ស.ស.យ.ក ដឹកនាំក្រុមសិល្បករកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេ (Video Inside)
ក្រុមសិល្បករ និងសិល្បការីនីរបស់កម្ពុជា បានប្តេជ្ញានឹងបង្ហាញឈុតឆាកសិល្បៈខ្មែរ ក្នុងព្រឹត្តិការណ៍ឈីងហ្គេ ក្នុងប្រទេសសឹង្ហបុរី ដើម្បីការបង្ហាញនូវអត្តសញ្ញាណរបស់ជាតិ និងមោទនភាពជាតិខ្មែរ។
ព្រឹត្តិការណ៍ឈឺងហ្គេ គឺជាក្បួនព្យុហយាត្រាសិល្បៈសម្តែងដ៏ធំមួយនៅអាស៊ី ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជននៃសាធារណរដ្ឋសឹង្ហបុរី។ ក្រុមសិល្បករ និងសិល្បការីនីរបស់កម្ពុជា ក្នុងគណៈប្រតិភូដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដែលចាកចេញនៅថ្ងៃទី៣១មករានេះ បានថ្លែងប្តេជ្ញាលើការលើកស្ទួយកេរ្តិ៍ឈ្មោះ កម្ពុជា ឱ្យកាន់តែត្រដែតលើឆាកអន្តរជាតិ។
ព្រឹត្តិការណ៍ឈីងហ្គេរវាងពីថ្ងៃទី៣ដល់៤កុម្ភៈខាងមុខនេះ គឺជាគំនិតផ្តួចផ្តើមរបស់អតីត នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ក្វាន់យូ ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និងភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។
កម្ពុជាកន្លងមកធ្លាប់បាននាំយករបាំអប្សរា… ក្បាច់គុនល្បុក្កតោរបស់ខ្មែរ…ល្ខោនស្រមោលស្បែកធំ, របាំម្ករ, ឈុតព្រះថោងនាងនាគ, ឈុតកូរសមុទ្រទឹកដោះ, របាំក្រមា និងក្បាច់ក្រមាជាដើម ចូលរួមសម្តែងក្នុងក្បួនព្យុះហយាត្រា នៃក្នុងព្រឹត្តិការណ៍ «ឈីងហ្គេ» នោះ។
កម្ពុជាធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ឈីងហ្គេនេះ ចំនួន២ដងរួចមកហើយ គឺនៅក្នុងឆ្នាំ២០១៧ ដឹកនាំប្រធាន ស.ស.យ.ក លោក ហ៊ុន ម៉ានី ក្រោមប្រធានបទ «សុខដុមក្នុងភាពចម្រុះ នៃវប្បធម៌, និងនៅក្នុងឆ្នាំ២០១៩ ក្រោមប្រធានបទ៖ «ភាពសុខដុម» ចំណែកឆ្នាំ២០២៣នេះ នឹងស្ថិតក្រោមប្រធានបទ «ក្តីសង្ឃឹមរបស់យើង»។