ក្រសួងអប់រំ យុវជន និងកីឡានិងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហការដំណើរការស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា
រាជធានីភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីកិច្ចសហការដំណើរការស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានលោកជំទាវរដ្ឋលេខាធិការ និងឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្តមរដ្ឋលេខាធិការ សុខ ពុទ្ធិវុធ បានធ្វើបទបង្ហាញស្ដីពីវឌ្ឍនភាពនៃដំណើរការស្ថាប័ន EBC ព្រមទាំងស្វែងរកកិច្ចគាំទ្រពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអនុវត្តគម្រោងកាន់តែប្រសើរ និងមានប្រសិទ្ធភាព។

គម្រោងស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា ត្រូវបានសហការបង្កើតឡើងដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ដើម្បីចូលរួមចំណែកពង្រឹងវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព សម្បូរបែប និងទូលំទូលាយ បម្រើដល់គ្រូបង្រៀន និងសិស្សានុសិស្សទូទាំងប្រទេស។

គម្រោងនេះ ជាសកម្មភាពអាទិភាពមួយក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥ ដើម្បីកសាងពលរដ្ឋឌីជីថល ដែលទទួលជំនួយឥតសំណងពីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន (MSIT) នៃសាធារណរដ្ឋកូរ៉េ តាមរយៈ ប្រព័ន្ធ ផ្សព្វផ្សាយអប់រំកូរ៉េ (EBS) ៕ ដោយ-រ៉ាវុធ

