សហភាពអឺរ៉ុប G7 និងអូស្រ្តាលីឈានដល់កិច្ចព្រមព្រៀងលើការកំណត់តម្លៃប្រេងឥន្ធនៈរុស្ស៊ី

ព្រុចសែល៖ ប្រទេសជាសមាជិកសហភាពអឺរ៉ុប ក្រុមប្រទេស G7 និងអូស្ត្រាលីបាននិយាយនៅថ្ងៃសុក្រសប្តាហ៍នេះថា ពួកគេបានឈានដល់កិច្ចព្រមព្រៀង ស្តីពីការកំណត់តម្លៃសម្រាប់ផលិតផលប្រេងរបស់រុស្ស៊ី។

ចំណាត់ការនេះគឺជាផ្នែកចុងក្រោយបង្អស់ នៃការជំរុញជាអន្តរជាតិ ដើម្បីដាក់កំហិតលើសង្រ្គាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការឈ្លានពានអ៊ុយក្រែន ដោយកំណត់គោលដៅលើនាំចេញសំខាន់ៗរបស់គាត់។

មន្ត្រីបានឱ្យដឹងថា ការកំណត់កម្រិតតម្លៃប្រេងរបស់រុស្ស៊ីចែកចេញជាពីរ ក្នុងនោះ ១០០ដុល្លារក្នុងមួយបារ៉ែលសម្រាប់ប្រេងឥន្ធនៈ ដែលមានតម្លៃថ្លៃជាងប្រេងម៉ាស៊ូត និង ៤៥ដុល្លារលើផលិតផលដែលមានគុណភាពទាបជាងប្រេងឥន្ធនៈ។

ប្រទេសស៊ុយអែតដែលកាន់តំណែងជាប្រធានសហភាពអឺរ៉ុបវិលជុំ បានហៅចំណាត់ការខាងលើនេះថា ជាកិច្ចព្រមព្រៀងដ៏សំខាន់ ដែលជាផ្នែកមួយនៃការឆ្លើយតបជាបន្តរបស់សហភាពអឺរ៉ុប និងដៃគូចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

សូមរម្លឹកថា សហភាពអឺរ៉ុបកាលពីខែធ្នូ បានដាក់ទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ីដែលដឹកតាមសមុទ្រ ហើយរួមគ្នាជាមួយដៃគូ G7 របស់ខ្លួនបានកំណត់តម្លៃត្រឹម៦០ដុល្លារក្នុងមួយបារ៉ែល សម្រាប់ការនាំចេញជុំវិញពិភពលោក។

ការដាក់ទណ្ឌកម្មលើកទីពីរលើប្រេងឥន្ធនៈរបស់រុស្ស៊ី នឹងចូលជាធរមាននៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ឬមិនយូរប៉ុន្មាននោះទេ។ កិច្ចព្រមព្រៀងនេះផ្តោតលើផលិតផលប្រេងចម្រាញ់របស់រុស្ស៊ី ដូចជាប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈកំដៅ ដែលដឹកតាមកប៉ាល់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner