បារាំងប្តេជ្ញាខិតខំបណ្តុះបណ្តាលកងកម្លាំងកម្ពុជា ដើម្បី សម្រេច គោលដៅកម្ពុជាគ្មានមីនក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ យោធាចារ្យនៃកងទ័ពសាធារណរដ្ឋបារាំងបានបង្ហាញ ការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ គោលដៅបោសសម្អាតគ្រាប់មីនដែលនៅសល់ឱ្យអស់ត្រឹមឆ្នាំ២០២៥ ។ទន្ទឹមគ្នានេះដែរយោធាចារ្យនៃប្រទេសនេះ ក៏បាន ប្តេជ្ញាជួយដល់កម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅនេះ ផង ដែរ។
ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបរវាងប្រមុខ កងយោធាមួកខៀវកម្ពុជានិងយោធាចារ្យបារាំង កាលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
ប្រមុខកងយោធាមួកខៀវកម្ពុជា និងជាអនុប្រធានគណៈ កម្មាធិការជាតិ និងជាអគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សា សន្តិភាពឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែង អំណរគុណចំពោះបារាំង ដែលតែងបានផ្តល់វគ្គបណ្តុះបណ្តាល លើជំនាញជាច្រើនលើវិស័យរក្សាសន្តិភាព និងការបណ្តុះ បណ្តាលផ្នែកភាសាបារាំងឱ្យដល់កងយោធាមួកខៀវកម្ពុជានាពេលកន្លងមក។

ទន្ទឹមគ្នានេះឯកឧត្តមក៏បានស្វាគមន៍ចំពោះវត្តមានជាលើកទី២លើទឹកដីកម្ពុជារបស់យោធាចារ្យបារាំងទាំង២រូបក្នុងកិច្ចប្រឹងប្រែងចូលរួមបណ្តុះបណ្តាលបច្ចេកទេសជំនាញបោសសម្អាតមីនឱ្យដល់កងយោធាកម្ពុជាសំដៅបង្កើនកម្រិតសមត្ថភាពកងយោធពលខេមរភូមិន្ទលើវិស័យបោសសម្អាតមីនទាំងក្នុងប្រទេសនិងតាមបណ្តាតំបន់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
នាជំនួបនេះដែរ លោក ប៉ូលេ យ៉ាន(POLLET Yann) ប្រធាន ក្រុមយោធាចារ្យនៃសាធារណរដ្ឋបារាំងបានឱ្យដឹងតាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថា ៖ «នេះជាលើកទី២ហើយ ដែល ក្រុមយោធាចារ្យបារាំងមានឱកាសចូលរួមបណ្តុះបណ្តាលវគ្គបោសសម្អាតមីន ដល់កងកម្លាំងមួកខៀវកម្ពុជា»។ យោធាចារ្យបារាំង ក៏បានប្តេជ្ញាខិត្តខំបណ្តុះបណ្តាល កងកម្លាំង កម្ពុជាឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញបេសកកម្មប្រកប ដោយប្រសិទ្ធភាពខ្ពស់ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជា ពិសេសការបោសសម្អាតមីននៅកម្ពុជា ឆ្ពោះទៅកាន់កម្ពុជា គ្មានមីនក្នុងឆ្នាំ២០២៥ថែមទៀត។

សូមបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល២៩ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូ ម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និង បង្កបង្កើនផល ក្នុងនោះ វិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមាន ការសាង សង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌល សុខភាព ជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ចំនួនជាងប្រាំពីរ លាន នាក់។
ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ នៅឆ្នាំ១៩៩៦ មកត្រឹម៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ។ ដោយមើលឃើញថា បញ្ហាមីននៅតែធ្វើឱ្យមានអ្នករងគ្រោះ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ យុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ខាងមុខ។
ដោយឡែក វគ្គបណ្តុះបណ្តាលជំនាញបោសសម្អាតមីនពី សំណាក់ ក្រុមយោធាចារ្យនៃសាធារណរដ្ឋបារាំង ដល់កងកម្លាំង កម្ពុជានាពេលនេះ គឺរៀបចំឡើងរយៈពេលបួនសប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១៦ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ។
យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺផ្តោតទាំងការសិក្សា ទ្រឹស្តី និងការ អនុវត្តផ្ទាល់ ដើម្បីបង្កើនសមត្ថភាពរបស់កងកម្លាំងមួកខៀវ កម្ពុជា លើជំនាញនានាទាក់ទងនឹងការងារបំពេញបេសកកម្ម អង្គការសហប្រជាជាតិ ដល់កងទ័ពកម្ពុជា សម្រាប់ត្រៀម ចេញ បំពេញបេសកកម្មជាដើម។
លោកស្រី កុសល ម៉ាលីនដា អ្នកនាំពាក្យមជ្ឈមណ្ឌល ជាតិ គ្រប់គ្រងកង កម្លាំងរក្សា សន្តិភាពបោសសំអាត គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ មិនអាចទាក់ទងសុំព័ត៌មានបន្ថែមបានទេ កាលពីថ្ងៃទី១៧ ខែមករា ដោយលោកស្រីមានបេសកកម្មនៅ ក្រៅប្រទេស។
ក្នុងឱកាសនេះ ភាគីកម្ពុជា-បារំាង បានបង្ហាញក្តីរំពឹងដែរថា ក្រោយវគ្គបណ្តុះបណ្តាលនេះ កងកម្លាំងមួកខៀវកម្ពុជា នឹង មានជំនាញលើការបោសសម្អាតមីនកាន់តែខ្លាំងជួយឱ្យសម្រេចយុទ្ធសាស្ត្រជាតិ“កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥» ជាពិសេស ក្លាយជាធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ដើម្បីបុព្វហេតុ សន្តិភាពកម្ពុជា ក៏ដូចជារក្សាសន្តិសុខដល់បណ្តាប្រទេសក្នុង សកលលោកថែមទៀត៕
ដោយ៖​​ សែម ពិសី

ads banner