រដ្ឋាភិបាលប៉េរូ បង្ហាញពង្រាងច្បាប់ថ្មីត្រៀមបោះឆ្នោត តាមការចង់បានរបស់បាតុករ
លីម៉ា៖ ប្រធានាធិបតីប្រទេសប៉េរូបានបង្ហាញសេចក្តីព្រាងច្បាប់ថ្មី សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣ ចំពេលមានការប៉ះទង្គិចគ្នានៅក្នុងសភា។
ប្រធានាធិបតីប្រទេសប៉េរូ លោកស្រី ឌីណា បូលលូអាតេ (Dina Boluarte) បានដាក់ចេញនូវពង្រាងច្បាប់ថ្មីមួយ ដើម្បីនាំការបោះឆ្នោតឆ្ពោះទៅមុខដល់ឆ្នាំ ២០២៣ ក្នុងគោលបំណងដើម្បីរំងាប់ការតវ៉ាជុំវិញប្រទេស ខណៈដែលសភាដែលបាក់បែកបានបរាជ័យម្តងហើយម្តងទៀតក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ បន្ទាប់ពីជម្លោះនយោបាយជាច្រើនសប្តាហ៍។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេដឹងថាបាន ស្នើឱ្យរៀបចំការបោះឆ្នោតសភា និងប្រធានាធិបតីក្នុងខែតុលាឆ្នាំ២០២៣នេះ ជាមួយនឹងការចូលកាន់តំណែងរបស់មន្ត្រីជាប់ឆ្នោត នៅចុងខែធ្នូ។ មន្ត្រីជាប់ឆ្នោតនឹងកាន់តំណែងរយៈពេលប្រាំឆ្នាំ រហូតដល់ខែកក្កដាឆ្នាំ ២០២៨ ។
ប្រទេស ប៉េរូ ស្ថិតក្នុងសកម្មភាពបាតុកម្មប្រឆាំងរដ្ឋាភិបាលរយៈពេលប្រាំបីសប្តាហ៍ ជាមួយនឹងមនុស្ស៤៨ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នារវាងបាតុករ និងកងកម្លាំងសន្តិសុខ ដែលភាគច្រើននៅភាគខាងត្បូងប្រទេសប៉េរូ។
ការបោះឆ្នោតថ្មីលឿនគឺជាតម្រូវការសំខាន់របស់បាតុករបន្ទាប់ពីអតីតប្រធានាធិបតីឆ្វេងនិយមលោក ប៉េឌ្រី ខាស្ទីលឡូ (Pedro Castillo) ត្រូវបានបណ្តេញចេញពីតំណែង កាលពីខែធ្នូ៕

ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត