សហព្រះរាជអាជ្ញានៃ អ.វ.ត.ក សម្រេចផ្ទេរ ខៀវ សំផន ទៅកាន់ ពន្ធនាគារ ខេត្តកណ្តាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានសម្រេចផ្ទេរលោក ខៀវ សំផន ទៅកាន់ ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារ អស់មួយជីវិត ដែលការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់ សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

យោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាស្តីពីការផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី១ ខែកុម្ភៈ បានឱ្យដឹងថា លោកស្រី ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសផ្ទេរ លោកខៀវ សំផន ទៅកាន់ ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលការផ្ទេរ នេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្ត ទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជា ណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវ ចុងក្រោយ ចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ៖ «ដំណើរការផ្ទេរ បានឆ្លង កាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពី អគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បាន ចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។

សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំង ប្រទេស កម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្ត កណ្តាល ផងដែរ»។

សូមរំឮកផងដែរថា ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃ សហ ចៅក្រម ស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។

ក្រោយការស៊ើបអង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។

ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែក ពីគ្នា។

ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពី ខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មាន ពិរុទ្ធភាព ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបាន ប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។

ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការបណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយ ជីវិត ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់កាល ពីខែវិច្ឆិកា ឆ្នាំ២០១៦។

ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាល ពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ ២០១៧។

អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មាន ពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការ ដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។
ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់ មួយ ជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការ ផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។

នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែល នាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់។

សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា ការជំនុំជម្រះលើ សំណុំរឿង ០០២ តំណាងនូវការផ្តន្ទាទោសលើរបប ឃោរឃៅ បំផុតមួយនេះ បន្ទាប់ពីការកាត់ក្តីមេដឹកនាំណាហ្ស៊ីនៅតុលាកា រនូរ៉មប៊ឺក(ប្រទេសអាល្លឺម៉ង់) នៅក្រោយបញ្ចប់សង្គ្រាមលោក លើកទីពីរ។

ដំណើរការនីតិវិធីនេះបាននាំមកនូវយុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហមរាប់លាននាក់។ ការជំនុំជម្រះក្តីនេះ បានរួមចំណែក យ៉ាងធំធេងដល់ដំណើរការរក្សាភស្តុតាងនៃអំពើឃោរឃៅយង់ឃ្នង ដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំខ្មែរក្រហម និងបានធ្វើឱ្យ សាធារណជនយល់ដឹងអំពីរបៀបដែលសម័យសោកនាដកម្មនោះនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាបានកើតឡើង៕
ដោយ៖នាង សុគន្ធា

ads banner