កម្ពុជាស្វាគមន៍ជើងហោះហើរពីប្រទេសចិនលើកដំបូង (Video Inside)
ជើងហោះហើរមកពីប្រទេសចិនបានចាប់ផ្តើមជាលើកដំបូងមកកាន់ព្រលានយន្តហោះអន្តរជាតិកងកេង នៃខេត្តព្រះសីហនុវិញ ជាមួយនឹងភ្ញៀវទេសចរចិនជាង១០០នាក់។ សាធារណរដ្ឋប្រជាមានិតចិន បានបើកព្រំដែនរបស់ខ្លួនសាឡើងវិញតាំងពីថ្ងៃទី៨ មករា ឆ្នាំ២០២៣ ជាមួយនឹងក្តីរំពឹងនៃប្រទេសមួយចំនួនក្នុងតំបន់ រួមទាំងកម្ពុជាផងដែរក្នុងការរកឱកាសទាក់ទាញដំណើរទេសចរណ៍ជនបរទេស ដើម្បីរកកំណើនសេដ្ឋកិច្ចជាតិ។
មន្ត្រីអាកាសចរណ៍កម្ពុជា បានថ្លែងថា ការទទួលជើងហោះហើរត្រង់លើកដំបូងពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណានតាមជើងយន្តហោះ រូលី អ៊ែ័រឡាយ Ruili Airline ចុះចតក្នុងអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៧ មករា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចិន សរុបចំនួន១០៤នាក់ និងមានក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត ដែលសរុប១២០ នាក់។ អ្នកធ្វើដំណើរបរទេសមកដល់ដំបូងនេះ ត្រូវបានទទួលការស្វាគមន៍ដោយរបាំឆៃយ៉ាំ ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថាគេមិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាច ធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។