ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ស.ស.យ.ក ខេត្តកំពង់ចាម ដែលសម្រេចបានសមិទ្ធផលជាច្រើនក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ជាប្រធាន

កំពង់ចាម ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធិផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់ ឯកឧត្តម ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃឱ្យមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនឱ្យតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។

ឯកឧត្តម បន្ថែមថា សមិទ្ធិផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញឱ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក ឱ្យកាន់តែល្អប្រសើរថែមទៀត ។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានអញ្ជើញចូលរួមក្នុងឱកាសនោះដែរ ៕

ដោយ ៖ លី ពៅ

ads banner