សម្ដេចតេជោនាយករដ្ឋមន្រ្តី ណែនាំគ្រប់ក្រសួង-ស្ថាប័ន រៀបចំទិវា“វប្បធម៌ជាតិ៣មីនា”

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជាបានចេញសារាចរណែនាំដល់ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យលទ្ធភាពរៀបចំកម្មវិធី និងសកម្មភាព នានា ដើម្បីប្រារព្ធទិវា “វប្បធម៌ជាតិ៣មីនា” ទាំងនៅទីតាំងផ្ទាល់ឬនៅ លើ បណ្ដាញសង្គម ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិ។

សារាចរស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៥ ឆ្នាំ២០២៣ ចុះហត្ថលេខាដោយសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថា ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ ដែលបានពលីទាំង កម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ ក្រោយ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាជន ខ្មែរ គ្រប់រូប ក្នុងគោលបំណង ធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាប័ន្ន ស្របតាមគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ និង កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងសារាចរនេះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖«ក្នុងស្មារតី យកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះវិស័យវប្បធម៌ជាតិដែលជាដួងព្រលឹង ជាអត្តសញ្ញាណជាតិ ជាកិត្យានុភាពជាតិ និងជាស៊ីម៉ង់ត៍ រស់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍ មួយទៅសហគមន៍មួយ ក៏ដូចជាពីប្រទេសមួយទៅប្រទេសមួយ ដើម្បីនាំមក នូវសាមគ្គីភាព សន្តិភាព និងសុខដុមនីយកម្ម»។

សម្រាប់ឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចរៀបចំទិវាវប្បធម៌ជាតិ៣មីនា លើក ទី២៥ ឆ្នាំ២០២៣ ដោយ បន្តរក្សាប្រធានបទ”យុវជនដើម្បីវប្បធម៌ ជាតិ ” ក្នុងគោលបំណងជំរុញឱ្យប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេស យុវជន ដែលជាអ្នកបន្តវេន បានចូលរួមសកម្មភាពអភិរក្សលើកស្ទួយនិង អភិវឌ្ឍ វប្បធម៌ជាតិ។

ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៣ នេះ អាចប្រព្រឹត្តទៅ ដោយ រលូន រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យករយៈពេលពីរសប្ដាហ៍ (១សប្ដាហ៍មុន និង១សប្ដាហ៍ក្រោយ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣) សម្រាប់ រៀបចំទិវានេះ។ ដូច្នេះក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ លទ្ធភាពរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវា វប្បធម៌ជាតិ ៣មីនា លើកទី២៥ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្ដាញសង្គម ទៅតាមពេលវេលាសមរម្យណាមួយ នៅក្នុងអំឡុងពេលដែលបាន កំណត់ នេះ។
ប្រភពដដែលបន្តថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការ ដ្ឋានក្នុងការរៀបចំឯកសារឃោសនាផ្សព្វផ្សាយ សម្រាប់ទិវាវប្បធម៌ជាតិ ៣មីនា ហើយក៏ត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក និងគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយ សមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធការអភិរក្ស ការលើក ស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់បេតិកភណ្ឌពិភព លោក និង រមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បី ប្រារព្ធ ទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ត្រូវសហការជាមួយបណ្តា ក្រសួងស្ថាប័ន អាជ្ញាធរដែនដី អង្គការ សមាគម សហគមន៍ និងវិស័យ ឯកជន ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយ វប្បធម៌ជាតិឱ្យបានទូលំ ទូលាយនៅក្នុងអំឡុងពេលនេះផងដែរ។

ចំណែក ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយដើម្បីអបអរទិវាវប្បធម៌ ជាតិ ៣មីនា ឱ្យបានទូលំទូលាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជន រួមមាន : វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី និងឯកសារ ពាក់ព័ន្ធ ដើម្បី បំផុសឱ្យសាធារណជនបានយល់ដឹង ព្រមទាំងចូលរួមឱ្យកាន់តែសកម្ម ឡើងនៅក្នុង ការថែរក្សានិងលើកស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និង សុខដុមនីយកម្មសង្គម ដោយមិនមាន ការរើសអើងផ្នែកនយោបាយ ជំនឿ សាសនា និងពណ៌សម្បុរ។ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ ជាតិដល់សិស្សនិស្សិត នៅគ្រប់គ្រឹះស្ថានសិក្សាអប់រំរដ្ឋនិងឯកជន។

ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិនិងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិនិង អន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានគ្រប់ប្រភេទ។

ចំពោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់ គ្រប់ស្ថានឯកអគ្គរាជទូត ស្ថានអគ្គ កុងស៊ុល ស្ថានកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស និងសហគមន៍ខ្មែរនៅ បរទេសឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា។

ក្នុងសារាចរដដែលគូបញ្ជាក់ថា ការរៀបចំទិវាវប្បធម៌ជាតិ៣មីនា ដើម្បី បង្កើនការយល់ដឹងអំពីតម្លៃពិតនៃវប្បធម៌ជាតិ ក៏ដូចជាជំរុញប្រជាពលរដ្ឋ ទាំងអស់ ពិសេសយុវជនឱ្យខិតខំបង្កើតនិងបង្កើនស្នាដៃវប្បធម៌ថ្មីៗ ឱ្យកាន់តែមាន ភាពច្នៃប្រឌិត ដោយផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណជាតិ ក្នុងគោលបំណងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ដើម្បីរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕
ដោយ៖ឡាយ សាមាន

ads banner