ប្រទេសថៃមានករណីពពោះជំនួសចំនួន៦២១ករណី នៅអំឡុង ប្រាំពីរឆ្នាំចុងក្រោយ

ថៃ៖ប្រទេសថៃមានករណីពពោះជំនួសចំនួន៦២១ករណីនៅ អំឡុង ប្រាំពីរឆ្នាំចុងក្រោយកន្លងទៅនេះ។ ករណីពពោះជំនួសទាំងអស់ នោះ ត្រូវបានអនុម័តនៅក្នុងប្រទេសថៃ ចាប់តាំងពីថៃបាន បង្កើត ច្បាប់ស្ដីពីសេវាពពោះជំនួស។នេះបើយោងតាមលោកវេជ្ជបណ្ឌិត ស៊ូរ៉ា វីសេតសាក់(Sura Visetsak )អគ្គនាយកនៃនាយកដ្ឋានគាំទ្រ សេវាសុខភាពរបស់ក្រសួងសុខាភិបាលថៃថ្លែងប្រាប់អ្នកកាសែត។

លោកវេជ្ជបណ្ឌិត វិសេតសាក់ មានប្រសាសន៍ថា ច្បាប់ការពារ កុមារដែលកើតដោយសារជំនួយបច្ចេកវិទ្យាសម្រាប់បន្តពូជត្រូវបានអនុម័ត ដើម្បីអនុញ្ញាតឱ្យគូស្វាមីភរិយាដែលរៀបការស្របច្បាប់ ប៉ុន្តែគ្មានកូនអាចបង្កើតកូនបាន មួយវិញទៀតច្បាប់នេះមិន អនុញ្ញាត ឱ្យមានការទិញដូរសម្រាប់សេវាពពោះជំនួសនេះឡើយ។

លោកបានពន្យល់ថា តាមច្បាប់ថៃ គូស្វាមីភរិយាដែលអាចស្វែង រកសេវាពពោះជំនួសត្រូវតែទទួលបានការយល់ព្រមពីគណៈកម្មាធិការដែលមានភារកិច្ចការពារទារក។ លោកបន្ថែមថា៖«មានតែ គូ ស្នេហ៍ថៃដែលរៀបការរួចប៉ុណ្ណោះដែលអាចស្វែងរកសេវាពពោះជំនួសនៅប្រទេសថៃបាន។យ៉ាងហោចណាស់ប្ដីប្រពន្ធ ម្នាក់ត្រូវមាន សញ្ជាតិថៃ និងត្រូវតែរៀបការរួចយ៉ាងហោចណាស់បីឆ្នាំ។ចំពោះ អ្នកពពោះជំនួសត្រូវតែមានកូនយ៉ាងតិចម្នាក់។ប្រសិនបើស្ត្រីរៀបការរួចចង់ពពោះជំនួស នាងត្រូវតែទទួលបាន ការយល់ព្រមពីប្តីរបស់នាងជាមុនសិន»។

នៅប្រទេសថៃច្បាប់បានហាមឃាត់ការប្រើប្រាស់បច្ចេកវិទ្យាបន្តពូជដើម្បីជួញដូរ។ម្យ៉ាងទៀតអំពើទិញដូរអូវុល មេជីវិតឈ្មោល និង អំប្រ៊ីយ៉ុង ក៏ត្រូវចាត់ទុកថាជាអំពើខុសច្បាប់។

ទាក់ទងនឹងសេវាសុខភាពបន្តពូជវិញលោកវេជ្ជបណ្ឌិត Sura Visetsakនិយាយថា នៅពេលដែលជំងឺកូវីដ១៩ ធូរស្រាល មានគូស្វាមីភរិយាបរទេសមួយចំនួនបានទៅលេងប្រទេសថៃ ដើម្បីទទួលការព្យាបាលលើបញ្ហាដែលពួកគេមិនអាចមានកូនបាន ។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា មានមន្ទីរពេទ្យ និងគ្លីនិករដ្ឋ និង ឯកជន ជាច្រើនដែលផ្តល់សេវា ព្យាបាលបញ្ហាគ្មានកូននេះ ហើយពួកគេ អាចរកប្រាក់ចំណូលយ៉ាងច្រើនសម្រាប់កំណើនសេដ្ឋកិច្ចរបស់ថៃ៕
ដោយ៖វណ្ណ ស័ក្ដិ

ads banner