អ្នកជំនាញភូមិសាស្ត្រនយោបាយ បង្ហាញសុទិដ្ឋិនិយមចំពោះកិច្ច សហប្រតិបត្តិការយោធារវាងកម្ពុជានិងឥណ្ឌា
ភ្នំពេញ៖ អ្នកសិក្សាផ្នែកភូមិសាស្ត្រនយោបាយ បង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងឥណ្ឌា។ការបង្ហាញទស្សនៈបែបនេះបន្ទាប់ពីកម្ពុជាកម្ពុជានិងឥណ្ឌា បានចុះ ហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការកងទ័ពជើងគោករវាងប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹង និងពង្រីក ចំណង មិត្តភាពកម្ពុជា-ឥណ្ឌា និងបើកច្រកទំនាក់ទំនងផ្ទាល់រវាង អង្គភាព ចំណុះនៃកងទ័ពជើងគោកប្រទេសទាំងពីរ កាលពីដើម ខែកុម្ភៈនេះ។
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានិងបាន ជួប ពិភាក្សាការទ្វេភាគីជាមួយលោកម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោកឥណ្ឌា កាលពីសប្ដាហ៍មុន នៅរដ្ឋធានី ញូវដែលី សាធារណរដ្ឋឥណ្ឌា។
ភាគីទាំងពីរចាត់ទុកថាជាជំហានថ្មីមួយទៀតក្នុងការ ជំរុញសកម្មភាព កិច្ច សហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែសកម្មរស់រវើក ជាពិសេស តាមរយៈការបើកច្រកឱ្យមានទំនាក់ទំនងផ្ទាល់រវាងអង្គចំណុះនៃកងទ័ពជើងគោកប្រទេសទាំងពីរ ។
លោកថុង ម៉េងដាវិត អ្នកស្រាវជ្រាវប្រចាំមជ្ឈមណ្ឌលមេគង្គសម្រាប់ ការសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នក ជំនាញការទូតសន្តិសុខ យល់ថា ការពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិនិងពិពិធកម្មដៃគូក្នុងវិស័យយោថា ជាផ្នែកសំខាន់មួយ មិនអាច ខ្វះបានក្នុងគោលនយោបាយការពារជាតិរបស់កម្ពុជា ដើម្បីធ្វើទំនើបកម្មយោធា និងលើកកម្ពស់សមត្ថភាពកងទ័ព ជាប្រយោជន៍លើវិស័យការពារជាតិ។
លោកថុង ម៉េងដាវិត បន្តថា៖ «ឥណ្ឌាគឺជាមហាអំណាចតំបន់មួយ ដែលមានយោធានិងសេដ្ឋកិច្ចខ្លាំងនៅក្នុងតំបន់ ហើយដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គឺជាសញ្ញាល្អក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ និងជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការនៃប្រទសទាំងពីរ។ កម្ពុជាមិនបានចាប់ដៃគូជាមួយប្រទេសណាដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយកម្ពុជាបន្តគាំទ្រយន្តការ និងកិច្ចសហប្រតិបត្តិការនានានៅក្នុងតំបន់ដែលបម្រើដល់កិច្ចការពារសន្តិសុខតំបន់ ផ្នែកលើគោលការណ៏គោរពគ្នាទៅវិញទៅមកឈរលើកគោលការណ៏ច្បាប់អន្តរជាតិ»។
លោកថុង ម៉េងដាវិត អះអាងថា កម្ពុជាបានប្រកាន់ខ្ជាប់គោលនយោបាយការបរទេសអព្យាក្រឹត្យ ដោយផ្តោតសំខាន់តែលើការអភិវឌ្ឃន៍សង្គម-សេដ្ឋកិច្ច ព្រមទាំងពង្រឹងសមត្ថភាពកងទ័ពខ្លួនតែប៉ុណ្ណោះ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារសន្តិសុខជាតិ ខណៈសន្តិសុខសកលកំពុងជួបភាពផុយស្រួយ ពិបាកទស្សន៍ទាយ បូកផ្សំនឹងការប្រកួតប្រជែងមហាអំណាចកំពុងតានតឹងខ្លាំង។ ដូច្នេះទាមទារកម្ពុជាត្រូវមានភាពរឹងមាំលើវិស័យការពារជាតិដើម្បីអាចឆ្លើយតបនឹងស្ថានការណ៍វិវត្តបានភ្លាមៗនិងមានប្រសិទ្ធភាព។
សម្រាប់លោកវណ្ណ ប៊ុនណា អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយមើលឃើញថា ជាសញ្ញាណល្អចំពោះកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងឥណ្ឌា ខណៈប្រទេសទាំងពីរមានទំនាក់ទំនងវប្បធម៌ចាក់ឬសគល់ជ្រៅនឹងគ្នា ។ លោកថា បច្ចុប្បន្នប្រទេសទាំងនៅមិនទាន់ផ្នែកកិច្ចសហការផ្នែកយោធាជ្រៅជាមួយគ្នាឡើយ បើធៀបជាមួយចិន និងបណ្តាប្រទេសផ្សេងៗទៀត ខណៈទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងត្រឹមនៅក្នុងកម្រិតប្រពៃណីនៃឥទ្ធិពលសាសនា វប្បធម៌ ផ្អែកតាមទិដ្ឋភាពប្រវត្តិសាស្រ្ត។ លោកបញ្ជាក់ថា កិច្ចសហការលើកនេះ ត្រឹមនៅក្នុងកម្រិតចុះហត្ថលេខាប៉ុណ្ណោះ ដែលទាមទារការអនុវត្តក្នុងយន្តការជាក់លាក់បន្ថែមទៀត។
លោកវណ្ណ ប៊ុនណា ថ្លែងថា៖«វាជាការល្អសម្រាប់កម្ពុជា នៅក្នុងការបង្កើនទំនាក់ទំនងផ្នែកយោធានៃប្រទេសកម្ពុជានិងឥណ្ឌាឲ្យកាន់តែច្រើនថែមទៀត ទាំងការផ្តល់ជំនួយផ្នែកឧបករណ៍យោធា ទាំងការហ្វឹកហ្វឺនផ្នែកយោធា ហើយជាពិសេសបើអាចមានការធ្វើសមយុទ្ធរួមគ្នា ដែលវាអាចបង្ហាញទិដ្ឋភាពសម្រាប់កម្ពុជាដែលចង់មានមិត្តច្រើនក្នុងវិស័យោធា ហើយវាអាចជាការបង្ហាញការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងគោលនយោបាយខ្លូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
លោក សេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ សាទរចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងឥណ្ឌានេះ ដោយសារឥណ្ឌាជាមហាអំណាចទើបលេចមុខមាត់ថ្មី ទាំងក្របខ័ណ្ឌវិស័យយោធាផង។លោករំលឹកថា ឥណ្ឌាទាំងនៅក្នុងអតីតកាល និងបច្ចុប្បន្នជាអំណាចប៉ូលកណ្តាល ឬជាមហាអំណាចអព្យាក្រឹតចំពោះមុខការប្រណាំងប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាចលោកសេរីនិងកុម្មុយនីស្ត ។លោកបន្ថែមថា កិច្ចសហការនេះអាចជួយកម្ពុជាអាចបង្កើតមិត្ត ព្រមទាំងមានលទ្ធភាពកាច់ចង្កូតគោលនយោបាយការបរទេសដោយខ្លួនឯងបាន ដែលអាចឈោងចាប់ដៃគូថ្មីៗទៀតបាន មិនផ្អែកលើតែទំនាក់ទំនងមិត្តប្រពៃណី។
លោក សេង វណ្ណលី បន្ថែមថា ការសហការទំនាក់ទំនងយោធាជាមួយឥណ្ឌាដែលជាមហាអំណាចប៉ូលអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ ជាខែលការពារកម្ពុជាជុំវិញការប្រទាញប្រទង់អំណាចពីប៉ូលចិន និងសហរដ្ឋអាមេរិកក្នុងទំនាស់ភូមិសាស្រ្តនយោបាយផងដែរ។ លោកថា ឥណ្ឌាខ្លួនឯងក៏ដឹងច្បាស់ពីស្ថានការណ៍ ខណៈខ្លួនចង់ក្លាយជាមេដែកដើម្បីឆក់យកប្រទេសនានាដែលមិនចង់ចាប់ប៉ូលអំណាចណាមួយក្នុងចំណោមចិន និងអាមេរិក៕
ដោយ៖ សំបាន ច័ន្ទដារ៉ា