ឯកឧត្តម ថោង ខុន៖ កម្ពុជា បានត្រៀមព្រឹត្តការណ៍ជាច្រើន ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន នៃខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន
ភ្នំពេញ៖ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា បានត្រៀមព្រឹត្តការណ៍ជាច្រើន ដូចជា ព្រឹត្តការណ៍ វប្បធម៌ កីឡា និងសន្និសិទ ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន នៃខួបទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ នេះជាការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងឪកាសទទួលស្វាគមន៍ភ្ញៀវទេសចរចិន ជាងមួយរយនាក់ នារសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងមានការអញ្ជើញចូលរួមពីសមណាក់ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម ថោង ខុន បន្ថែមថា កម្ពុជា និងផ្នែកពាក់ព័ន្ធទាំងអស់មានសេចក្តីរីករាយណាស់នេះជាលើកទី១ ក្រោយប្រទេសចិនបានបើកប្រទេសឡើងវិញពីថ្ងៃទី០៨ ខែមករា និងជាលើកទី១ ដែលមានការហោះហើរធំពីរាជធានីប៉េកាំង មករាជធានីភ្នំពេញរបស់កម្ពុជា តាមជើងហោះហើរពិសេសរបស់រដ្ឋាភិបាលចិន ( AIR CHINA )។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ទេសចរចិន គឺសំខាន់ណាស់សម្រាប់ពិភពលោក មិនមែនតែកម្ពុជាទេ ដោយទេសចរចិនបានដើរចេញក្រៅ១៥៥លាននាក់ មុនកូវីត បើតាមការបញ្ជាក់របស់អង្គការទេសចរពិភពលោក ក្នុងចំណោមប្រជាជនចិនជាង៣០០លានាក់ មានលទ្ធភាពដើរចេញក្រៅ។ និយាយរួមមុនកូវីត កម្ពុជាទទួលបានភ្ញៀវទេសចរចិន ២លាន៣សែននាក់ តែក្រោយកូវីតឆ្នាំ២០២២ កម្ពុជាទើបតែទទួលបានភ្ញៀវទេសចរចិន ១១ម៉ឺននាក់ ដោយកម្ពុជាបើកប្រទេសវិញ ចិនមិនទាន់បើក។ ឯកឧត្តម ថោង ខុន គូសបញ្ជាក់បន្ថែម។
ឯកឧត្តម បន្តថា ចិនបានបើកអោយប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តជាង២០ប្រទេស ដូចជា ម៉ាឌាវ ថៃ ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ នេះជាមោទនភាពមួយ និងកិត្តិយសរបស់កម្ពុជា ដែលប្រជាជនចិនជឿជាក់គោលដៅ គឺគោលដៅសុវត្តិភាព ដោយមិនអោយបយកគាត់បារម្ភនោះទេ។ ឯកឧត្តម ថោង ខុន សង្កត់ធ្ងន់ថា ក្រសួងទេសចរណ៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការងារច្រើនណាស់ ដោយបានធ្វើសៀវភៅស « China Ready » សម្រាប់ភ្ញៀវទេសចរចិន គឺគ្រប់សេវាកម្មទាំង៧ ត្រូវផ្តល់អោយទេសចរចិនប្រកបដោយគុណភាព ទាំងសេវា អនាម័យ គ្រប់បែបយ៉ាង ……..ដាក់សម្ភាសន៍ឯកឧត្តមរដ្ឋមន្រ្តី ….. ១នាទី០៩វិនាទី……. ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងទៀតថា ដើមឆ្នាំ២០២៣ កម្ពុជាទទួលទេសចរអន្តរជាតិ បាន៤០ម៉ឺននាក់ ក្នុងនោះភ្ញៀវជាតិចិន មាន២ម៉ឺន៥ពាន់នាក់។ តួលេខនេះ បើប្រៀប ធៀបនឹងឆ្នាំ ២០២២នេះ គឺមានការកើនឡើង៧៩៤%, ប៉ុន្តែបើប្រៀបធៀបនឹងឆ្នាំ២០១៩ គឺនៅមិនទាន់បានស្មើនៅឡើយទេ។ តួលេខ៤០ម៉ឺននាក់ក្នុងមួយខែមករានេះ គឺថយចុះ ៣៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ឯកឧត្តម បានរំពឹងថា តួលេខភ្ញៀវទេសចរណ៍បរទេស នឹងបន្តកើនឡើងថែម ទៀតក្នុងពេលដែលនឹងមានជើងហោះហើរពីប្រទេសចិន ជាពិសេសពីគួនមីង និងសៀងហៃ មកសៀមរាប ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

គួររម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថ្មីៗនេះថា រំពឹងថា តួលេខភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងឆ្នាំ២០២៣ នឹងមានរវាងពី ៣លាន ៤លាននាក់សាឡើងវិញ ខណៈក្នុងឆ្នាំ២០២២កន្លងមកនេះ តួលេខភ្ញៀវទេសចរណ៍របស់ កម្ពុជាដែលមិនទាន់គិតពីលំហូរសាឡើងវិញ នៃទេសចរណ៍ចិននោះ មានចំនួនដល់២លាន ២៧ម៉ឺន៦ពាន់៦២៦នាក់រួចទៅហើយ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ នៃការមកដល់របស់ភ្ញៀវទេសចរចិន ដោយលើកទី១ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ភ្ញៀវទេសចរចិនចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់បានមកដល់ខេត្តព្រះសីហនុ។ និងមាននាវាទេសចរណ៍ខ្នាតធំ២គ្រឿង មានឈ្មោះ SEABOURN ENCORE សញ្ជាតិ Bahamas មានបណ្ដោយប្រវែង២១០ម៉ែត្រ ទទឹង២៨ម៉ែត្រ និងជម្រៅទឹក៦,៧០ម៉ែត្រ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៤២៩នាក់ និងនាវិក៤៣០នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ។ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងទៀត មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗ ក្នុងខេត្តព្រះសីហនុ៕ ចាន់ វិចិត្រ
