កម្ពុជានាំចេញសម្ភារៈអគ្គិសនីក្នុងតម្លៃជិត២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២

អត្ថបទដោយ៖
CPA

ភ្នំពេញ៖នៅក្នុងឆ្នាំ២០២២កន្លងទៅ កម្ពុជាបាននាំចេញផលិតផល មិន មែន កាត់ដេរ ដែលមានដូចជា ម៉ាស៊ីនគ្រឿងអគ្គិសនីនិងសម្ភារៈអគ្គិសនីផ្សេងៗ សម្រេចបានក្នុងទំហំទឹកប្រាក់ប្រមាណ ១ ៩៩៨លានដុល្លារ កើនឡើង ៨៥ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើតាមរបាយការណ៍ពីក្រសួង ពាណិជ្ជកម្ម។

នៅក្នុងវេទិកាសាធារណៈស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣»កាលពីពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកម្មន្តសាល ហាក់មានភាពរីកចម្រើន និងរឹងមាំ បើទោះបីជាកម្ពុជា ជួបប្រទះនូវវិបត្តិ កូវីដ១៩ ក៏ដោយ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចនៅឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា៖« ការផលិតនិងការនាំចេញផ្នែកឧស្សាហកម្មកម្មន្ត សាល មិនមែនកាត់ដេរ ដូចជា កង់ បន្ទះសូឡា ខ្សែអុបទិច និងបន្ទះឈីប ជាដើម សុទ្ធតែមានកំណើនខ្លាំង នៅឆ្នាំ២០២២ លើកលែងតែការនាំចេញ ផលិតផលកាត់ដេរ ប៉ុណ្ណោះ។ មានការអ្នកវិនិយោគថ្មីៗ ដែលមានបំណង ចូល មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏មាននិន្នាការទៅលើវិស័យ កម្មន្តសាល ផងដែរ»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង បាននិយាយថា ពេលអាម៉េរិក និងចិន កើតមានវិបត្តិសង្រ្គាមពាណិជ្ជកម្ម ប្រទេសកម្ពុជា ហាក់ដូចជា ចាប់បានឱកាសច្រើន ក្នុងការនាំចេញទំនិញមួយចំនួនទៅកាន់ ទីផ្សារអន្តរជាតិ។

ឧកញ៉ាថែមទាំងបានកត់សម្គាល់ឃើញថា៖« ការវិនិយោគក្នុងឧស្សហ កម្ម ផលិតគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី នៅក្នុងប្រទេសកម្ពុជា មានភាព រីកចម្រើន ជាពិសេសការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី ទៅ កាន់ទីផ្សារសហរដ្ឋអាម៉េរិក សហគមន៍អឺរ៉ុប និងបណ្ដាទីផ្សារផ្សេងៗ ក៏ បានកើនឡើង ផងដែរ។ ម្យ៉ាងវិញទៀត ការលើកលែងការយកពន្ធ របស់អាម៉េរិក លើការនាំចូលបន្ទះសូឡាពីកម្ពុជា ក៏ជាកត្តា ធ្វើឱ្យ ការនាំចេញគ្រឿងអគ្គិសនី និងសម្ភារៈអគ្គិសនី កើនឡើងដែរ»។

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា តាមការសិក្សា និងកត់សម្គាល់ឃើញថា វិស័យ ដែលជួយឱ្យកម្ពុជាមានការរីកចំរើនច្រើន នោះរួមមានបួនវិស័យតូច រួមមានវិស័យឧស្សាហកម្មមិនមែនកាត់ដេរ វិស័យឧស្សាហកម្មកាត់ដេរ ,វិស័យលក់រាយ និងវិស័យSME។

លោកបញ្ជាក់បន្ថែមថា៖« តាមការមើលឃើញរបស់ខ្ញុំ មានតែវិស័យបួន ហ្នឹងទេដែលមានការកើនឡើង ។ ជាពិសេសវិស័យឧស្សាហកម្មមិនមែន កាត់ដេរ ដែលរួមមានការផលិតគ្រឿងបរិក្ខាអេឡិចត្រូនិក គ្រឿងអគ្គិសនី ឬគ្រឿងបង្គុំផ្សេង បានផ្តល់តម្លៃបន្ថែមច្រើន ដោយកម្ពុជាគួរទាក់ទាញអ្នក វិនិយោគបរទេសឱ្យមកវិនិយោគលើវិស័យនេះកាត់តែច្រើន ដើម្បីជំរុញការ នាំចេញ នូវផលិតផលទាំងនោះទៅកាន់ទីផ្សារបរទេសបន្ថែមទៀត»។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុង ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មនាំចេញរបស់កម្ពុជាទៅកាន់ពិភពលោក មាន ចំនួន ២២ ៤៤៧,២ លានដុល្លារអាមេរិក កើនឡើង ១៦,៧ភាគរយ ធៀប នឹងឆ្នាំ២០២១ ដែលក្នុងនោះ ផលិតផលកាត់ដេរមានកំណើន ១៤,១ ភាគរយ, ផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា គ្រឿង បំណែក អេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ ផលិតផលពីឈើ ផលិតផលប្លាស្ទិក គ្រឿង បន្លាស់រថយន្ត និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានកំណើន ២៦,២ ភាគរយ , និងកសិផលមានកំណើន ៦,៦ភាគរយ៕
ដោយ៖វណ្ណ សុជាតា

ads banner