សម្ដេចតេជោ ហ៊ុន សែន រំពឹងដំណើរទស្សកិច្ចទៅចិនក្នុងខែ កុម្ភៈខាងមុខនឹងទទួលបានកិច្ចសហប្រតិបត្តិការបន្ថែម

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រំពឹង ទទួល បានកិច្ចសហប្រតិបត្តិការនានាបន្ថែមពីប្រទេសចិន តាមរយៈ ដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅខែកុម្ភៈ ខាងមុខ ជាពិសេសការគាំទ្រដល់គម្រោងហេដ្ឋា រចនា សម្ព័ន្ធផ្លូវដែកសម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿន របស់កម្ពុជា។
នាពិធីជួបជុំសំណេះសំណាលអ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាល កម្ពុជាបានប្រាប់ពីក្តីរំពឹងរបស់សម្ដេចជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋប្រជាមានិតចិនថាសម្ដេចតេជោសង្ឃឹមនឹងទទួលបានការគាំទ្រលើកិច្ចសហប្រតិបត្តិការបន្ថែមពីភាគីចិន ជាពិសេស គម្រោងផ្លូវដែក។

ឆ្លើយតបនឹងសំណួររបស់អ្នកកាសែត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់ថា លោកនឹងទៅបំពេញទស្សនកិច្ច ផ្លូវរដ្ឋនៅប្រទេសចិននៅថ្ងៃទី១០ដល់ថ្ងៃទី១១ ខែកុម្ភៈ ខាងមុខ ក្រោយការសម្របសម្រួលសារជាថ្មី ដែលទទួលបានការកំណត់ ជាពិសេសពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅចំខួបដែល សម្ដេចតេជោ ហ៊ុន សែន ធ្លាប់ទៅបំពេញទស្សនកិច្ចកាល ពីឆ្នាំ២០២០ អំឡុងពេលផ្ទុះការរីករាលដាលជំងឺឆ្លងកូវីដ១៩ផង និងចំខួបទំនាក់ទំនងកម្ពុជា-ចិន លើកទី៦៥ ផង។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីក្តីរំពឹងរបស់លោកសម្រាប់ ដំណើរ ទស្សនកិច្ចលើកនេះ ៖ «ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់ ខ្ញុំនៅពេលខាងមុខ នឹងមានគម្រោងថ្មីៗ ថែមទៀត ដែលយើង ត្រូវពឹងពាក់ពីមិត្តចិន ដើម្បីអភិវឌ្ឍកម្ពុជា ក្នុងនោះយើងក៏នឹង រៀបចំទៅនឹងគម្រោងទាក់ទងនឹងផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ តែផ្លូវយើងមិនអាច ប្រើប្រាស់ទាន់ពេលទេ»។
សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា មិត្តភាពកម្ពុជាចិនបាន ឈានដល់ទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ឈរលើ ជោគវាសនាតែមួយ នៅក្នុងក្របខណ្ឌសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ(BRI) ដែលជាមិត្តដែកថែប។

ពាក់ព័ន្ធនឹងបញ្ហានេះលោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា ជុំវិញដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិននៅខែកុម្ភៈខាងមុខ នឹងជំរុញដល់ទំនាក់ទំនងបន្ថែម ទៀត ទៅលើកិច្ចសហប្រតិបត្តិកម្ពុជានិងចិន ដែលកំពុងមានស្ថានភាព ល្អស្រាប់ ទាំងទិដ្ឋភាពនយោបាយនិងការទូត ខណៈទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរស្ថិតក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តយគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប។
តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលពីរវាងភាគីកម្ពុជានិងចិនញឹកញាប់នេះ នឹងជំរុញដល់ដល់កិច្ចសហ ប្រតិបត្តិ ការលើគ្រប់វិស័យ ជាពិសេសលើផ្នែកពាណិជ្ជកម្ម ដែលការវិនិ យោគរបស់ចិនមានការកើនឡើងខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ និងជំនួយលើហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផង។
លោកបណ្ឌិតគិន ភា បន្តថា ៖ «កិច្ចសហប្រតិបត្តិទាក់ទង នឹងហេដ្ឋារ ចនាសម្ព័ន្ធរូបវ័ន្តរវាងកម្ពុជានិងចិន គឺមានផ្លូវ ស្ពាន ព្រលានយន្តហោះ កំពង់ផែ ផ្លូវល្បឿនលឿននៅពេលថ្មីៗនេះ បើសិនជាចិនជួយបានលើផ្លូវរថភ្លើងមួយទៀត ខ្ញុំគិតថា ជា ការជួយដ៏គ្រប់ជ្រុងជ្រោយលើការតភ្ជាប់ផ្ទៃក្នុងកម្ពុជា និងការ តភ្ជាប់ទៅតំបន់ផងដែរ»។

ជុំវិញការព្រួយបារម្ភលើអន្ទាក់បំណុលចិនមកលើកម្ពុជាពីរង្វង់សាធារណមតិ លោកបណ្ឌិត គិន ភា ថាជាការព្រួយបារម្ភជ្រុល ខណៈពិដានបំណុលកម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ហើយបំណុលបរទេសសម្រាប់កម្ពុជា មិនមែនមាន តែចិន ប៉ុណ្ណោះទេ មានពីបណ្តាប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងៗទៀត ពីធនាគារអភិវឌ្ឍអាស៊ី(ADB) ធនាគារពិភពលោក(World Bank) ពីសហភាពអឺរ៉ុប ជាដើម។ លោកបន្ថែមថា អ្វីដែលគួរយក ចិត្តទុកដាក់នោះ គឺប្រសិទ្ធភាពនៃការប្រើប្រាស់ឥណទាន ដែលប្រកបដោយតម្លាភាព និងនិរន្តរ៍ភាពទៅវិញទេ។

លោក គិន ភា បញ្ជាក់ថា ជំនួយសន្ធឹកសន្ធាប់របស់ចិនមក កម្ពុជា មិនបានជះឥទ្ធិពលអវិជ្ជមាន ឬល្អក់កករជាមួយប្រទេសផ្សេងៗ ទៀត ឡើយ។ កម្ពុជាបានបើកចំហទ្វារការទូត និងវិនិយោគទុន ពីគ្រប់ប្រទេស។
លោក រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក៏បានលើកឡើងដែរថា ជំនួយរបស់ចិនជាមួយគម្រោងគំនិតផ្តួច ផ្តើមផ្លូវសូត្រ (BRI) របស់ចិននេះអាចជួយ ឱ្យមានកំណើន សេដ្ឋកិច្ចកម្ពុជា ព្រោះជាការរីកលូតលាស់របស់ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត ប៉ុន្តែថា វានឹងមិនមានចីរភាពឡើយ បើសិនជាខ្វះ អភិបាលកិច្ចល្អ។
ជុំវិញទស្សនៈលើអន្ទាក់បំណុល ចិនលើកម្ពុជា លោករ៉ូ វណ្ណៈ បានថ្លែងថា ៖ «លទ្ធភាពអាចកើតមានឡើងក្នុងរយៈពេលយូរ ឆ្នាំបន្តិច ប្រសិនបើ មិនអាចមានយន្តការ និងវិធានការធានានូវ គោលការណ៍អភិបាលកិច្ចល្អនៃការគ្រប់គ្រងបំណុលកម្ចី និងការប្រើប្រាស់កម្ចី និងបំណុលទាំងនោះមានប្រសិទ្ធភាព ប្រកបដោយគណនេយ្យភាព និងមិនបានត្រឹមត្រូវ»។
សូមរំឭកថា ជុំវិញគម្រោងដំណើរទស្សនកិច្ចនេះ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន ឆ្លងទន្លេមេគង្គខេត្តក្រចេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហើប ពីគម្រោងរបស់សម្ដេចទៅបំពេញទស្សនកិច្ចនៅចិននេះដែរ ដើម្បីជួបចរចានឹងភាគីចិន ក្នុងការសម្របសម្រួលគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀត ក្នុងនោះក៏ មានផ្លូវល្បឿនលឿន ពីភ្នំពេញទៅក្រុងបាវិតផង៕
ដោយ៖សំបាន ច័ន្ទដារ៉ា

ads banner