បេឡារូសនឹងចាប់ផ្ដើមសមយុទ្ធទ័ពអាកាសជាមួយរុស្ស៊ី
បេឡារូស៖ ប្រទេសបេឡារូសបានអះអាងថា សមយុទ្ធទ័ព អាកាស របស់ខ្លួនជាមួយរុស្ស៊ីនឹងចាប់ផ្ដើមនៅថ្ងៃចន្ទដើម្បីជាការត្រៀមសម្រាប់បេសកកម្មប្រយុទ្ធដែលអាចកើតមាន ខណៈកំណើនសកម្មភាព យោធាបែបនេះកើតឡើងចំពេលដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ទីក្រុងម៉ូស្គូកំពុងជំរុញទីក្រុងមីនស្ក៍ចូលរួមធ្វើសង្រ្គាម នៅ អ៊ុយក្រែន។
អនុរដ្ឋលេខាធិការទី១នៃក្រុមប្រឹក្សាសន្តិសុខបេឡារូសលោក Pavel Muraveyko បានថ្លែងក្នុងសារដែលបង្ហោះនៅលើបណ្ដាញសារ តេឡេក្រាមកាលពីថ្ងៃអាទិត្យថា៖ «សមយុទ្ធនេះគឺជាការ ពង្រឹង សមត្ថភាពផ្នែកការពារជាតិ»។ លោកបន្តថា៖ «វានឹងក្លាយជា សំណុំវិធានការរៀបចំដែនអាកាសរបស់យើង ក៏ដូចជារុស្ស៊ី ដើម្បី អនុវត្តបេសកកម្មប្រយុទ្ធដែលពាក់ព័ន្ធ»។
លោក Muraveyko បានបន្ថែមថា សមយុទ្ធដែលនឹងមានរយៈ ពេល រហូតដល់ថ្ងៃទី ០១ ខែកុម្ភៈនេះ រួមបញ្ជូលទាំងការបណ្តុះបណ្តាល ផ្នែកស៊ើបការណ៍តាមអាកាស ការបង្វៀងការវាយប្រហារតាមអាកាស ការការពារដែនអាកាសលើការទំនាក់ទំនង និងឧបករណ៍យោធា ផ្សេងៗទៀត។
ក្នុងសេចក្ដីថ្លែងការណ៍ពីថ្ងៃអាទិត្យដដែល លោក Muraveyko បានអះអាងថា ស្ថានភាពនៅតាមព្រំដែនភាគខាងត្បូងរបស់ប្រទេស ជាប់នឹងអ៊ុយក្រែនគឺ «មិនស្ងប់ស្ងាត់ខ្លាំងនោះទេ» ហើយថា អ៊ុយក្រែន បានបង្ករឿងដល់បេឡារូស។ លោកថា៖ «យើងកំពុងរក្សាការគ្រប់ គ្រង ខ្លួនឯង និងអត់ធ្មត់។ យើងមានកងកម្លាំងចាំបាច់ និង មធ្យោបាយដែលនឹងឆ្លើយតបទៅនឹងការបង្ហាញណាមួយនៃការឈ្លានពានឬការគំរាមកំហែងភេរវករនៅលើទឹកដីរបស់យើង»។
ស្រដៀងនឹងការលើកឡើងបែបនេះដែរ មន្រ្តីក្រសួងការពារជាតិ រុស្ស៊ី ថ្លែងកាលពីថ្ងៃសុក្រថា សមយុទ្ធជាមួយបេឡេរូស ធ្វើឡើងដើម្បី «ការពារការឈ្លានពានរបស់អ៊ុយក្រែនលើបេឡារូសឬរុស្ស៊ី»។
ទោះបីជាយ៉ាងណាក៏ដោយ ការបង្កើនសកម្មភាពយោធានៅ បេឡារូស នាពេលនេះ បានរំឭកឡើងវិញនូវអ្វីដែលកើតឡើងមុនការឈ្លានពាន អ៊ុយក្រែនថ្ងៃ ២៤ កុម្ភៈរបស់រុស្ស៊ី ដែលប្រើទឹកដីបេឡារូសដើម្បីចាប់ ផ្ដើម ការវាយប្រហារអ៊ុយក្រែនពីភាគខាងជើង។
ប្រការនេះបង្កឱ្យមានការភ័យខ្លាចនៅក្នុងទីក្រុងកៀវ និងសម្ព័ន្ធមិត្ត លោកខាងលិចថា រុស្ស៊ីអាចប្រើប្រាស់សម្ព័ន្ធមិត្តប្ដូរផ្ដាច់បេឡារូស ដើម្បីធ្វើការវាយលុកអ៊ុយក្រែនពីភាគខាងជើងជាថ្មី។
កន្លងមក អ៊ុយក្រែនបានព្រមានជាបន្តបន្ទាប់អំពីលទ្ធភាពនៃការ វាយប្រហារពីបេឡារូស ហើយលោកប្រធានាធិបតីលោក វ្លូឌីមៀរ ហ្សេលេនស្គី បានថ្លែងកាលពីសប្ដាហ៍មុនថា អ៊ុយក្រែនត្រូវតែត្រៀម ខ្លួន ជា ស្រេចនៅតាមបណ្ដោយព្រំដែនជាប់បេឡារូស។
ជុំវិញការព្រួយបារម្ភបែបនេះ វិមានក្រឹមឡាំងបានបដិសេធថា ខ្លួនមិនបានដាក់សម្ពាធលើប្រធានាធិបតីបេឡារូស លោក Alexander Lukashenko ឱ្យដើរតួនាទីកាន់តែសកម្ម នៅក្នុង ជម្លោះនៅអ៊ុយក្រែននោះទេ ខណៈទីក្រុងមីនស្គ៍ក៏ច្រានចោលពី ចេតនាព័ន្ធខ្លួនចូលសង្រ្គាម។
មុនការឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំចាប់ផ្ដើមឡើង រុស្ស៊ីក៏ បានបដិសេធដូចគ្នាថាសកម្មភាពយោធាបែបនេះនឹងមិនកើតឡើងនោះទេ។ ហើយគួរកត់សម្គាល់ទៀតថា ចាប់តាំងពីសង្គ្រាមរបស់ រុស្ស៊ីចាប់ផ្តើមមក បេឡារូសបានធ្វើសមយុទ្ធយោធា ជាច្រើនលើក ច្រើនសារ រួមទាំងសមយុទ្ធទ្រង់ទ្រាយធំនៅចុងខែសីហា និងសម យុទ្ធតូចៗដោយខ្លួនឯង ឬរួមជាមួយរុស្ស៊ីផ្សេងៗទៀត។ បន្ថែមពីនេះ ទីក្រុងមីនស្ក៍ ក៏បាននិងកំពុងបន្ថែមសព្វាវុធ និងឧបករណ៍យោធា ទៅក្នុងសមយុទ្ធផងដែរ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Belarus, Russia to start ‘defensive in nature’ air force drills, Minsk says