ក្រសួងពាណិជ្ជកម្ម បានចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម បានជិត ប្រាំ ពាន់ ម៉ាក ត្រឹមឆ្នាំ២០២២

ភ្នំពេញ៖ កាលពីឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មកម្ពុជា បាន ទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួនជាង ប្រាំមួយពាន់ ក្នុងនោះក្រសួងក៏បានចុះបញ្ជីម៉ាកសញ្ញា ពាណិជ្ជកម្ម នៅទូទាំងប្រទេសបានជាងប្រាំពាន់ម៉ាកផងដែរ។នេះបើយោងតាមរបាយការណ៍ក្រសួងដែលបង្ហាញឡើងក្រោយបញ្ចប់សន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅ ការងារពាណិជ្ជកម្មឆ្នាំ២០២៣ កាលពីថ្ងៃទី៣១ ខែមករា។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីពេលកន្លងទៅ ក្រសួងបានសហការជាមួយភាគីពាក់ព័ន្ធ ក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុង និងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញ និងម៉ាកសមូហភាព។ ក្នុងនោះក្រសួងបាន សហការសម្រប សម្រួលលើការចុះបញ្ជីម៉ាកនេះដូចជា៖ បង្កងតាកែវ, ទឹកត្រីកំពត កែប, SKO & Device, លើប្រភេទអង្ករសែនក្រអូប DSMK & Device , លើប្រភេទអង្ករដំណើបស្បៃមង្គល, ចម្លាក់ប្រាក់ស្ពាន់ ខេត្តកណ្តាល, ក្រូចពោធិ៍សាត់, នំបញ្ចុកសៀមរាប និងដូងខ្ទិះបាត់ ដំបង ជាដើម បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាក សមូហភាពល្បីៗជាច្រើនដែលយើងបានចុះរួចមកហើយ។

ឯកឧត្តម ប៉ាន សូរស័ក្តិ ក៏បានបញ្ជាក់ដែរថា ក្រសួងពាណិជ្ជកម្ម ក៏បាននឹងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផល សក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញបន្ថែមទៀត ដូចជា ក្តាមថ្មកោះកុង, បង្គាក្រៀមកំពង់សោម, បង្គាក្រៀមកោះកុង និងប្រហុកសៀមរាប ដែលនឹងឈានទៅចុះ បញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនាពេលឆាប់ៗនេះ។

ឯកឧត្តមថ្លែងបន្តថា “ក្រៅពីផលិតផលទាំងបួនខាងលើនេះ យើងត្រៀមចុះបញ្ជីជាម៉ាកសមូហភាព ដែលមាន ផលិតផល សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ធុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់ថ្មកែវខេត្តពោធិ៍ សាត់ផងដែរ”។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ បានធ្វើក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦.១៣៥ ក្នុងនោះក្រសួងបានចុះបញ្ជីម៉ាកសញ្ញា ពាណិជ្ជកម្មចំនួន ៤.៨៤៧ ម៉ាកថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបញ្ជាក់ទៀតថា ៖ «ក្រសួងបានបន្តធ្វើបច្ចុប្បន្នភាពនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការចុះបញ្ជីពាណិជ្ជកម្ម រួមមាន ការអភិវឌ្ឍប្រព័ន្ធផ្តល់លិខិត អនុញ្ញាត និងអាជ្ញាបណ្ណអាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក, កំពុងអភិវឌ្ឍប្រព័ន្ធចុះបញ្ជីកែប្រែ ដែលបានធ្វើឱ្យការចុះបញ្ជី ពាណិជ្ជកម្មក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបាន ទទួលពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មថ្មីចំនួន ៩.៨២៤ ពាក្យ ស្នើសុំ គឺមានការកើនឡើង ៣៧ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២១»។
បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញដែរថា ក្នុងនាមសេនាធិការរបស់រដ្ឋាភិបាល ក្រសួងនឹងខិតខំកែ លម្អ ការកាត់បន្ថយរយៈពេលនៃការចុះបញ្ជីម៉ាកឱ្យកាន់តែឆាប់ និងមានប្រសិទ្ធិភាពថែមទៀត ដើម្បីឱ្យស្របទៅនឹងគោល នយោបាយ របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យរៀបចំនីតិវិធី ក៏ដូចជាយុទ្ធសាស្រ្តថ្មី ដើម្បីបំរើផលឱ្យសាធារណជន ដែល ជាម្ចាស់ម៉ាកឱ្យមានលឿន និងឆាប់រហ័ស និងធ្វើយ៉ាងណាឱ្យ ម្ចាស់ម៉ាកចំណេញពេលវេលា និងឆាប់បានយកទៅប្រើប្រាស់ តាមតម្រូវការចាំបាច់របស់ម្ចាស់អាជីវកម្ម ដូចជារៀបចំបោះពុម្ព ស្លាកយីហោរបស់ខ្លួន និងឆាប់បានប្រើប្រាស់ម៉ាកនៅលើទីផ្សារ រួមទាំងការរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារផ្សេងៗជាដើម។
ក្នុងនោះ ក្រសួង ក៏បានរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មពេញលេញ សម្រាប់កិច្ចការចុះបញ្ជីម៉ាក និងការបង់កម្រៃសេវាសាធារណៈ តាមប្រព័ន្ធអនឡាញ, កំពុងរៀបចំប្រព័ន្ធជូនដំណឹងជាស្វ័យប្រវត្តិ អំពីដំណើរការ និងស្ថានភាពនៃការចុះបញ្ជីម៉ាកទៅអ្នកដាក់ ពាក្យស្នើសុំ និងភ្នាក់ងារ, បានរៀបចំប្រព័ន្ធ Cloud សម្រាប់ គ្រប់គ្រងទិន្នន័យ និងឯកសារនៃការចុះបញ្ជីម៉ាក, បន្តធ្វើទំនើប កម្មហេដ្ឋារចនាសម្ព័ន្ធរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញាប្រកបដោយបច្ចេកវិទ្យា និងធ្វើបច្ចុប្បន្នកម្មប្រព័ន្ធស័្វយប្រវត្តិកម្មចុះបញ្ជីម៉ាក ជំនាន់ទី៤ (IPAS4) ដោយធ្វើសមាហរណកម្ម និងគ្រប់ គ្រង ទិន្នន័យម៉ាកនៅក្នុង Cloud ជាដើម។

ពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្មនៅកម្ពុជានេះ ត្រូវបាន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកថា ការកើនឡើង នៃការស្នើសុំចុះបញ្ជីពាណិជ្ជកម្ម នៅកម្ពុជា ជាសញ្ញាដ៏ល្អ សម្រាប់សេដ្ឋកិច្ចជាតិ ក្រោយកម្ពុជាបានបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ៕
ដោយ៖សែម ពិសី

ads banner