គណបក្សភ្លើងទៀនត្រៀមរៀបចំសមាជកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយ របស់បក្ស សម្រាប់ការបោះឆ្នោត (Video Inside)
គណបក្សភ្លើងទៀន ត្រៀមនឹងរៀបចំសមាជវិសាមញ្ញមួយរបស់ខ្លួន ដែលនឹងមានក្តីរំពឹងជ្រើសរើសបេក្ខជនឈរឈ្មោះនាយករដ្ឋមន្ត្រីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងការបោះឆ្នោតសកលខែកក្កដា។
សេចក្តីរាយការណ៍បានបង្ហាញមិនផ្លូវការ នូវការផ្គូរផ្គងដាក់លោក រ៉ុង ឈុន ធ្វើជាបេក្ខជនឈរឈ្មោះជានាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានគេដកស្រង់សម្តីដែលប្រាប់បណ្តាញសារព័ត៌មានថ្ងៃនេះថា មិនទាន់ប្រាកដទេដោយត្រូវរង់ចាំសមាជនោះសិន។
យោងតាមសេចក្តីជូនដំណឹងរបស់គណបក្សភ្លើងទៀន សមាជវិសាមញ្ញមួយ «ដើម្បីកំណត់យុទ្ធសាស្ត្រ និងគោលនយោបាយរបស់បក្សសម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣» នឹងត្រូវធ្វើនៅថ្ងៃទី១១កុម្ភៈឆ្នាំ២០២៣ នៅភូមិព្រៃគុយ, ឃុំអម្ពិល, ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
លោក រ៉ុង ឈុន ត្រូវគេនិយាយថា លោកគឺជាបេក្ខភាពមួយ ដែលអាចនឹងគេគាំទ្រដោយសារតែប្រធានគណបក្សភ្លើងទៀនឈ្មោះ ទាវ វណ្ណុល និងអនុប្រធានគណបក្សលោក សុន ឆ័យ មិនអាចឈរជាបេក្ខភាពបានទេដោយសារតែមនុស្សមានសញ្ជាតិ២។ ចំណែកអនុប្រធានមួយទៀតឈ្មោះ ថាច់ សេដ្ឋា កំពុងស្ថិតក្នុងការឃាត់ខ្លួនពីបទពាក់ព័ន្ធនឹងការចេញសែកស្អុយ។