ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ថ្លែងថា យុវជនគឺជាកំលាំងមុតស្រួច ក្នុងការចូលរួមសកម្មភាព សេដ្ឋកិច្ចសង្គម នយោបាយ ពិសេសជំរុញលើកទឹកចិត្តឲ្យពួកគាត់អញ្ជើញទៅបោះឆ្នោត ថ្នាក់ជាតិ នៅឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ ៖ ឯកឧត្តម ជាប ដាវុធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកល្វាឯម ទទួលបន្ទុកយុវជន តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុន្នីរ័ត្នប្រធានក្រុមការងារគណបក្សចុះជួយខេត្តកណ្ដាល លើកឡើង នៅក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិកកម្មករនិយោជិកកំពង់ចម្លងអរិយក្សត្រ ភ្នំពេញ ជ្រោយចង្វារ និងស្វាយជ្រុំ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនាពេលប៉ុន្មានអាណត្តិមកនេះ កម្ពុជាបានផ្តល់សុខសន្តិភាពពេញផ្ទៃប្រទេស ក្នុងនោះប្រជាពលរដ្ឋទទួលសិទ្ធក្នុងការ រស់នៅ ប្រកបដោយសុខសាន្ត ស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ។
ឯកឧត្តម បន្តថា យុវជន ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាកំលាំងមុតស្រួច ក្នុងការចូលរួម សកម្មភាពសេដ្ឋកិច្ច សង្គម និងនយោបាយ ដូច្នេះក្នុងឱកាសបោះឆ្នោតសកល នៅឆ្នាំ២០២៣ខាងមុខនេះ យុវជនគណបក្សប្រជាជនកម្ពុជា ត្រូវបង្កើនការចូលរួមឲ្យបានសកម្ម ការណែនាំដល់ប្រជាពលរដ្ឋ និងយុវជនដែលទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
លោក អាន សំអន នាយកកំពង់ចម្លងបានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា កំពង់ចម្លងក៏បានអភិវឌ្ឍន៍ខ្លួនទៅតាមតម្រូវការអ្នកធ្វើដំណើរ ហើយបានផ្លាស់ប្ដូរពីកាណូតឈើមកកាណូដែក និងសាឡាង ដែលមានកម្រិតស្តង់ដារ ។
ធ្វើឲ្យសន្ទុះភ្ញៀវទៅមកកាន់តែកើនឡើងព្រមទាំងបានផ្ដល់ការងារជូនបុគ្គលិកតាំងពីចំនួន ៣នាក់ នាទសវត្សរ៍ឆ្នាំ១៩៨០ រហូតមកដល់បច្ចុប្បន្នមានបុគ្គលិកកម្មករកំពុងបម្រើការងារចំនួន ៣០១នាក់ ក្នុងនោះស្ត្រី ៩២នាក់ និងបុរស ២០៩នាក់ បែងចែកជាបួនទីតាំងរួមមាន កំពុងចម្លងភ្នំពេញ-អរិក្សត្រ ១១៨នាក់ កំពុងចម្លងកោះពេជ្រ-កោះនរា ៨២នាក់ កំពុងចម្លងជ្រោយចង្វារ-ស្វាយជ្រុំ ៦៥នាក់ និងកំពុងចម្លងភ្នំពេញ-ជ្រោយចង្វារ ៣៦នាក់ ៕ (អត្ថបទ ៖ ស៊ូ ប៊ុនធី , អាន ៖ សារ៉ាត)

