ណាសា រកឃើញភពថ្មីដែលមានទំហំប៉ុនផែនដី ហើយប្រហែល អាចរស់នៅបាន ធ្វើគោចរជុំវិញតារា
អាមេរិក៖អង្គការណាសា បានរកឃើញភពខាងក្រៅប្រព័ន្ធ ព្រះអាទិត្យ មួយមានទំហំប៉ុនផែនដី ហើយប្រហែលជាអាច ឱ្យជីវិតរស់នៅបាន ដែលមានន័យថាវាអាចមាននៅលើផ្ទៃភព។
ភពដែលទើបនឹងរកឃើញនេះមានឈ្មោះថា TOI 700 e ហើយ ត្រូវ បានប្រកាសឡើងក្នុងទិនានុប្បវត្តិ The Astrophysical Journal Letters ដែលចេញផ្សាយកាលពីពេលថ្មីៗ។ នោះគឺជា ប្រភេទភព Exoplanet ឬភពដែលធ្វើគោចរជុំវិញតារាមួយ ស្រដៀង នឹងភពក្នុងប្រព័ន្ធព្រះអាទិត្យដែរ ប៉ុន្តែស្ថិតនៅខាងក្រៅ ប្រព័ន្ធព្រះអាទិត្យ។
ភព TOI 700 e ត្រូវបានរកឃើញដោយប្រើទិន្នន័យពីផ្កាយរណប TESS របស់អង្គការណាសា ដែលជាតេឡេទស្សន៍អវកាស មាន តួនាទី រុករកភពក្រៅប្រព័ន្ធព្រះអាទិត្យ។ យោងតាមតារាវិទូ TOI 700 e ទំនងជាភពសិលា ហើយអាចធ្លាប់មានទឹកនៅលើផ្នែក ខ្លះនៃ ផ្ទៃរបស់ភព ដែលអាចបង្កអំណោយផលដល់ជីវិតរស់នៅ ដោយសារតែវាស្ថិតនៅមិនជិត ឬក៏មិនឆ្ងាយពីតារាដែល ខ្លួន វិលជុំវិញ បង្កបានជាសីតុណ្ហភាពប្រហាក់ប្រហែលនឹងផែនដី។
ការសង្កេតក្នុងទិនានុប្បវត្តិដែលទើបចេញផ្សាយបង្ហាញថា TOI 700 e មានទំហំប្រហែល ៩៥ ភាគរយនៃភពផែនដី និងវិលជុំវិញ តារាក្រិន (មានទំហំតូច និងពន្លឺខ្សោយ) ដែលមានឈ្មោះថា TOI 700។ កាលពីមុន តារាវិទូបានរកឃើញភពចំនួនបីដែលវិលជុំវិញ TOI 700 រួមមានភព TOI 700 b, c, និង d។ ភព TOI 700 d ដែលត្រូវបានប្រកាសពីការរកឃើញនៅឆ្នាំ ២០២០ ក៏មានទំហំ ប្រហាក់ប្រហែលនឹងភពផែនដី និងស្ថិតក្នុងតំបន់ដែលអាចរស់ នៅបាន ដូច TOI 700 e ផងដែរ។
លោកស្រី Emily Gilbert ដែលជាអ្នកវិទ្យាសាស្រ្តដឹកនាំការ ស្រាវជ្រាវនេះ នៅបន្ទប់សង្កេតរបស់អង្គការណាសានៅ រដ្ឋកាលីហ្វ័រញ៉ា បានថ្លែងថា TOI 700 គឺជាប្រព័ន្ធមួយក្នុង ចំណោម ប្រព័ន្ធមួយចំនួន ដែលមានភពជាច្រើន តូចៗ និងដែលអាចរស់នៅបាន។
លោកស្រីបន្តថា ៖ «នោះហើយធ្វើឱ្យប្រព័ន្ធ TOI 700 ក្លាយ មានការរំពឹងទុកដ៏គួរឱ្យរំភើបសម្រាប់ការតាមដានបន្ថែម។ ភព e មានទំហំតូចជាងភព d ប្រហែល ១០ ភាគរយ ដូច្នេះប្រព័ន្ធ(TOI 700)ក៏បង្ហាញពីរបៀបដែលការសង្កេត TESS បន្ថែម ជួយយើង ស្វែងរកភពដែលកាន់តែតូចទៅៗ»។
គួរបញ្ជាក់ថា តារាក្រិនដូចជា TOI 700 មានច្រើននៅសកល ហើយតារាប្រភេទនេះខ្លះ ត្រូវបានតារាវិទូបានរកឃើញនៅ ប៉ុន្មាន ឆ្នាំចុងក្រោយថា មានភពវិលជុំវិញ។ ឧទាហរណ៍ TRAPPIST-1 ដែលមានភពចំនួន ៧ ធ្វើគោចរជុំវិញ ត្រូវបានរកឃើញដោយ តេឡេទស្សន៍អវកាស James Webb ដែលបាញ់បង្ហោះ កាលពី ចុងឆ្នាំ ២០២១៕
ដោយ៖ហួន ឌីណា