ស្របពេលគណបក្សភ្លើងទៀនប្រកាសធ្វើសមាជវិសាមញ្ញ៖ព័ត៌មានមួយទម្លាយថា លោក រ៉ុង ឈុន ត្រៀមយកតំណែង​កំពូលក្នុងគណបក្សនេះ

ភ្នំពេញ៖ ខណៈដែលគណបក្សភ្លើងទៀនប្រកាសជាផ្លូវការអំពីការប្រារព្ធសមាជវិសាមញ្ញនៅថ្ងៃសៅរ៍ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯខេត្តសៀមរាប មានព័ត៌មានមួយដែលទម្លាយដោយមនុស្សជំនិតលោករ៉ុង ឈុន បានឱ្យដឹងថា លោក រ៉ុង ឈុន​ ប្រធាន​​សហភាពសហជីពកម្ពុជា កំពុងតែត្រៀមឈានទៅកាន់​កាប់​​តំណែងកំពូលនៅក្នុងគណបក្សភ្លើងទៀន។

នៅរាត្រីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០២៣ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “ខ្ញុំ ជា​សមរង្ស៊ី ” បានសរសេរថា ៖”យោងតាម​​មនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើប​ឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រា​ពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀនហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ”។

លោក រ៉ុង ឈុន ក្នុងពេលធ្វើធម្មយាត្រា(រូបថត ហ្វេសប៊ុក លោក រ៉ុងឈុន)

គណនីដដែលបន្តថា៖”លោក រ៉ុង ឈុន សង្ឃឹមថា គាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី​​របស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះ ក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិពីរ ដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ ដែលមិនដឹងពេលណាចប់រឿងក្តីឡើយ”។

ប្រភពដដែលបន្តថា មនុស្សជំនិតលោក រ៉ុង ឈុន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Smilling ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះ លោកប្រធាន សម រង្ស៊ី នឹងចូលរួមប្រជុំតាមប្រព័ន្ធហ្សូមដើម្បីធ្វើសេចក្តីណែនាំ​និងរៀបចំផែនការយុទ្ធសាស្ត្រត្រៀម​ឆ្ពោះទៅសមាជគណបក្សភ្លើងទៀននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។

(រូបថតហ្វេសប៊ុក លោក រ៉ុងឈុន)

គួររំលឹកថា កាលពីថ្ងៃទីំ ៧ ខែកុម្ភៈ គណបក្សភ្លើងទៀនបានធ្វើសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា គណបក្សភ្លើងទៀន នឹងប្រារព្ធសមាជវិសាមញ្ញគណបក្ស ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការបោះឆ្នោត​ជាតិឆ្នាំ២០២៣។
សមាជវិសាមញ្ញនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧០០នាទីព្រឹក ដល់ម៉ោង ១៥.០០នាទីថ្ងៃរសៀល នៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ដោយឡែក នៅក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោក រ៉ុង ឈុន ក៏បានបង្ហោះលិខិតអញ្ជើញលោកចូលរួម”សិក្ខាសាលា​ស្តីពីការកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់គណបក្ស សម្រាប់ការបោះឆ្នោត​ជាតិឆ្នាំ២០២៣”នៅសណ្ឋាគារ Smilling ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបផងដែរ៕ដោយ៖ពលជ័យ

ads banner