យ៉ាងហោចណាស់មនុស្ស ៦៨នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ក្នុងរយៈពេល ៣០ ឆ្នាំ

កាតាម៉ាន់ឌូ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៨ នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ នៅពេលដែលជើងហោះហើរក្នុងស្រុកមួយបានធ្លាក់ នៅទីក្រុង ប៉ូខារ៉ា (Pokhara ) ជាការធ្លាក់យន្តហោះដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ទសវត្សរ៍នៅក្នុងប្រទេសតូចមួយនៃភ្នំហិមាល័យមួយនេះ។

ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ នៅលើភ្នំជាកន្លែងដែលជើងហោះហើរ Yeti Airlines ដែលដឹកមនុស្សចំនួន៧២ នាក់ពីរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) បានធ្លាក់ចុះ។

ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា ក្រុមអ្នកជួយសង្គ្រោះដើរជុំវិញផ្នែកដែលខូចនៃយន្តហោះ ខណៈដែលទីតាំងដីមួយចំនួននៅជិតកន្លែងធ្លាក់យន្តហោះត្រូវបានឆាបឆេះ ដោយមានអណ្តាតភ្លើងអាចមើលឃើញ។ អាជ្ញាធរអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះបានទាក់ទងជាមួយព្រលានយន្តហោះ នៅម៉ោង ១០៖៥០ ព្រឹក មុនពេលធ្លាក់។

ការធ្លាក់នេះគឺជាអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ ។ រម្លឹកថា កាលពី៣០ឆ្នាំមុន យន្តហោះ អ៊ែរបឺស អេ៣០០ (Airbus A300) របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់ចូលទៅក្នុងជម្រាលភ្នំនៅពេលឆ្ពោះទៅកាន់ទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សទាំង១៦៧ នាក់ នៅលើយន្តហោះ៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner