អ.ស.ប នឹងជួយកៀរគរធនធានពីប្រភពក្រៅប្រទេស ដើម្បីពន្លឿន ការងារបោសសម្អាតមីននៅកម្ពុជា
ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា(អ.ស.ប) បានបង្ហាញការ គាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចបង្កើត«មូលនិធិ កម្ពុជា គ្មានមីនឆ្នាំ២០២៥» ដើម្បីឈានទៅសម្រេចគោលដៅបោសសម្អាត គ្រាប់ មីនមិនទាន់អស់នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។ ទន្ទឹមគ្នានេះអ.ស.ប ក៏បានបង្ហាញបំណងចង់ជួយដល់កម្ពុជា ដើម្បីឈានទៅសម្រេច គោលដៅនេះ ផងដែរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយអាជ្ញាធរមីន កាលពីថ្ងៃទី២ ខែកុម្ភៈ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា បានលើកឡើងថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផ្សេងៗដែលសល់ពី សង្គ្រាម កំពុងបន្តសម្លាប់ និងបង្ករបួសស្នាមដល់ប្រជាជនកម្ពុជា។
ប្រភពពីអាជ្ញាធរមីន បានឱ្យដឹងនៅក្នុងជំនួបនោះថា៖ «លោកJoseph Scheuer បានឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងច្រើនពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយបញ្ហាមីនហើយ លោក មានបំណងចង់ចូលរួមធ្វើការកៀរគរធនធានពីប្រភពក្រៅ ប្រទេស ដើម្បីការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាផងដែរ»។
តំណាងអ.ស.ប ប្រចាំកម្ពុជារូបនេះ ក៏បានប្តេជ្ញាថា នឹងបន្តគាំទ្រដល់ ការងារបោសសម្អាតមីននេះ ហើយសង្ឃឹមថាកម្ពុជានឹងអាច សម្រេច នូវគោលដៅរបស់ខ្លួន កម្ពុជាគ្មានមីនឆ្នាំ២០២៥ផងដែរ។

ពាក់ព័ន្ធនឹងការលើកឡើងនេះ ឯកឧត្តមទេសដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន បានថ្លែងអំណរគុណដល់អ.ស.ប ដែលបានគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយបានគាំទ្រការដាក់បញ្ចូលសកម្មភាព បោសសំអាតមីននិងគ្រាប់មិនទាន់ផ្ទុះចូលជាគោលដៅទី៩ នៃគោលដៅ អភិវឌ្ឍន៍សហសវត្សរ៍(CMDG) និងដាក់ចូលជាគោលដៅទី១៨ នៃ គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា(CSDG)។
ជាមួយគ្នានេះឯកឧត្តមក៏បានថ្លែងបន្តថា៖«បន្ទាប់ពីបញ្ចប់សង្រ្គាម រដ្ឋាភិបាល កម្ពុជាបានចាត់ទុកសកម្មភាពមីន គឺជាការងារអាទិភាពមួយ ក្នុងការដោះស្រាយ និងចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ ខណៈ បច្ចុប្បន្ននេះ សកម្មភាពមីនកម្ពុជា បានឈានដល់របត់មួយ និងសម្រេច បាននូវសមិទ្ធផលជាច្រើនជាប្រវត្តិសាស្រ្តរយៈពេលជាង ៣០ឆ្នាំមកនេះ ក្នុងការរំដោះផ្ទៃដីជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងចូលរួមដល់ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម»។
ក្នុងនាមរាជរដ្ឋាភិបាល អាជ្ញាធរមីនកម្ពុជា ក៏បានចាត់ទុកអ.ស.ប គឺ ជាមិត្តភ័ក្តិដ៏ជិតស្និទ្ធរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និង ការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីននៅកម្ពុជាផងដែរ ខណៈលោកក៏បានអញ្ជើញប្រធានអ.ស.ប ប្រចាំកម្ពុជាបានចុះពិនិត្យ និងស្វែងយល់អំពីសកម្មភាពបោសសម្អាតមីនរបស់ប្រតិបត្តិករនៅទីវាលដោយផ្ទាល់ តាមពេលវេលាសមស្របណាមួយថែមទៀត។
គួរបញ្ជាក់ដែរថា បើតាមសេម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ធ្លាប់បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២១ រយៈពេល២៩ ឆ្នាំកន្លងមកនេះ ផ្ទៃដីទំហំ ២៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះ វិស័យកសិកម្ម ៧១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធ ៨ភាគរយ និងផ្សេងៗ ២១ភាគរយ រួមមាន ការសាង សង់លំនៅដ្ឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផលចំនួនជាងប្រាំពីរលាននាក់។ ទន្ទឹមនឹងនោះ ចំនួនជនរងគ្រោះបានថយចុះពី៤៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹម៤៤នាក់ ក្នុងឆ្នាំ២០២១កន្លងទៅ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីននៅតែធ្វើឱ្យ មានអ្នករងគ្រោះ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ដាក់ចេញ នូវយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»ខាងមុខ។
កន្លងមក កម្ពុជា បានទទួលការគាំទ្រដល់ការងារបោសសម្អាតមីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមពីប្រភពធនធានផ្សេងៗគ្នាជាច្រើន រួមមាន រាជរដ្ឋាភិបាល ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥៕
ដោយ៖ សែម ពិសី