អាជីវករទិញមើមដំឡូងមីស្រស់ និងស្ងួត ចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីមាត្រាសាស្ត្រកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ អាជីវករទទួលទិញ មើមដំឡូងមីស្រស់ និងមើមហាលស្ងួត ចំនួន ៤៧កន្លែងតាមបណ្ដាស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យ បានមកជួបជុំគ្នានៅមន្ទីរ ឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេសដើម្បីចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីមាត្រាសាស្ត្រអំពីការប្រើជញ្ជីងថ្លឹងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

លោក ព្រំ ឡុងផល្លា អនុប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកទេស បានបញ្ជាក់បន្ថែម ការដែលអាជីវករមកចូលរួមសិក្ខាសាលានេះធ្វើឲ្យពួកគាត់យល់ពីច្បាប់ប្រើប្រាស់ជញ្ជីងថ្លឹងភោគផលរបស់ប្រជាកសិករឲ្យបានត្រឹមត្រូវរវាងអ្នកលក់ អ្នកទិញទទួលបាននូវភាពយុត្តិធម៌ទាំអស់គ្នា ។ សិក្ខាសាលាមានរយៈពេលមួយព្រឹកជាការផ្សព្វផ្សាយច្បាប់ មុននឹងមន្ត្រីជំនាញចុះអនុវត្តច្បាប់ និងលក្ខណៈបច្ចេកទេសការប្រើជញ្ជីងថ្លឹង។

លោក ម៉េង សេរី វ៉ាត់ អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេសនវានុវត្តន៍ បានឲ្យអ្នកចូលរួមសិក្ខាសាលាពេលនេះបន្តផ្សព្វផ្សាយដល់អាជីវករដូចគ្នាដែលមិនបានមកចូលរួម ហើយរួមសហការជាមួយមន្ត្រីជំនាញ និងប្រកាន់យកភាពត្រឹមត្រូវលើការប្រើជញ្ជីងថ្លឹងកសិផល ចៀសវាងការ កេងបន្លំភ្នែកជញ្ជីង មិនជាការល្អនោះទេ ។ ប៉ុន្តែរឿងតម្លៃលក់ចេញ ទិញចូលយ៉ាងណានោះវាអាស្រ័យ លើបងប្អូនជាអ្នកទិញ និងអ្នកលក់ ចំណែកមន្ត្រីជំនាញយើងគ្រាន់តែជាអ្នកអនុវត្តផ្នែកបច្ចេកទេសទៅលើការប្រើប្រាស់ជញ្ជីងតាមលក្ខណៈបច្ចេកទេសមាត្រាសាស្ត្រ ប៉ុណ្ណោះ ៕

ដោយ គៀន ច័ន្ទហ៊ីន

ads banner