កម្លាំងជំនាញរុករកឃើញសំណល់ជាតិផ្ទុះជាង២.៧០០គ្រាប់ និងនាវាលិចក្នុងបាតទន្លេនៅកោះពាមរាំង

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រុមប្រតិបត្តិរុករក និងសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ បានស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទ បានចំនួនជាង ២.៧០០ គ្រាប់ ដែលក្នុងនោះមានគ្រាប់មីនចំនួន៣៦គ្រាប់ កាំភ្លើងធុន ស្រាល ចំនួនពីរដើម ដែលគិតជាទម្ងន់សរុបជាង៤០តោន។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាព កម្ចាត់ មីនកម្ពុជា (CMAC) បានលើកឡើងនៅថ្ងៃទី៧ ខែកុម្ភៈ នាការដ្ឋាន បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិច ក្នុង បាតទន្លេ ដែលស្ថិតនៅភូមិកោះពាមរាំង ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ក្នុងវេទិកាសាធារណៈស្តីពីការ បូមខ្សាច់ ដើម្បីគាំទ្រកិច្ចប្រតិបត្តិការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេ។

ឯកឧត្តម ហេង រតនា បានលើកឡើងថា ៖ «ប្រតិបត្តិការ ប្រាំបីខែ កន្លងទៅនេះសម្រេចបានលទ្ធផលស្រង់គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ២ ៧០៧ គ្រាប់ ក្នុងនោះមានគ្រាប់មីនចំនួន ៣៦ គ្រាប់ កាំភ្លើងធុនស្រាលចំនួនពីរដើម។ គិតជាទម្ងន់សរុបជាង ៤០តោន»។

ឯកឧត្តមឱ្យដឹងដែរថា គណ:កម្មការអន្តរក្រសួងដើម្បីសិក្សា និង ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវា ដែលលិចនៅក្នុងទន្លេ រៀបចំវេទិកាសាធារណ:នេះ មានគោល បំណងដើម្បីផ្សព្វផ្សាយស្តីពីកិច្ចប្រតិបត្តិការស្រង់គ្រាប់មិនទាន់ផ្ទុះនិងបំបែកនាវាដែលបានរកឃើញនៅបាតទន្លេ ដើម្បីស្វែងយល់ និង ដោះស្រាយកង្វល់ ព្រមទាំងសំណូមពរ របស់ប្រជាពលរដ្ឋដែល កំពុង រស់នៅលើកោះពាមរាំង និងក្បែរតំបន់ប្រតិបត្តិការបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ឯកឧត្តម ហេង រតនា បានបន្តថា ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្ភខ្លះៗអំពីការបូមខ្សាច់បណ្តាលឱ្យបាក់ដីច្រាំងទន្លេ បាត់បង់ដីកោះពាមរាំងទាំងមូល ជាដើម។
កិច្ចប្រតិបត្តិការនេះ មានការគិតគូរនិងការប្រើប្រាស់សម្ភារ:បច្ចេក ទេសទាន់សម័យ មានរូបភាពផែនទីច្បាស់លាស់ណាស់ ហើយ ការបូមខ្សាច់ដើម្បីបម្រើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោនលិចក្រោមដីបាតទន្លេ ស្ថិតតែនៅផ្នែកខាងលើ នៃក្បាលកោះ ដោយតំបន់ដីគោក គឺប្រើប្រាស់គ្រឿងចក្រ កាយ ដីយកគ្រាប់ និងលុបដីជូនប្រជាពលរដ្ឋវិញ ។ នេះបើតាមការ បញ្ជាក់ថារបស់ឯកឧត្តម ហេង រតនា ។

ឯកឧត្តមបានលើកឡើងថា ៖ «ក្នុងរយៈពេលធ្វើប្រតិបត្តិការ នេះ គ្មាន ហេតុផលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ ឬត្រូវ បាក់ដីបាត់កោះពាមរាំងដែលទំហំបណ្តោយជិតប្រមាណ ៤ ៥០០ ម៉ែត្រនោះទេ ព្រោះកិច្ចប្រតិបត្តិការនេះដើម្បីសេចក្តីសុខសុវត្ថិភាព ប្រជាពលរដ្ឋ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ និងសង្គម ជាតិ ក៏ដូចជាគាំទ្រការអភិវឌ្ឍប្រទេសជាតិផងដែរ»។
សូមរំឮកផងដែរថា ដោះស្រាយបញ្ហា ក៏ដូចជាបង្ការគ្រោះថ្នាក់ដល់ អាយុជីវិតរបស់ប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យមានការសិក្សាស្រាវជ្រាវ និងកំណត់ទីតាំងដែលនាវា ចម្បាំងលិច ដោយសម្ដេចបានបង្កើតក្រុមការងារអន្តរក្រសួងដើម្បី ចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២០។
ការរុករកយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះត្រូវបានចាប់ផ្តើមធ្វើឡើងក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងគោលដៅមិនឱ្យមានគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ នៅ ក្នុងប្រទេស។

ក្រុមការងារបានស្រង់គ្រាប់យុទ្ធភណ្ឌបានជាង ១៦ តោន រួមទាំង សម្ភារៈសឹក បំណែកឆ្អឹងសព និងស្រង់នាវាឡើងមកលើ គោក ជាស្ថាពរ ក្នុងកិច្ចប្រតិបត្តិការរយៈពេលប្រាំមួយ ខែ។
ក្រោយ ពីបញ្ចប់ប្រតិបត្តិការនៅទីតាំង ក្នុងស្រុកស្រីសន្ធរនេះ ដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ បានសម្រេចបន្ថែមសមាសភាពពាក់ព័ន្ធមួយ ចំនួនទៀតឱ្យ បន្តប្រតិបត្តិការសិក្សា ស្រាវជ្រាវ និងស្រង់យកគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលលិចក្នុងនាវាចម្បាំងមួយចំនួនទៀតនៅស្រុកល្វាឯម និងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, ស្រុកពាមជរ និងស្រុកពាមរក៍ ខេត្តព្រៃវែង៕
ដោយ៖ជា សុខនី

ads banner