កម្ដៅមហាសមុទ្រក្នុងឆ្នាំ ២០២២ បានឡើងខ្ពស់មួយកម្រិតទៀត បង្កគ្រោះថ្នាក់ធាតុអាកាសកាន់តែខ្លាំង
អន្តរជាតិ៖កម្ដៅមហាសមុទ្ររបស់ផែនដី បានឡើងដល់កម្រិត ខ្ពស់ បំផុតបួនឆ្នាំជាប់គ្នាៗក្នុងឆ្នាំ ២០២២ ដែលជាសញ្ញាដ៏គួរឱ្យ ព្រួយបារម្ភនៃវិបត្តិអាកាសធាតុ ក្រោមសកម្មភាពរបស់មនុស្ស។
តាមការសិក្សាមួយពីក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិមកពីវិទ្យាស្ថានចំនួន ១៦ នៅទូទាំងពិភពលោក បានរកឃើញថា ៥ឆ្នាំដែលក្ដៅ បំផុតសម្រាប់គ្រប់មហាសមុទ្រទាំងអស់ បានកើតឡើងក្នុងរយៈ ពេល ប្រាំមួយឆ្នាំចុងក្រោយនេះ ហើយល្បឿននៃការកើនឡើង កម្ដៅរបស់មហាសមុទ្រឡើងក៏កាន់តែលឿន។
លទ្ធផលនៃការសិក្សាចុងក្រោយ ដែលចុះផ្សាយក្នុងទិនានុប្បវត្តិ Advances in Atmospheric Sciences កាលពីថ្ងៃពុធ បាន សិក្សាទៅលើសីតុណ្ហភាពរបស់ផ្ទៃមហាសមុទ្រដល់ជម្រៅ ២ ០០០ ម៉ែត្រ ដោយពិនិត្យប្រៀបធៀបទិន្នន័យតាំងពីទសវត្សរ៍ឆ្នាំ ១៩៥០។
តាមរយៈលទ្ធផលគួរឱ្យព្រួយបារម្ភ ក្រុមអ្នកវិទ្យាសាស្រ្តដែល សិក្សា ស្រាវជ្រាវ បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញ ផ្សាយ អមជាមួយនឹងទិនានុប្បវត្តិថា ៖ «ស្ថានភាពនៃមហាសមុទ្រ របស់ យើង អាចវាស់ស្ទង់សុខភាពរបស់ពិភពលោក ហើយបើ វិនិច្ឆ័យ តាមការអង្កេតមហាសមុទ្រចុងក្រោយ យើងត្រូវការ វេជ្ជបណ្ឌិត ម្នាក់»។
អ្នកវិទ្យាសាស្រ្តបានថ្លែងទៀតថា បើនិយាយពីថាមពល បរិមាណ កម្ដៅដែលបានបន្ថែមទៅក្នុងមហាសមុទ្រក្នុងឆ្នាំ ២០២២ គឺស្មើ នឹង ១០០ ដងនៃការផលិតអគ្គិសនីសរុបទូទាំងពិភពលោក នៅ ឆ្នាំដដែល។
គួររំឭកថា មហាសមុទ្រដើរតួដ៏សំខាន់សម្រាប់ការចង្អុល បង្ហាញ អំពីផលប៉ះពាល់ពិតប្រាកដនៃការប្រែប្រួលអាកាសធាតុ ពីព្រោះ បើប្រៀបធៀបនឹងសីតុណ្ហភាពខ្យល់ មហាសមុទ្រមិនសូវរង ផល ប៉ះពាល់ដោយសារការប្រែប្រួលតាមរដូវកាល ឬវដ្តធាតុអាកាស នោះ ទេ។មហាសមុទ្រដែលគ្របដណ្តប់ប្រហែល៣ភាគរយ៤នៃផ្ទៃផែនដី បានស្រូបយកកម្ដៅភាគច្រើនពីបរិយាកាសរបស់ពិភពលោក។
ការសិក្សាស្រាវជ្រាវចុងក្រោយនេះបានរកឃើញថា ចាប់តាំងពីឆ្នាំ ១៩៧០ មក ជាង ៩០ ភាគរយនៃកម្ដៅហួតហេតុរបស់ភពផែនដី ត្រូវបានមហាសមុទ្រស្របយក។
អ្នកវិទ្យាសាស្ត្រនិយាយថា ទំនោរនៃការឡើងកម្ដៅផែនដីរយៈ ពេល វែងបច្ចុប្បន្ននេះគ្មានការប្រែប្រួល ហើយកាន់តែធ្ងន់ធ្ងរទៅៗ រហូតដល់កម្រិតកំណត់ត្រាថ្មីជារៀងរាល់ឆ្នាំ។ លោក Michael Mann សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Pennsylvania និង ជាអ្នកវិទ្យាសាស្រ្តម្នាក់ដែលចូលរួមការសិក្សាបាននិយាយថា៖ « កម្ដៅនឹងបន្តកើនឡើង ហើយយើងនឹងបន្តបំបែកកំណត់ ត្រា កម្ដៅរបស់មហាសមុទ្រ ដូចដែលយើងឃើញនៅឆ្នាំនេះលុះត្រា តែយើងសម្រេចបាននូវការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រកបដោយតុល្យភាព។ ការយល់ដឹងកាន់តែប្រសើរឡើងអំពីមហាសមុទ្រ គឺ ជាមូលដ្ឋានសម្រាប់ធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ»។
គួរបញ្ជាក់ថា ការកើនឡើងកម្ដៅមហាសមុទ្រមានឥទ្ធិពលយ៉ាង ខ្លាំងលើជីវិតមនុស្សរាប់លាននាក់នៅលើផែនដី។ អ្នកវិទ្យាសាស្រ្តថា វាមានសម្ពាធលើលំនាំធាតុអាកាស ដែលបង្ក ឱ្យខ្យល់ព្យុះ ដូចជាព្យុះសង្ឈរា ឬទីហ្វុង កាន់តែកាចសាហាវ និងកើតមានញឹកញាប់ជាងមុន។
តាមធម្មតា ការកើនឡើងកម្ដៅភពផែនដីជាទូទៅ បានរួមចំណែក យ៉ាងធំលើការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រ ដែលបង្កជា ហានិភ័យ ធ្ងន់ធ្ងរជាពិសេសលើបណ្ដាប្រទេសកោះ ឬទីក្រុងធំៗ ផ្សេងៗដែលទទួលរងនូវវិបត្តិនេះរួមហើយ។ ប៉ុន្តែមិនត្រឹមតែប៉ុណ្ណេះ នៅពេលសីតុណ្ហភាពកើនឡើង អុកស៊ីសែនក្នុងមហាសមុទ្រក៏កាន់តែថយចុះទៅ ដែល ធ្វើឱ្យ មានផលប៉ះពាល់ដល់ជីវិតក្នុងសមុទ្រ សហគមន៍នេសាទ និងសេដ្ឋកិច្ចរបស់ពួកគេ។
អ្វីដែលជាការព្រួយបារម្ភមួយកម្រិតទៀតនោះគឺថា មិនត្រឹមតែ មហាសមុទ្រនោះទេដែលឡើងកម្ដៅលឿន។
របាយការណ៍ពីស្ថាប័នផ្ដល់ទិន្នន័យ Copernicus ដែលធ្វើការ ទាក់ទងនឹងការប្រែប្រួលអាកាសធាតុរបស់សហភាពអឺរ៉ុប ដែល ចេញផ្សាយនាពេលថ្មីៗនេះបានបង្ហាញថា កម្ដៅរបស់ផែនដី បានជាប់កំណត់ត្រាក្ដៅបំផុតប្រាំបីឆ្នាំជាប់គ្នាៗ ដោយសារតែការកើនឡើងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែល ស្រូបយកកម្ដៅព្រះអាទិត្យឱ្យជាប់នៅស្រទាប់បរិយាកាសរបស់ផែនដី។
របាយការណ៍ថា សីតុណ្ហភាពជាមធ្យមប្រចាំឆ្នាំបានឡើងដល់ ១,២ អង្សាសេ លើសពីកម្រិតមុនបដិវត្តន៍ឧស្សាហកម្ម ហើយឆ្នាំ ២០២២ គឺជាឆ្នាំទី៨ ដែលសីតុណ្ហភាពកើនឡើងយ៉ាងហោច ណាស់ ១ ដឺក្រេ បើប្រៀបធៀបនឹងកម្រិតនៅឆ្នាំចម្លោះពី ១៨៥០-១៩០០។ Copernicus បានពណ៌នាឆ្នាំ ២០២២ ថាជា «ឆ្នាំនៃអាកាសធាតុហួសហែត» ដែលនាំមកនូវរលកកម្ដៅក្ដៅ បំផុតនៅអឺរ៉ុប ទឹកជំនន់ដ៏សាហាវនៅប៉ាគីស្ថាន និងអូស្ត្រាលី ខណៈគ្រោះរាំងស្ងួតនៅគ្រប់ទ្វីបរបស់ពិភពលោកកាន់តែធ្ងន់ធ្ងរទៅៗ។
ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ប្រទេសភាគច្រើន បានយល់ព្រមកំណត់ការឡើងកម្ដៅផែនដីឱ្យនៅត្រឹម ១,៥ អង្សាសេ ប្រៀបធៀបនឹងសម័យមុនបដិវត្តន៍ឧស្សាហកម្ម។ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(IPCC)បានថា ប្រសិនបើកម្ដៅផែនដីរបស់កើន លើសកម្រិតដែលបានព្រមព្រៀង នោះនឹងធ្វើឱ្យផលប៉ះពាល់ អាកាស ធាតុកាន់តែអាក្រក់ទៅ ខណៈពិភពលោកសព្វថ្ងៃបាន រងគ្រោះធ្ងន់ធ្ងរស្រាប់ហើយដោយសារខ្យល់ព្យុះ គ្រោះរាំងស្ងួត និងរលកកម្ដៅជាដើម។ អ.ស.ប. ផ្ទាល់កាលពីឆ្នាំមុន ក៏បាន ព្រមាន ថា ពិភពលោកកំពុងឆ្ពោះទៅរកមហន្តរាយអាកាសធាតុ ដែលទាមទារឱ្យមានសកម្មភាពជាបន្ទាន់៕ ដោយ៖ ហួន ឌីណា