ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ រក្សាការព្យាករណ៍កំណើន សេដ្ឋកិច្ចពិភពលោក ២,៧ ភាគរយសម្រាប់ឆ្នាំ ២០២៣

អាមេរិក៖ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) លោកស្រី Kristalina Georgieva លើកឡើងថា ស្ថាប័នផ្ដល់ប្រាក់ កម្ចី ដ៏ធំមួយនេះមិនរំពឹងថានឹងបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោករបស់ខ្លួន នៅអត្រា ២,៧ ភាគរយសម្រាប់ឆ្នាំ ២០២៣ នោះទេ ដោយលោកស្រីកត់សម្គាល់ពីការធ្លាក់ចុះមកវិញនៃ តម្លៃ ប្រេង និងទីផ្សារការងាររឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទោះបីជាបែបនេះក៏ដោយ លោកស្រី Georgieva បានថ្លែង ប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ IMF នៅក្រុង វ៉ាស៊ីនតោន កាលពីថ្ងៃសុក្រថា ឆ្នាំ ២០២៣ នឹងនៅតែជាឆ្នាំដ៏ លំបាកមួយទៀតសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈអតិផរណា នៅតែស្ថិតក្នុងអត្រាខ្ពស់។លោកស្រីមិនរំពឹងថាវានឹង ក្លាយជា ឆ្នាំនៃការធ្លាក់ចុះជាបន្តបន្ទាប់ ដូចអ្វីដែលកើតមានក្នុងឆ្នាំ ២០២២ នោះទេ។

លោកស្រី Georgieva បានថ្លែងយ៉ាងដូច្នេះថា៖ «កំណើន សេដ្ឋកិច្ច នៅតែបន្តថយចុះនៅឆ្នាំ ២០២៣ ។ រូបភាពវិជ្ជមាន ជាងនេះនោះគឺ ភាពមាំផ្នែកទីផ្សារការងារ។ ឱ្យតែមនុស្សមានការងារធ្វើ ទោះតម្លៃខ្ពស់ក៏មនុស្សចំណាយ ហើយវាជួយដល់ដំណើរការរបស់សេដ្ឋកិច្ច»។
ប្រធាន IMF ដដែលថា IMF មិនរំពឹងថានឹងមានការ ធ្លាក់ចុះ គួរ ឱ្យកត់សម្គាល់ណាមួយឡើយ ហើយនោះគឺជាដំណឹងល្អ។

លោកស្រីថា ការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ធ្លាក់ ចុះដល់កម្រិតទាប ប៉ុន្តែឡើងទៅវិញនៅចុងឆ្នាំ២០២៣ និង ឈានចូលឆ្នាំ ២០២៤។

លោកស្រី Georgieva ក៏បានលើកឡើងផងដែរថា មានក្តី សង្ឃឹមជាច្រើនថាចិន ដែលធ្លាប់រួមចំណែកប្រហែល ៣៥-៤៥ ភាគរយនៃកំណើនសេដ្ឋកិច្ចពិភពលោក នឹងរួមចំណែកជាថ្មីម្តង ទៀតលើកំណើននេះ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ ទៅ។ ប៉ុន្តែលោកស្រីបន្តថា លទ្ធផលបែបនោះកើតឡើងលុះត្រាតែ ទីក្រុង ប៉េកាំងមិនផ្លាស់ប្តូរទិសដៅ ដោយនៅតែបន្តបោះបង់ចោល នូវគោលនយោបាយសូន្យកូវីដដ៏តឹងរឹង ដែលខ្លួនទម្លាក់ចោល កាលពីដើមខែធ្នូ។ បន្ថែមពីលើនេះ លោកស្រី Georgieva បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ច ដ៏ធំបំផុតរបស់ពិភពលោក នឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចធន់ ស្រាល។

ទោះបីជាយ៉ាងនេះក៏ដោយ លោកស្រី Georgieva បានលើក ឡើងផងដែរថា ភាពមិនប្រាកដប្រជាដ៏សំខាន់ៗនៅតែបន្ត កើនឡើង ដោយរួមមានទាំងព្រឹត្តិការណ៍ធំៗ ដូចជាបញ្ហាអាកាស ធាតុ ការវាយប្រហារតាមអ៊ិនធឺណិត ឬការកើនឡើងកាន់តែខ្លាំង នៃភាព តានតឹងសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ឧទាហរណ៍ តាមរយៈការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាដើម។ មិនត្រឹមតែប៉ុណ្ណេះ លោកស្រីបានលើកឡើងពីការព្រួយបារម្ភ អំពីភាពចលាចលសង្គមដែលកំពុងកើនឡើងនៅក្នុងប្រទេសប្រេស៊ីល ប៉េរូ និងប្រទេសដទៃទៀត ហើយបន្ថែមផងដែរថា ផលប៉ះពាល់នៃការរឹតបន្តឹងនយោបាយហិរញ្ញវត្ថុនៅតែមិនច្បាស់លាស់។

គួរគូសបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុនការលើកឡើងរបស់ លោកស្រី Georgieva ធនាគារពិភពលោកបានព្រមានថា ពិភពលោកអាចនឹងធ្លាក់ទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២៣ ដោយសារតែការដំឡើងអត្រាការប្រាក់ខ្ពស់របស់ធនាគារកណ្តាលដើម្បីទប់ទល់នឹងអតិផរណា ការបន្តអូសបន្លាយនៃសង្គ្រាមនៅ អ៊ុយក្រែន និងការថយចុះរបស់ប្រទេសមានសេដ្ឋកិច្ចធំៗជាដើម។ ធនាគារបានបន្ទាបការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២៣ របស់ខ្លួនពី ៣,០ ភាគរយកាលពីលើកមុន មកត្រឹម ១,៧ ភាគរយនៅលើកនេះ៕ ដោយ៖ ហួន ឌីណា

ads banner