អាមេរិកស្វែងរកការបង្កើនលទ្ធភាពចូលប្រើមូលដ្ឋានយោធានៅហ្វីលីពីន
អាមេរិក៖សហរដ្ឋអាមេរិកកំពុងស្វែងរកការបង្កើនលទ្ធភាពចូល ប្រើ មូលដ្ឋានយោធានៅហ្វីលីពីន ដើម្បីជាផ្នែកមួយនៃកិច្ចប្រឹងប្រែង ទប់ ស្កាត់ការរីកសាយភាពឥទ្ធិពលរបស់ចិនក្នុងតំបន់ឥណ្ឌូ បាស៊ីហ្វិក ។ នេះបើតាមការរាយការណ៍កាលពីថ្ងៃអង្គាររបស់ បណ្ដាញ ព័ត៌មាន CNN ដែលស្រង់សម្ដីមន្រ្តីការពារអាមេរិក។
សេចក្តីរាយការណ៍នេះធ្វើឡើងខណៈដែលលោករដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin ធ្វើទស្សនកិច្ចទៅកាន់ប្រទេស ហ្វីលីពីន ដោយជួបជាមួយថ្នាក់ដឹកនាំនៃប្រទេសនេះ រួមទាំង លោក ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ,ទីប្រឹក្សា សន្តិសុខ ជាតិហ្វីលីពីន លោក Eduardo Ano និងរដ្ឋមន្ត្រីស្តីទីការពារជាតិ លោក Carlito Galvez Jr.។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ លោក Austin នឹងធ្វើការចរចាលើការដាក់ពង្រាយកងកម្លាំង និងសព្វាវុធរបស់សហរដ្ឋអាមេរិកបន្ថែម នៅមូលដ្ឋានយោធា ក្នុងប្រទេសហ្វីលីពីន ដែលជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញាដ៏ ចាស់ វស្សារបស់អាមេរិក។ បើតាមមន្រ្តីការពារជាតិអាមេរិក ដែលប្រាប់ CNN ការពង្រីកលទ្ធភាពចូលប្រើប្រាស់មូលដ្ឋានយោធានៅ ហ្វីលីពីន រំពឹងថានឹងប្រកាសឡើងនៅសប្ដាហ៍នេះ ក្នុងដំណើរ ទស្សនកិច្ចរបស់លោក Austin ។
អ្នកវិភាគមើលឃើញថា ការបង្កើនលទ្ធភាពចូលប្រើប្រាស់ មូលដ្ឋាន យោធានៅហ្វីលីពីន នឹងផ្តល់ឱ្យកងកម្លាំងប្រដាប់ អាវុធ អាមេរិកនូវជើងយុទ្ធសាស្ត្រ លើតំបន់ភាគអាគ្នេយ៍នៃ សមុទ្រ ចិន ខាងត្បូង ដែលមានចម្ងាយត្រឹមតែ ២០០ ម៉ាយពីភាគខាងត្បូងនៃ កោះតៃវ៉ាន់។ ទង្វើនេះនឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ខណៈ ចិនទាមទារដែនទឹកសមុទ្រចិនខាងត្បូងភាគច្រើន ថាជាដែន អធិបតេយ្យភាពរបស់ខ្លួន។
គួររំឭកថា កងកម្លាំងអាមេរិកទទួលបានសិទ្ធិ ឬលទ្ធភាពចូល ទៅ កាន់មូលដ្ឋានយោធាហ្វីលីពីនចំនួនប្រាំដែលពួកគេអាចធ្វើការ បង្វិល ទ័ពដោយគ្មានកំណត់ នៅក្រោមកតិកាសញ្ញាការពារជាតិឆ្នាំ ២០១៤ ដែលគេហៅថា កិច្ចព្រមព្រៀងពង្រឹងសហប្រតិបត្តិ ការ ការពារ ជាតិ(EDCA)។
មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ម្នាក់បានថ្លែងជាអនាមិក ប្រាប់ CNN ថា មានការពិភាក្សាអំពីទីតាំង EDCA បន្ថែម វានឹងក្លាយ ជា ប្រធានបទនៃការសន្ទនាដ៏សំខាន់ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Austin ទៅហ្វីលីពីន។
ការលើកឡើងបែបនេះ ក៏មានការបញ្ជាក់ពីមន្រ្តីជាន់ខ្ពស់មួយរូប របស់ ហ្វីលីពីន ដែលអះអាងថា មានការពិភាក្សាអំពីទីតាំង EDCA បន្ថែម ពី ៤ ឬ ៥ កន្លែង ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ ងារ សារព័ត៌មានរ៉យទ័រនៅថ្ងៃពុធនេះ។
ប្រភពដដែលគូសបញ្ជាក់ថា ការបង្កើនលទ្ធភាពចូលប្រើប្រាស់ មូលដ្ឋានយោធាហ្វីលីពីនរបស់អាមេរិកមិនពង្រឹងតែសមត្ថភាពការពារជាតិរបស់អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែវាមានផលប្រយោជន៍រួម គ្នាឱ្យទៅវិញទៅមក។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីការពារជាតិអាមេរិកជាន់ខ្ពស់ ដែលថ្លែងប្រាប់ CNN បានលើកឡើងថា៖ «បច្ចុប្បន្ននេះ ខ្ញុំគិតថា យើងកំពុងមើលឃើញពីការកើនឡើងជាវិជ្ជមាននៅក្នុងគន្លងនៃទំនាក់ទំនង» រវាងអាមេរិក និងហ្វីលីពីន។ លោកបានបន្ថែមថា ក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀត នឹងមានកិច្ចប្រជុំកម្រិតខ្ពស់ បន្ថែម រវាងប្រទេសទាំងពីរ។
កាលពីខែវិច្ឆិកា អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានធ្វើទស្សនកិច្ចទៅទីក្រុងម៉ានីល និងបានពិភាក្សា អំពីលទ្ធភាពប្រើមូលដ្ឋានយោធាបន្ថែមទៀត ហើយបានធ្វើ ដំណើរទៅមូលដ្ឋានយោធានៅលើកោះប៉ាឡាវ៉ាន (Palawan) ដែលស្ថិតនៅក្បែរប្រជុំកោះជម្លោះស្រ្ពាតលីក្នុងសមុទ្រចិនខាងត្បូងទៀតផង។ ទស្សនកិច្ចរបស់លោកស្រី ហារីស លើកនោះ បាន ផ្ញើសារបែបស្រពិចស្រពិលមួយទៅកាន់ទីក្រុងប៉េកាំងថា ហ្វីលីពីន កំពុងខិតទៅជិតសហរដ្ឋអាមេរិក ដោយបញ្ច្រាស និន្នាការរបស់ ហ្វីលីពីនក្រោមការគ្រប់គ្រងរបស់លោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គូ ឌុយទែរតេ។
គួររំឭកថា ហ្វីលីពីនធ្លាប់ជាកន្លែងដាក់មូលដ្ឋានទ័ពក្រៅប្រទេស របស់អាមេរិកដ៏ធំបំផុតចំនួនពីរ រួមមានមូលដ្ឋានទ័ពអាកាស Clark និងមូលដ្ឋានទ័ពជើងទឹក Subic Bay ដែលត្រូវបានផ្ទេរទៅ ឱ្យ ហ្វីលីពីនគ្រប់គ្រងវិញក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។ បច្ចុប្បន្ន សន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ដែលចុះហត្ថលេខានៅឆ្នាំ ១៩៥១ នៅតែមានជាធរមាន ដែលធ្វើឱ្យហ្វីលីពីនក្លាយជាសម្ព័ន្ធ សន្ធិសញ្ញាទ្វេភាគីចាស់ជាងគេនៅក្នុងតំបន់សម្រាប់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ ប្រទេសទាំងពីរ ក៏បានកសាងទំនាក់ទំនង ជាមួយនឹងកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) ឆ្នាំ ១៩៩៨ និងកិច្ចព្រមព្រៀង EDCA ឆ្នាំ ២០១៤។
ទោះជាបែបនេះក្ដី ទំនាក់ទំនងនៃប្រទេសទាំងពីរធ្លាប់ស្ថិត ក្រោម ភាពតានតឹងក្រោមការដឹកនាំរបស់លោក ឌុយទែរតេ ដែលបាន គម្រាមលុបចោលកិច្ចព្រមព្រៀង VFA ដែលអាចធ្វើឱ្យកងកម្លាំង អាមេរិកកាន់តែពិបាកចូលទៅប្រទេសហ្វីលីពីន។ យ៉ាងណាមិញ លោក ឌុយទែរតេ ក៏បានស្ដារកិច្ចព្រមព្រៀងនេះឡើងវិញនៅ ខែកក្កដា ឆ្នាំ ២០២១។
ប្រធានាធិបតីហ្វីលីពីនទើបឡើងកាន់តំណែងលោក ម៉ាកូស ជូនៀ បានស្វែងរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាលោករក្សាទំនាក់ទំនងល្អជាមួយចិន ដែលជា ដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសហ្វីលីពីនក៏ដោយ។ ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្នរូបនេះ ធ្លាប់បានថ្លែងកាលពី ខែវិច្ឆិកា ឆ្នាំមុន ពេលអង្គុយក្បែរលោកស្រី ហារីស ថា អនាគត ហ្វីលីពីនមិនអាចខ្វះសហរដ្ឋអាមេរិកបាននោះទេ។
បន្ថែមពីលើការពង្រីកកិច្ចព្រមព្រៀង EDCA សហរដ្ឋអាមេរិកកំពុង ជួយ ហ្វីលីពីនលើការធ្វើទំនើបកម្មយោធាដែរ បន្ថែមបីលើ សកម្មភាព រួមគ្នាជាច្រើនផ្សេងៗទៀត។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនលទ្ធភាពចូលប្រើប្រាស់មូលដ្ឋានយោធានៅហ្វីលីពីនរបស់អាមេរិក កើតមានឡើងពេលមន្ទីរ បញ្ចកោណ អនុវត្តការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងឥរិយាបថ កង កម្លាំងក្នុងតំបន់។
កាលពីដើមខែមករានេះ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹង ដាក់អង្គភាពកងម៉ារីន ដែលទើបនឹងរៀបចំឡើងវិញថ្មីមួយ នៅ កោះអូគីណាវ៉ារបស់ប្រទេសជប៉ុន ដោយភ្ជាប់នូវសមត្ថភាព ស៊ើបការណ៍ និងឃ្លាំមើលកម្រិតខ្ពស់ ក៏ដូចជាសមត្ថភាពបាញ់ មីស៊ីលប្រឆាំងនាវា។
មន្ត្រីអាមេរិកម្នាក់បានពណ៌នាការផ្លាស់ប្តូរនេះ ថាជាការកែ សម្រួល ដ៏សំខាន់បំផុតមួយចំពោះឥរិយាបថកងកម្លាំងយោធាអាមេរិក នៅ ក្នុងតំបន់ ដែលមិនធ្លាប់មានរាប់ឆ្នាំមកហើយ។
កាលពី សប្តាហ៍មុន កងម៉ារីនបានបើកជាផ្លូវការនូវមូលដ្ឋានថ្មីមួយ នៅលើកោះហ្គាំម ដែលជាកោះយុទ្ធសាស្ត្រដ៏សំខាន់នៅភាគខាង កើត នៃប្រទេសហ្វីលីពីន ហើយមូលដ្ឋានទ័ពថ្មីដែលមានឈ្មោះថា Camp Blaz នេះ រំពឹងថានឹងដាក់ទាហានម៉ារីនចំនួន ៥ ០០០ នាក់នាថ្ងៃខាងមុខ៕
ដោយ៖ហួន ឌីណា