កម្ពុជាបន្តរកកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹក (Video Inside)

ប្រទេសកម្ពុជា បានស្កេនរកឃើញកាកសំណល់ជាតិផ្ទុះរាយប៉ាយក្នុងទឹកដែលបន្សល់ទុកពី សម័យសង្គ្រាមជាច្រើនកន្លែង ក្នុងទំហំប្រមាណ១ម៉ឺនហិកតា។ សំណល់ជាតិផ្ទុះដែលរាយប៉ាយនៅក្រោមបាតទន្លេនេះ គឺស្ថិតនៅតាមបណ្ដាខេត្តដែលធ្លាប់រកការទម្លាក់គ្រាប់បែក ពីយន្តហោះសហរដ្ឋអាមេរិក។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC លោក ហេង រតនា បានថ្លែងថា តាមរយៈការទទួលព័ត៌មាននានា គឺគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះទាំងអស់នោះ មានរាយប៉ាយនៅចំនួនជាង ៣០០ទីតាំង ប៉ុន្តែមន្ត្រីជំនាញ បានស្កែនរុករកឃើញតែចំនួន១៩៤ទីតាំងប៉ុណ្ណោះ។

កម្ពុជាបានធ្វើការបោសសំអាតយកសំណល់ ជាតិផ្ទុះក្រោមទឹក បានមួយចំនួនរួចមកហើយរួមមាននៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ចប់ មួយជំហានធំ, នៅក្នុងខេត្តកំពង់ចាមដែលអនុវត្តទើបបានចំនួន៣ការដ្ឋាន។

បច្ចុប្បន្នកងកម្លាំងស៊ីម៉ាក់ និងអង្គភាពពិសេស៩១១ កំពុងប្រតិបត្តិការបោសសំអាតសំណល់ជាតិផ្ទុះ នៅតំបន់កោះពាមរាំង ស្ថិតក្នុងឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ដោយចាប់តាំងពីខែមិនា ឆ្នាំ២០២២មក បានរកឃើញគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនជាង ២ ពាន់៧០០គ្រាប់ បំណែកនាវាលិចទឹកចំនួនជាង ៦ពាន់៦០០គីឡូគ្រាម សរុបទាំងអស់មាន ជាង ៤០តោន ហើយសម្រាប់ការបោសសំអាតនៅទីតាំងនេះ គឺតម្រូវឲ្យបូមខ្សាច់ជាមុនសិន ។

កម្លាំងស៊ីម៉ាក់ និងប្រតិបត្តិករនានា នាប៉ុន្មានឆ្នាំមកនេះ បានរកឃើញជាបន្តបន្ទាប់ នូវសំណល់ជាតិផ្ទុះនៅក្នុងបាតទន្លេ ក្នុងនោះគឺនៅក្នុងឆ្នាំ២០២២ គេបានរកឃើញគ្រាប់បែក ទម្លាក់ដ៏ធំមួយដែលមានទម្ងន់រហូតដល់ប្រមាណ ១តោន ស្ថិតនៅទីតាំងក្នុងទន្លេចតុមុខ ខាងមុខព្រះបរមរាជវាំង ៕

ads banner