សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយុវជនទាំងអស់ បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍកម្ពុជា និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម
ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង-បាត់ដំបង ថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើន លើមាគ៌ានៃការអភិវឌ្ឍ បើទោះបីជាជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងក្តី និងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។ សម្ដេចក្រឡាហោម បន្ថែមថា សន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំ។

សម្ដេចក្រឡាហោម បានចាត់ទុកភាពរីកចម្រើនរបស់កម្ពុជាថា មិនអាចខ្វះបាននូវការកសាងធនធានមនុស្ស និងការអភិវឌ្ឍធនធានមនុស្សដែលប្រកបទៅដោយបញ្ញាញាណ ចាប់តាំងពីកម្រិតបឋមសិក្សា រហូតដល់អនុវិទ្យាល័យ វិទ្យាល័យ ថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបានឡើយ។
សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញដល់ក្រុមការងារយុវជន ឱ្យបង្កើនសកម្មភាពចុះមូលដ្ឋានរៀងៗខ្លួន និងត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលមិនទាន់មានដំណោះស្រាយ និងជំរុញការអភិវឌ្ឍ មូលដ្ឋានឱ្យបានផុសផល ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ។

សម្ដេចក្រឡាហោម បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំយុវជនទាំងអស់ បន្តស្មារតីរួបរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍកម្ពុជា និងការកសាងសន្តិសុខ ប្រកបដោយភាពសុខដុម ។
សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមដល់ ក្រុមការងារយុវជនត្រូវបន្តចូលរួមថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម តាមរយៈ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការចូលរួមសហការ និងជំរុញឱ្យអាជ្ញាធរ និងសា្ថប័នមានសមត្ថកិច្ចចាត់វិធានការ ទប់ស្កាត់រាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង និងចោរប្លន់ប្រដាប់អាវុធ គ្រោះថ្នាក់ចរាចរណ៍ជាដើម ដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ៕

ដោយ-រ៉ាវុធ