យុវជនពីររូបសហការគ្នាបង្កើតយុទ្ធនាការប្រមូលសំរាមបានជាងមួយម៉ឺនតោន
ភ្នំពេញ៖សំរាមជាពិសេសប្លាស្ទិកជាប្រភពបំពុលដ៏សំខាន់ដោយ វាជាប្រភេទសំរាមមិនងាយរលាយ ហើយវានឹងប៉ះពាល់ដល់ផ្ទៃដី ឬទឹកដែលវាស្ថិតនៅ ហើយនៅក្នុងការរស់នៅប្រចាំថ្ងៃ ភាគច្រើន ត្រូវការប្រើប្រាស់ប្លាស្ទិកនេះដោយចាំបាច់តែម្ដង ដូច្នេះហើយ បញ្ហាបំពុលគឺនៅតែមាន។

ការដែលចង់លុបបំបាត់ការប្រើប្រាស់ប្លាស្ទិក ពិតជារឿងមួយ ដែលពិបាកនឹងទៅរួចណាស់ ដោយសារតែប្លាស្ទិកមានតម្លៃទាប ហើយងាយស្រួលក្នុងការប្រើប្រាស់ ម្យ៉ាងទៀត ប្រជាជនក៏មាន ទម្លាប់ក្នុងការប្រើប្រាស់វាទៅហើយ។ មិនតែប៉ុណ្ណោះ វត្ថុធាតុដើម ផ្សេងទៀតដែលគេចង់យកមកប្រើប្រាស់ជំនួសប្លាស្ទិកក៏មិនមានគ្រប់នឹងតម្រូវការទៅទៀត ដូច្នេះ តិច ឬច្រើនប្លាស្ទិកនៅតែមាន វត្តមានក្នុងជីវិតប្រចាំថ្ងៃ។

ដោយមើលឃើញពីបញ្ហានេះ យុវជនពីររូបបានសហការគ្នាបង្កើត ជា យុទ្ធនាការមួយដោយពួកគេដាក់ឈ្មោះថា «មួយជំហាន គ្មានប្លាស្ទីក»។ យុទ្ធនាការធ្វើឡើងដើម្បីបញ្រ្ជៀបការយល់ ដឹងពីផលប៉ះពាល់ នៃប្លាស្ទិកដែលត្រូវបានបោះចោល និង រកវិធីកាត់បន្ថយការប្រើប្រាស់តាមដែលអាចធ្វើទៅបាន។
«មួយជំហានគ្មានប្លាស្ទិក» សំដៅលើជំហានតូចមួយដើម្បីឈាន ទៅរកបរិស្ថានដែលមិនមាន ប្លាស្ទិក។ ដោយហេតុថាវាជារឿងលំបាកក្នុងការកាត់បន្ថយនូវប្លាស្ទិកទាំងស្រុង ការចាប់ផ្ដើមពីជំហាន តូចៗទៅ គឺជារឿងល្អបំផុត ហើយ ជាពិសេស អ្នកប្រើប្រាស់ខ្លួនឯងបានយល់ដឹងអំពីផល ប៉ះពាល់ នៃការចោលសំរាមជាដើម។ យុទ្ធនាការនេះផងដែរ ទទួល បាន ការគាំទ្រពីក្រុមហ៊ុន All Dream Cambodia។

កញ្ញា វីរៈ មូនីកា ដែលជាសហស្ថាបនិកយុទ្ធនាការ មួយជំហាន គ្មានប្លាស្ទិកបានឱ្យដឹងថា យុទ្ធនាការ របស់ខ្លួនត្រូវបានបង្កើត ឡើងកាលពីខែកក្កដា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្ន។ កន្លងមក យុទ្ធនាការនេះបានបង្កើតជាកម្មវិធីប្រមូលសំរាម នៅតាមខេត្តគោលដៅទេសចរណ៍របស់កម្ពុជាចំនួនបួនខេត្តរួចមកហើយ។
កញ្ញា វីរៈ មូនីកា បានប្រាប់ថា ៖ «កន្លងមកមានដូចជាខេត្តកែប សៀមរាប ក្រចេះ និងរាជធានីភ្នំពេញ ហើយយើងនឹងមាន គោលដៅបន្ទាប់ទៅខេត្តផ្សេងៗទៀត…យើងក៏បានសហការជាមួយក្រុមហ៊ុនមួយចំនួនដើម្បីយកសំរាមដែលប្រមូលបានទៅកែច្នៃដើម្បីប្រើប្រាស់ឡើងវិញផងដែរ»។

ចំណែកឯកញ្ញា ថោង ហុងអ៊ីង ដែលជាសហស្ថានិកមួយរូប ទៀតបានឱ្យដឹងដែរថា ក្នុងមួយយុទ្ធនាការ ក្រុមកញ្ញា តែង បានទទួលអ្នកចូលរួមកាន់តែច្រើន ហើយក៏មានលទ្ធភាពអាច ប្រមូលសំរាមបានច្រើនដូចគ្នា។
កញ្ញា ថោង ហុងអ៊ីង ៖ «យុទ្ធនាការយើងធ្វើនៅកែបលើកទី១ យើងរើសបាន៥០០គីឡូក្រាម ហើយយុទ្ធនាការទី២ ដែល យើងធ្វើនៅខេត្តសៀមរាប ពួកយើងប្រមូលបាន ១.២០០គីឡូ យុទ្ធនាការទី៣ធ្វើឡើងនៅខេត្តក្រចេះ ពួកយើងរើសបាន ៥០០គីឡូ ហើយយុទ្ធនាការទី៤ គឺមានអ្នកចូលរួមរហូតទៅដល់ ៧០០នាក់ និងបានប្រមូលសំរាម ១ម៉ឺនតោន»។

សម្រាប់អ្នកចូលរួមវិញ កញ្ញាបានកត់សម្គាល់ឃើញពីការ ប្រែ ប្រួលឥរិយាបថរបស់ពួកគេ ដោយមួយ ភាគធំបានទៅឃើញ ផ្ទាល់នូវសំរាមជាច្រើនប្រភេទ ហើយដែលទាំងអស់នោះគឺចេញ ពីការប្រើប្រាស់ ប្រចាំថ្ងៃនោះឯង។
សហស្ថាបនិករូបនេះបានបន្តថា ៖ «អ្នកចូលរួមមួយ ចំនួន បាន ចាប់អារម្មណ៍ និងសួរយោបល់ពីពួកយើង ថាតើពួក គេអាច ធ្វើយ៉ាងណាដើម្បីអាចកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបាន ហើយអ្វីដែលពួកយើងណែនាំគឺឱ្យប្រើប្រាស់ដបទឹក កាបូប បរិស្ថាន ទុយោទឹកបរិស្ថានជាដើម»។
តាមរយៈសកម្មភាពទាំងបួនលើកនេះ កញ្ញាសង្ឃឹមថាគ្រប់គ្នា អាចចូលរួមជាចំណែកតូចៗមួយដែលដូចទៅនឹងឈ្មោះរបស់យុទ្ធនាការកញ្ញាគឺ «មួយជំហានគ្មានប្លាស្ទិក»។ មួយជំហាននេះអាចជាការកាត់បន្ថយ ដោយនិយាយថាទេ ចំពោះ ការប្រើប្រាស់ប្លាស្ទីក ហើយអាចប្រាប់ទៅមិត្តភក្កិ ដោយណែនាំ ជាហាងដែលពួកគេអាចទិញសម្ភារៈបរិស្ថាន។
ថ្វីបើសកម្មភាពទាំងនេះមិនបានកាត់បន្ថយ ឬរើសសំរាមបាន ទាំងអស់ ប៉ុន្តែយ៉ាងហោចណាស់ យុវជនទាំងពីររូបនេះបានរួម ចំណែកមួយក្នុងការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងការមានទំនួលខុស ត្រូវលើការប្រើប្រាស់ប្លាស្ទីក ដែលយូរៗទៅ ឥរិយាបថរបស់ ប្រជាជនអាចនឹងមានការផ្លាស់ប្ដូរបន្តិច ម្ដងៗ ប្រៀបបានទៅនឹង ការ ចាក់ទឹកលើថ្ម ដែលយូរទៅថ្មគង់តែសឹកនោះឯង។

យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅឆ្នាំ ២០២២ សំរាមដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា បាន កើនឡើងជាង៤លានតោននៅក្នុងមួយឆ្នាំៗ ហើយក្នុងមួយថ្ងៃ សំរាមមានជាងមួយម៉ឺនតោន ហើយកម្រិតនៃការកើនឡើង សំណល់ រឹងសំរាមនៅប្រទេសកម្ពុជា គឺមានចន្លោះពី ១០ ទៅ ១៥ ភាគរយនៅក្នុង មួយឆ្នាំ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានឯកឧត្តម នេត្រ ភក្ត្រា ធ្លាប់បានប្រាប់ឱ្យដឹងថា ក្នុងចំណោមសំរាម ១០០ ភាគរយ គឺមានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅ ចាក់ នៅលើលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយ ប៉ាយតាមទៅតាំងផ្សេង ឬនៅប្រភពទឹក ឬនៅតាមសាធារណៈ ដែលនេះជាកិច្ចការងារបន្ត។
ឯកឧត្តមបញ្ជាក់ថា ៖ «ក្នុងនាមក្រសួងបរិស្ថានបានរៀបចំ នូវគោលនយោបាយ និងជំរុញបន្ថែមសហការជាមួយអាជ្ញាធរ ថ្នាក់ក្រោមជាតិដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងសំរាមធ្វើម៉េចឱ្យមានការរៀបចំទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត»៕ ដោយ៖ កែវ បុស្បា