បងប្អូន ប្រជាពលរដ្ឋ ៧៥៩នាក់មកពី ១៣ឃុំ ក្នុងស្រុកទឹកឈូ ខេត្តកំពត ទទួលបានការពិនិត្យសុខភាពភ្នែក ដោយឥតគិតថ្លៃ
កំពត ៖ ក្នុងឱកាសចូលរួមបេសកកម្ម ពិនិត្យ សុខភាពភ្នែកនៅស្រុកទឹកឈូ ខេត្តកំពត លោក អុឹម ច័ន្ទសុធន អភិបាលស្រុកទឹកឈូ ថ្លែងថា បេសកកម្ម សុខភាពភ្នែក ផ្តល់ការពិនិត្យនិងព្យាបាល ជម្ងឺភ្នែកឡើងបាយ និងកន្ទុយថ្លែននេះ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ ពីមូលនិធិ ចក្ខុខ្មែរ ដែលកម្មវិធីនេះត្រូវបានសហការ និងឧបត្ថម្ភ ពី ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ។ ហើយបងប្អូនដែលបានមកពិនិត្យ សុខភាពភ្នែក ថ្ងៃនេះ មានចំនួន ៧៥៩នាក់ មកពី ១៣ឃំ ដែលត្រូវរៀបចំឡើង នៅថ្ងៃទី០២ ខែ គុម្ភៈ ឆ្នាំ២០២៣នេះនៅ សាលាស្រុកទឹកឈូ ខេត្តកំពត ។

ឯកឧត្តម សៅវណ្ណ សេរីវុធ អនុរដ្ឋលេខាធិកា ក្រសួងកសិកម្ម រុក្ខាប្រមាញ់នេសាទ និង ជាអ្នកសម្របសម្រួលមូលនិធិ ចក្ខុខ្មែរ ដើម្បីកាត់បន្ថយអត្រាពិការភាព ភ្នែក ថ្លែងថា ឯក ឧត្តម បានពិភាក្សារ ជាមួយ ឯក ឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត អំពីកម្មវិធី ផ្តល់ការពិនិត្យ ព្យាបាលជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ក្រោមការឧបត្ថម្ភ ពី ឯកឧត្តមអភិបាលខេត្តដោយបានសហការជាមួយក្រុមគ្រូពេទ្យ មូលនិធិចក្ខុខ្មែរ ។

កម្មវិធីពិនិត្យសុខភាពភ្នែក ជូនបងប្អូនប្រជាពលរដ្ឋយើងនៅទីនេះ ដោយឥតគិតថ្លៃ ដូច្នេះពេលយើងពិនិត្យបឋម ជូនបងប្អូន បើមានបញ្ហា ភ្នែក តិចតួច យើងផ្តល់ថ្នាំបន្តក់ និងវ៉ែនតា អានអក្សរ ឬវ៉ែនតាខ្មៅ សម្រាប់ការពារភ្នែក។ ហើយបើពិនិត្យទៅឃើញថាមានឡើងបាយ ឬកន្ទុយថ្លែន ដល់ដំណាក់កាលបក នោះយើងសុំអញ្ជើញបងប្អូន
ទៅភ្នំពេញ ដើម្បីបកព្រោះនៅទីនោះមានឧបករណ៍គ្រប់គ្រាន់ សម្រាប់ពិនិត្យ និងព្យាបាល ជូនបងប្អូន ។ ហើយ ឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ជាអ្នកចេញរាល់ការចំណាយ របស់បងប្អូន ដែលត្រូវទៅព្យាបាល នៅភ្នំពេញ រហូតពេលត្រឡប់មកវិញ ៕


Sila Sarin