មន្ត្រីជាន់ខ្ពស់ គ.ជ.ប៖ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអះអាងថា ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។ ការអះអាងនះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានប្រកាសថា គណបក្សភ្លើងទៀន នឹងពិចារណាអំពីលទ្ធភាពនៃការចូលរួមបោះឆ្នោតជាតិខាងមុខ ប្រសិនបើសកម្មភាពគំរាមកំហែងនៅតែបន្តកើតមានលើគណបក្សភ្លើងទៀន។

ឯកឧត្តម សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី១៦ ខែមករានេះថា ការចូលរួម ឬមិនចូលរួមរបស់គណបក្សនយោបាយដើម្បីប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ គឺជាសិទ្ធិរបស់គណបក្សនយោបាយ ពីព្រោះគណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មានសិទ្ធិក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា “កន្លែងនេះ យើងមិនអាចទៅបង្ខំ ឬទៅណែនាំគាត់ឱ្យចូលរួមកាប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ ដោយសារច្បាប់កំណត់អំពីសិទ្ធិរបស់គណបក្សនយោបាយដែលចង់ចូលរួម ឬមិនចូលរួម”។

អគ្គលេខាធិការរងបានបញ្ជាក់ថា ការលើកឡើងរបស់គណបក្សភ្លើងទៀនថា គាត់អាចនឹងពិចារណា មិនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឧទាហរណ៍ថា គាត់មិនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏មិនបានធ្វើឱ្យដំណើរការនៃការបោះឆ្នោតជួបប្រទះបញ្ហាអ្វីដែរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានកំណត់កាលបរិច្ឆេទដែលត្រូវរៀបចំ គឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ៥ឆ្នាំម្តងនៃការបផះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានអនុវត្តតាមការគ្រោង។ ការចូលរួម ឬមិនចូលរួមរបស់គណក្សនយោបាយ គឺជាសិទ្ធិ។ ការមិនចូលរួមរបស់គណបក្សនយោបាយណាក៏ដោយ រួមទាំងគណបក្សភ្លើងទៀន ក៏មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការទូទៅនៃការរៀបចំការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនោះទេ។

ប្រភពដដែលបានបន្តថា ការពង្រឹងនីតិរដ្ឋគឺសំដៅឱ្យគ្រប់ភាគីបាក់ព័ន្ធទាំងអស់ រួមទាំងគណបក្សនយោបាយផងដែរត្រូវតែគោរព និងអនុវត្តច្បាប់។ ក្នុងក្របខណ្ឌនៃការអនុវត្តច្បាប់បោះឆ្នោត គ.ជ.ប នឹងពង្រឹងការអនុវត្តរបស់ខ្លួនលើមូលដ្ឋានច្បាប់ជាធរមាន ហើយក៏នឹងចាត់វិធានការចំពោះអំពើល្មើសទាំងឡាយណាដែលរំលោភលើច្បាប់បោះឆ្នោត ដោយគ្មានការលើកលែង៕
ដោយ៖ពលជ័យ

ads banner