លោក ចូ បៃដិន ច្រានចោលសំណើបញ្ជូនយន្តហោះ F-16s ដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនឡើយ ខណៈដែលទីក្រុងកៀវកំពុងព្យាយាមពង្រីកបញ្ជីសព្វាវុធ ដែលខ្លួនត្រូវការ ដើម្បីអាចរុញច្រានកងកម្លាំងរុស្ស៊ីចេញពីទឹកដី ដែលពួកគេកាន់កាប់នៅអ៊ុយក្រែនឱ្យបានកាន់តែលឿន។

ថ្លែងនៅឯសេតវិមាន លោក បៃដិន បានបញ្ជាក់យ៉ាងដូច្នេះថា លោកប្រឆាំងនឹងការផ្គត់ផ្គង់យន្តហោះចម្បាំងអាមេរិកដល់អ៊ុយក្រែន។ ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា “ទេ” នៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាននៅឯសេតវិមាន ថាតើគាត់ពេញចិត្តក្នុងការបញ្ជូនយន្តហោះ F-16 ឬផ្សេងទៀតដល់អ៊ុយក្រែនដែរឬទេ។

ទោះបីជាយ៉ាងណា ឥឡូវនេះទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងប្រទេសផ្សេងទៀតបានយល់ព្រម ក្នុងការបង្កើនឃ្លាំងអាវុធដល់អ៊ុយក្រែនតាមរយៈការផ្តល់រថក្រោះប្រយុទ្ធធុនធ្ងន់។ ប៉ុន្តែមេដឹកនាំអឺរ៉ុបបាននិយាយថា ពួកគេបើកចំហចំពោះគំនិតនេះ (ការផ្តល់យន្តហោះចម្បាំង) បើទោះបីជាអ៊ុយក្រែនមិនទាន់បានស្នើសុំជាផ្លូវការ នូវយន្តហោះចម្បាំងទំនើបៗពីសម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់សង្គ្រាមក៏ដោយ។

តួយ៉ាង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា គាត់នឹងមិនបដិសេធក្នុងការផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែននោះទេ ប៉ុន្តែបានព្រមានប្រឆាំងនឹងហានិភ័យនៃការកើនឡើងនៅក្នុងជម្លោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner