សម្តេចតេជោ ផ្តល់ប័ណ្ណកម្មសិទ្ធិផ្ទះសំបែងជូនពលរដ្ឋជាង ១២០០គ្រួសារ នៅបុរីកីឡាជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗទៀត

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង ១២០០ គ្រួសារ រស់នៅក្នុងអគារបុរីកីឡាទាំង០៨ អគារ បានបង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចផ្តល់ប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ។

ការបង្ហាញពីក្តីរំភើបរីករាយចិត្តពីសំណាក់ប្រជាពលរដ្ឋជាង ១២០០គ្រួសារនេះ បានបង្ហាញអោយឃើញ នៅពេលដែល ឯឧ ឃួង ស្រេង អភិបាលេាជធានីភ្នំពេញចុះសំណេះសំណាល និងរៀបចំយុទ្ធនាការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២ យូនីត ស្មើនិងជាង ១២០០គ្រួសារជូនពួកគាត់ នាព្រឹកថ្ងៃទី០៣ កុម្ភៈឆ្នាំ២០២៣នេះ។

ឯកឧត្តម ឃួង ស្រេង លើកឡើងថា៖ ដោយពិនិត្យឃើញអំពីស្ថានភាពរបស់បងប្អូន និងដើម្បីជួយសម្រួលឱ្យ បងប្អូនទទួលបានកម្មសិទ្ធិស្របច្បាប់លើចំណែកឯកជននៃអគារសហកម្មសិទ្ធិបុរីកីឡា ក៏ដូចសម្រាលបន្ទុក ក្នុងការបង់ពន្ធ-អាករ និងសេវាសុរិយោដីនានា ក្នុងដំណើរការបំពេញនីតិវិធីកសាងប័ណ្ណកម្មសិទ្ធិខាងលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចអោយអាជ្ញាធររាជធានីភ្នំពេញរៀបចំបែបបទ ដើម្បីចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២យូនីត នៃអគារបុរីកីឡាទាំង ០៨ អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ប្រមាណជាង ១២០០គ្រួសារ ជាមួយនិងការលើកលែងនូវការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ព្រមទាំងសេវាអន្តរ ក្រសួងនានា ក្នុងការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិលើចំណែកឯកជន ចំនួន ១៣៩២យូនីត នៃអគារ បុរីកីឡាទាំង ០៨ អគារ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម ឃួង ស្រេង បន្តថា នេះពិតជាស្ដែងឱ្យឃើញអំពីយកចិត្តទុកដាក់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា ទាំង០៨ អគារ ។

តាមរយៈការជួយសម្រួលដល់ការធ្វើប័ណ្ណកម្មសិទ្ធិខាងលើ ដោយពុំចំណាយថវិកាលើការបង់ពន្ធ-អាករផ្សេងៗ និងសេវាអន្តរក្រសួងនានានោះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងអគារបុរីកីឡា បន្តគាំទ្រសម្តេចតេជោ ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបានឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត ក៏ដូចជាគាំទ្រ ឯឧបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ផងដែរ៕

ដោយ ថេត វិចិត្រ+ ហេងសម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner