មន្រ្តីសុខាភិបាលថា ឥទ្ធិពលនៃការឆ្លងមេរោគកូវីដ ១៩ក្នុង ប្រទេស កម្ពុជា មិនអាចសំដៅទៅលើតែប្រទេសចិនតែមួយនោះទេ
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានបញ្ជាក់ឱ្យដឹងថា ឥទ្ធិពលនៃការឆ្លងមេរោគកូវីដ១៩នៅក្នុងប្រទេសកម្ពុជា មិនអាច ផ្តោតសំដៅតែទៅលើសាធារណរដ្ឋប្រជាមានិតចិនតែមួយនោះទេ ប៉ុន្តែត្រូវមើលជារួមនូវការធ្វើចរាចរណ៍របស់មនុស្សដែលបានធ្វើដំណើរចូលក្នុងប្រទេសកម្ពុជា ដែលមានស្ទើរតែគ្រប់ជាតិសាសន៍ ទាំងអស់ នាពេលបច្ចុប្បន្ននេះ។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានលើក ឡើងឱ្យដឹងដូចនេះ កាលពីថ្ងៃទី៦ ខែកុម្ភៈ បន្ទាប់ ពី មានការលើកឡើងថាបន្ទាប់ពីចិនបើកប្រទេសឡើងវិញ និងបើក របាំងសូន្យកូវីដ (Zero Covid) តើឥទ្ធិពលនៃការឆ្លងកូវីដ១៩ ដោយ សារចិននេះបានមកដល់កម្ពុជាទេ ឬក៏មិនមានអ្វីគួរឱ្យកត់ សម្គាល់ ដែរនោះទេ?។
លោកជំទាវបានបញ្ជាក់ថា ៖ «បច្ចុប្បន្នេះ យើងមិនអាចសំដៅតែ ទៅលើសាធារណរដ្ឋប្រជាមានិតចិននោះទេ តែយើងត្រូវមើលជារួមថា ការដែលធ្វើចរាចរណ៍នៃមនុស្សដែលធ្វើដំណើរនៅលើសកលលោកនេះ មិនមានតែចិននោះទេ គឺមានគ្រប់ពូជសាសន៍ទាំងអស់ ដូចជា មានមកពីអាមេរិក ប្រទេសខាងអឺរ៉ុប អូស្រ្តាលី និងបណ្តាប្រទេស អាស៊ី រួមនឹងប្រទេសជិតខាងយើងផងដែរ»។
លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់បន្ថែមថា ៖ «យើងមិនគួរណា ផ្តោតអារម្មណ៍តែទៅលើបញ្ហាអ្នកទេសចរចិនដែលចូលមកកម្ពុជានោះទេ ហើយបញ្ហាកូវីដនេះយើងទាំងអស់គ្នាដឹងហើយ ថាការឆ្លង រាលដាលនៃមេរោគកូវីដ១៩នេះគឺដោយសារការចល័តរបស់បុគ្គល ហើយការចល័តនេះមិនមែនសំដៅតែលើប្រទេសណាមួយនោះទេ ពីព្រោះគ្រប់មនុស្សទាំងអស់ដែលគាត់ធ្វើដំណើរ។ គឺយើងមិនអាច ដឹងថាតើគាត់មានឬមិនមានផ្ទុកមេរោគកូវីដ១៩នោះដែរ»។
មន្រ្តីសុខាភិបាលរូបនេះបានបញ្ជាក់ថា ចំណុចសំខាន់មិនត្រូវផ្តោត ទៅលើប្រទេសណាឬជនជាតិណានោះទេ តែអ្វីចាំបាច់គឺត្រូវចេះ ការពារខ្លួន ហើយត្រូវរក្សាឱ្យបាននូវភាពសុំារបស់បុគ្គល និងភាព សុំារបស់សហគមន៍។ នៅពេលណាដែលមានភាពសុំារឹងមាំ នោះនឹង មិនមានបញ្ហាណាមួយដែលជះឥទ្ធិពលលើវិបត្តិនៅក្នុងការដើរត្រឡប់ថយក្រោយទៅវិញនូវការផ្ទុះចេញជាទ្រង់ទ្រាយធំ ឬក្នុងសភាព ណា មួយដែលធ្ងន់ធ្ងរឡើយ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៧ ខែកុម្ភៈ កម្ពុជាបានទទួលស្វាគមន៍ នូវការហោះហើរត្រង់មកវិញលើកដំបូងរបស់យន្តហោះអាកាសចរាចរណ៍ Air China ពីទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែល មាន អ្នកទេសចររហូតដល់ចំនួន ១២២ នាក់។
កាលពីថ្ងៃទី២៧ ខែមករា កន្លងទៅថ្មីៗនេះដែរ កម្ពុជាក៏បានទទួល ស្វាគមន៍ជើងយន្តហោះជាប្រចាំលើកដំបូង (Regular Flight) នៃការចាប់ផ្តើមហោះហើរជាថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ Ruili Airlines មកកាន់ខេត្តព្រះសីហនុដែលមានអ្នកដំណើរសរុបចំនួន ១០៤នាក់ផងដែរ។
នាដើមខែមករា ឆ្នាំ២០២៣ កន្លងទៅនោះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីម្ពុជា ក៏បានប្រកាសឱ្យដឹងផងដែរថា កម្ពុជានឹង មិនរើសអើង ហើយបើកទ្វារទទួលស្វាគមន៍ភ្ញៀវចិនជាមួយ ក្តីរំពឹង ថានឹងអាចទទួលបានទេសចរចិនប្រមាណពីរ លាននាក់ក្នុងឆ្នាំ ២០២៣ នេះ ខណៈប្រទេសមួយចំនួនលើពិភពលោក កំពុងស្ទាក់ ស្ទើរ ឬបានដាក់ចេញវិធានការទាក់ទងនឹងការធ្វើដំណើរ របស់ជន ជាតិចិនដោយបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ ឡើងវិញ នៅក្នុងប្រទេសចិន។
សូមរំឮកផងដែរថា ទាក់ទងនឹងការចាក់វ៉ាក់សាំងកូវីដ១៩ យុទ្ធនាការ នៃការចាក់វ៉ាក់សាំងកូវីដ ១៩ ដូសជំរុញដល់សិស្សានុសិស្សនៅ ភ្នំពេញ បានចាប់ផ្តើម កាលពីថ្ងៃទី ៦ ខែកុម្ភៈ ដោយយុទ្ធនាការ នេះមានរយៈពេល ២៧ថ្ងៃ ដោយមានការចូលរួមជួយពី ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត «យុវជនសម្តេចតេជោ (TYDA)» រហូតដល់ចំនួន ៣២ ក្រុមដែលនឹងត្រូវចាក់វ៉ាក់សាំងជូនសិស្សានុសិស្សចំនួន ២៣៩ ៨៦៣ នាក់។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ អត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ដូសទី៦ មានចំនួន ជិត២០ម៉ឺននាក់ផងដែរ។
បើតាមការបញ្ជាក់ពីលោកជំទាវ ឱ វណ្ណឌីន ដំណើរការចាក់ វ៉ាក់សាំង កូវីដ១៩នៅក្នុងប្រទេសកម្ពុជានៅពេលនេះឈានដល់ការចាក់ដូសជំរុញ ដូសទី៦ហើយ ហើយបន្ទាប់ពីដូសទី៦នេះទៅ ប្រមុខរាជរដ្ឋា ភិបាល កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាត ឱ្យចាក់វ៉ាក់សាំងនេះជាប្រចាំ (Routine)ផងដែរ។
បុគ្គលដែលបានចាក់ដូសទី៦ រួច បន្ទាប់ពី៦ខែឡើងទៅ ពួកគាត់អាច ស្វែងរកការចាក់វ៉ាក់សាំងទៅតាមមូលដ្ឋានសុខាភិបាលសាធារណៈបានដូចទៅនឹងការចាក់វ៉ាក់សាំងការពារផ្តាសាយដែលត្រូវចាក់មួយឆ្នាំម្តងៗដែរ៕
ដោយ៖នាង សុគន្ធា