងពីរ លាននាក់ ដែលក្នុងនោះមានការកើនឡើងជិត ៩០០ភាគរយ បើធៀបទៅនឹងរយៈពេល១២ខែ ដូចគ្នា (មករា-ធ្នូ) នៅឆ្នាំ ២០២១ ហើយបើធៀបទៅនឹង រយៈពេល១២ខែដូច គ្នាទៅ នឹងឆ្នាំ២០១៩ អ្នកដំណើរ មានចំនួនប្រមាណតែ២៥ភាគរយ ប៉ុណ្ណោះ នៃឆ្នាំ២០១៩។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបន្ថែមថា ចំនួនជើងហោះហើរ មាន ចំនួនជិតបីម៉ឺនជើង ក្នុងនោះមានការកើនឡើងជាង២៦០ ភាគរយ បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា(មករា-ធ្នូ)នៅឆ្នាំ២០២១, បើធៀបទៅនឹង រយៈពេល១២ខែដូចគ្នានៅ ឆ្នាំ២០១៩ គឺ ចំនួន ជើងហោះហើរ មានចំនួនប្រមាណតែ២៨ភាគរយ ប៉ុណ្ណោះនៃ ឆ្នាំ២០១៩។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា កាលពីខែសីហា ឆ្នាំ២០២២ កន្លងមក(មុនថ្ងៃទី៨ ខែមករា ២០២៣) កម្ពុជាមានជើងហោះហើរ រវាង ចិន និងកម្ពុជា ចំនួន៣០ជើងក្នុងមួយសប្តាហ៍ (កូតាកំណត់ដោយភាគីចិន) មាន ន័យថាក្រុមហ៊ុនអាកាសចរណ៍ខ្មែរអាចហោះទៅប្រទេសចិនចំនួន១៥ជើងក្នុងមួយសប្តាហ៍ និងក្រុមហ៊ុនអាកាសចរណ៍ចិនអាច ធ្វើការ ហោះហើរមកកាន់ប្រទេសកម្ពុជា ចំនួន១៥ជើងក្នុងមួយ សប្តាហ៍ ដូចគ្នាផងដែរមានក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ប្រាំ មួយ ក្រុមហ៊ុនដែលកំពុងហោះហើរចេញ-ចូលកម្ពុជា មកពីប្រាំពីរ គោលដៅ (destinations)។
ប្រភពដដែលបន្តថា បន្ទាប់ពីចិនបានប្រកាសបើកប្រទេស ចាប់ ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនទេសចរណ៍ ចិនមួយចំនួន បានបង្ហាញពីនិន្នាការតភ្ជាប់ជើងហោះហើរឡើងវិញ តែមិនទាន់ ប្រាកដប្រជានោះទេ ដោយសារពួកគេមិនទាន់ស្នើសុំការ អនុញ្ញាត ចុះចតជាក់លាក់នៅឡើយ។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានថ្លែងថា ៖ «កម្ពុជាស្វាគមន៍ នូវ ការហោះហើររបស់ចិនមកកម្ពុជា ហើយសង្ឃឹមថា អាជ្ញាធរ ពាក់ព័ន្ធ នឹងសម្រួលនូវវិធានការផ្សេងៗ ដើម្បីបើកទូលាយ ទទួលធុរជន និងភ្ញៀវទេសចរចិនពេលមកដល់កម្ពុជា។ ជាទូទៅយើងបានដឹងហើយថា បន្ទាប់ពីថ្ងៃទី៨ ខែមករា ប្រទេស ចិនបើកចំហរទីផ្សាររបស់គាត់ ឱ្យអ្នកដំណើររបស់ គាត់ហោះចេញ ចូលធម្មតា ទៅកាន់ទិសដៅដែលគាត់ចង់ទៅ ដោយឡែក ប្រទេស កម្ពុជា ក៏បានស្វាគមន៍ដល់ការតភ្ជាប់ការហោះហើរឡើងវិញ របស់ ក្រុមហ៊ុនចិន ពីខេត្តទាំងឡាយណាដែលមានសក្តានុពល មក ប្រទេស កម្ពុជា»។
ឯកឧត្តមបានបន្តថា ៖ «យើងពិនិត្យមើលឃើញមាននិន្នាការស្នើ សុំទី ចំណត បម្រុងឡើងវិញ តែយើងមិនអាចរាប់បានទេ ដោយ សារការសុំទីចំណតបម្រុង មិនមែនជាសូចនាករជាក់លាក់នោះទេ យើងរង់ចាំមើលការស្នើសុំការអនុញ្ញាតចុះចតសិន។ នេះទើបអាច រាប់បានថា ជាចំនួនជាក់លាក់»។
ជាមួយនឹងការលុបចោលនូវគោលនយោបាយសូន្យកូវីដ (គ្មានការ កំណត់កូតាទៀតឡើយ)ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រំពឹងទុកថា ជើង ហោះហើរ រវាងចិន និងកម្ពុជា នឹងមានការកើនឡើងជា លំដាប់ បន្ទាប់ពីចូលឆ្នាំចិនរួច។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងជំនួបជាមួយ រដ្ឋមន្ត្រីការបរទេសចិនកាលពីពាក់កណ្តាលឆ្នាំ២០២២កន្លង ទៅ ក៏បានស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាង ប្រទេស ទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុង ប្រទេសកម្ពុជា ខណៈដែលឯកឧត្តម វ៉ាង យី បានឆ្លើយតបថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិន នឹងពិចារណាក្នុង ការ បង្កើនជើងហោះហើររវាងប្រទេសទាំងពីរផងដែរ។
សូមរំឮកផងដែរថា រដ្ឋាភិបាលចិនបានប្រកាសបិទបញ្ចប់ ការតម្រូវ ឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃ ទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយ ឆ្ពោះ ទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទ ច្រក ទ្វារ អន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លងមក៕
ដោយ៖នាង សុគន្ធា