សម្តេចតេជោ ហ៊ុន សែន ដាស់តឿនពលរដ្ឋត្រូវបន្តថែរក្សាសន្តិភាព (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានរំលឹកដាស់តឿនពលរដ្ឋជុំវិញការថែរក្សាសន្តិភាព ដោយមិនត្រូវឱ្យរបូតធ្លាក់ចូលក្នុងសង្គ្រាមវិញបានឡើយ។ ការដាស់តឿននៅក្នុងថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ បានធ្វើឡើងទន្ទឹមនឹងក្រុមធ្វើនយោបាយប្រឆាំង កំពុងរកវិធីផ្តួលរំលំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា។
សម្តេចតេជោបានថ្លែងថា ក្រុមធ្វើនយោបាយប្រឆាំងតែងតែរិះគន់ជាប់ជានិច្ច ដល់នយោបាយដឹកនាំប្រទេស និងរាល់ការធ្វើសកម្មភាពរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល។
កម្ពុជាចាប់តាំងពីចុងឆ្នាំ១៩៩៨ ដែលរំលត់ភ្លើងសង្គ្រាមក្នុងប្រទេសបានទាំងស្រុងក្រោម យុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះនោះមក គឺការចាប់ផ្តើមអភិវឌ្ឍន៍ប្រទេសក្រោម សន្តិភាពពិតប្រាកដ ទើបមានរយៈពេល២៥ឆ្នាំនេះទេ។
ក្នុងរយៈពេលធ្វើដំណើរ២៥ឆ្នាំមកនេះ មេខ្លោងក្រុមឧទ្ទាម និងបក្ខពួកដែលរស់នៅក្រៅស្រុក បានព្យាយាមរកវិធីផ្តួលរំលំស្ថាបនិកសន្តិភាពរបស់កម្ពុជា រាល់គ្រប់ល្បិចកលទុច្ចរិត ប៉ុន្តែនៅតែពួកគេមិនអាចផ្តួលរំលំបានឡើយ ។
នៅក្នុងការរៀបចំបោះឆ្នោតសកលថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ខាងមុខនេះទៀត, សម្តេចតេជោ ហ៊ុន សែន នៃស្ថាបនិកសន្តិភាពរបស់កម្ពុជា នឹងបន្តឈរឈ្មោះបោះឆ្នោតជានាយករដ្ឋមន្ត្រីខ្មែរអាណ្ណត្តិថ្មីថែមទៀត ដែលការឈរឈ្មោះរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវគេរំពឹងថា គឺជាការបញ្ចប់ភាពស្រមើស្រមៃរបស់ក្រុមឧទ្ទាម និងបក្ខពួកដែលចង់នាំកម្ពុជាពីសន្តិភាពធ្លាក់ចូលក្នុងសង្គ្រាមសាជាថ្មីឡើងវិញនោះ។