លោក ហ្សេលេនស្គី ៖ អ៊ុយក្រែនសមនឹងទទួលបានការចរចាចូលសហភាពអឺរ៉ុបនៅឆ្នាំនេះ

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសដែលហែកហួរដោយសង្រ្គាមរបស់គាត់ សមនឹងចាប់ផ្តើមកិច្ចពិភាក្សានៅឆ្នាំនេះ ស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុប។

លោក ហ្សេលេនស្គី បានថ្លែងអះអាងបន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានសហភាពអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន ថា ខ្ញុំជឿជាក់ថា អ៊ុយក្រែនសមនឹងចាប់ផ្តើមការចរចា ស្តីពីសមាជិកភាពសហភាពអឺរ៉ុបនៅឆ្នាំនេះ។

លោកថា ការធ្វើសមាហរណកម្មបន្ថែមទៀតជាមួយប្លុកអឺរ៉ុប នឹងជំរុញប្រជាជនអ៊ុយក្រែន រួមទាំងផ្តល់ឱ្យពួកគេនូវការលើកទឹកចិត្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងឈ្លានពានរុស្ស៊ី។ នៅថ្ងៃសុក្រសប្តាហ៍នេះ អ៊ុយក្រែននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល សហភាពអឺរ៉ុប-អ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាងលោក ហ្សេលេនស្គី ជាមួយលោកស្រី វ៉ុន ដឺ ឡេយែន ខាងលើនេះ កើតមានឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានពង្រីកកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់ខ្លួន ដើម្បីទទួលបានការយល់ព្រម ក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។

ជាមួយគ្នានោះ លោកស្រី វ៉ុន ដឺ ឡេយែន បាននិយាយនៅក្នុងសន្និសិទកាសែតជាមួយលោក ហ្សេលេនស្គី ថា គាត់មានការបន្ទន់ចិត្ត បន្ទាប់ពីមើលឃើញការបង្ក្រាបអំពើពុករលួយកំពុងផ្តល់លទ្ធផលជាក់ស្តែង មុនពេលអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner