ចិន រិះគន់លោក ចូ បៃដិន ថាគ្មានទំនួលខុសត្រូវ ជុំវិញការចោទ លោក ស៊ី ជីនពីង ដោយគ្មានមូលដ្ឋាន
ចិន៖ ទីក្រុងប៉េកាំងនៃប្រទេសមហាអំណាចចិន កាលពីថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០២៣ បានសម្ដែងការមិនពេញចិត្តចំពោះការអត្ថាធិប្បាយ របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលថាលោក ស៊ី ជីនពីង កំពុងប្រឈមមុខនឹងបញ្ហាធំៗជាច្រើន។
ការលើកឡើងរបស់លោក ចូ បៃដិន បែបនេះត្រូវបានចិនចាត់ ទុក ថា ជា ការនិយាយស្ដីដោយគ្មានការទទួលខុសទាល់តែសោះ។ ការទាស់ ពាក្យសម្ដីគ្នារវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិន បានកើតឡើង បន្ទាប់ពីអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិនកាល ពី សប្តាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោនយល់ឃើញថាវាគឺជាបាឡុងយោធាសម្រាប់ធ្វើចារកម្មរបស់ចិន ដែលអាចធ្វើសកម្មភាពលាតសន្ធឹងទៅលើទ្វីបទាំង ៥ របស់ពិភពលោក។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានលើកឡើងថា ខ្លួនបាន បដិសេធ សំណើរហៅចូលតាមទូរស័ព្ទជាមួយប្រមុខការពារជាតិអាមេរិក ដោយសារតែការសម្រេចចិត្តដ៏គ្មានការទទួលខុសត្រូវរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបាញ់ទម្លាក់បាឡុងដែលត្រូវបានចោទប្រកាន់ កាលពី សប្តាហ៍មុន។ ក្រសួងការពារជាតិចិនបានបញ្ជាក់បន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទង្វើដែលមិនទទួលខុសត្រូវ និងខុសយ៉ាងធ្ងន់ធ្ងរបំផុតរបស់ សហរដ្ឋអាមេរិកនេះ មិនបានបង្កើតបរិយាកាសសមរម្យសម្រាប់ ការសន្ទនា និងការផ្លាស់ប្តូរមតិយោបល់គ្នាជុំវិញវិស័យយោធា នោះ ទេ»។
បន្ទាប់ពីកិច្ចប្រជុំ G20 កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ស្ថានភាព ទំនាក់ ទំនងរវាងលោក បៃដិន និងលោក ស៊ី មានការល្អប្រសើរជាងមុន មួយ រយៈពេលខ្លី ប៉ុន្តែទំនាក់ទំនងរវាងភាគីទាំងពីរបានធ្លាក់ចុះសារជាថ្មី ដោយកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លិងកិន (Antony Blinken) បានលុបចោលគម្រោងដំណើរ ទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ដោយសារតែការរកឃើញ បាឡុង របស់ចិន។ សហរដ្ឋអាមេរិកបានចោទប្រកាន់ឧបករណ៍ ផ្សេងៗ នៅក្នុងបាឡុងដែលកំពុងហោះយ៉ាងខ្ពស់ និងដែលបានហោះ ឆ្លងកាត់ ដោយផ្ទាល់លើទីតាំងយោធាអាមេរិកមួយកន្លែង ថាមានគោលបំណង ធ្វើចារកម្មទៅលើយោធាអាមេរិក។
គួរដឹងដែរថា ចិនបានបដិសេធចំពោះការអះអាងរបស់អាមេរិក ដោយ លើកហេតុផលថា វាគ្រាន់តែជាយានអង្កេតអាកាសធាតុតែ ប៉ុណ្ណោះ។ កាលពីថ្ងៃពុធ ទីក្រុងវ៉ាស៊ីនតោនបានថ្លែងថា «បាឡុងនេះគឺជាផ្នែក មួយ នៃ ឧបករណ៍របស់កងនាវាចិន។ វាត្រូវបានគេប្រទះឃើញនៅជុំវិញពិភពលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ»។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិកក៏បានជំរុញឱ្យសម្ព័ន្ធមិត្ត បង្កើនការប្រុងប្រយ័ត្នជុំវិញបញ្ហានេះផងដែរ។
នៅថ្ងៃដដែលនោះ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន មួយ ឈ្មោះ ថា PBS NewsHour លោក បៃដិន បានការពារការសម្រេចចិត្តបាញ់ ទម្លាក់របស់ខ្លួន ហើយបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនបាន ស្វែងរករឿងចង់ឈ្លោះជាមួយចិននោះទេ។ លោកក៏បានលើកឡើងផងដែរថា «លោក ស៊ី កំពុងជួបជាមួយ នឹងបញ្ហាធំៗជាច្រើន រួមមានដូចជាសេដ្ឋកិច្ចមិនដំណើរ ការ ល្អជា ដើម»។
ប្រធានាធិបតីរូបនេះបានបន្តថា «តើអ្នកអាចគិតឃើញ មេដឹក នាំ នៅលើពិភពលោកម្នាក់ណា ដែលនឹងធ្វើពាណិជ្ជកម្មជាមួយលោក ស៊ី ជីនពីង ដែររឺទេ? ខ្ញុំមិនអាចគិតឃើញសូម្បីតែម្នាក់»។ ដោយឡែក កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិនបានឆ្លើយតបចំពោះការលើក ឡើង របស់លោក ចូ បៃដិន ដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ និង (Mao Ning) បានប្រាប់សន្និសីទកាសែតថា «ទីក្រុង ប៉េកាំងមានការមិនពេញចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់សហរដ្ឋអាមេរិក»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា «ការប្រើប្រាស់វោហាសាស្ត្ររបស់ សហរដ្ឋអាមេរិកបែបនេះ គឺជាការដែលគ្មានទំនួលខុសត្រូវទាល់ តែសោះ ហើយវាផ្ទុយទៅនឹងក្រមសីលធម៌ការទូតជាមូលដ្ឋាន ទៀត ផង»។ លោកបានបន្ថែមថា «ទីក្រុងប៉េកាំងប្រឆាំងដាច់ខាតចំពោះ បញ្ហានេះ»។
អ្នកនាំពាក្យរូបនេះដដែលបាននិយាយថា «សហរដ្ឋអាមេរិកមិនបាន យកចិត្តទុកដាក់ចំពោះការពន្យល់ជាច្រើនដងរបស់ចិននោះទេ។ ហើយប្រតិកម្មហួសហេតុ និងការប្រើកម្លាំងខុសកាលៈទេសៈបែបនេះ គឺជាទង្វើគ្មានការទទួលខុសត្រូវសោះឡើយ»។ លោកបន្ថែមថា «សហគមន៍អន្តរជាតិបានមើលឃើញយ៉ាងច្បាស់រួចមកហើយថា តើប្រទេសណាដែលពូកែខាងធ្វើចារកម្ម ការត្រួតពិនិត្យ និងការឃ្លាំ មើល»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ម៉ៅ បែបនេះ គឺចង់សំដៅ ទៅកាន់សហរដ្ឋអាមេរិកថាជាតួអង្គចារកម្ម មិនមែនចិននោះទេ។
ដោយឡែក នៅចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការធ្វើ ចារកម្មរបស់ចិន ប្រទេសជប៉ុនឯណោះវិញ បានលើកឡើង កាលពីថ្ងៃ ព្រហស្បតិ៍ថា ខ្លួនកំពុងធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោនជុំវិញបញ្ហា ចារកម្ម នេះ ដោយសារតែប៉ុន្មានឆ្នាំមកនេះ ជប៉ុនបានរកឃើញវត្ថុមិន ស្គាល់អត្តសញ្ញាណ (UFO) បានហោះនៅលើដែនអាកាសរបស់ខ្លួន។ ជាក់ស្ដែង វត្ថុអាថ៌កំបាំងមួយដែលមានរូបរាងដូចទៅនឹងបាឡុង ត្រូវបានគេមើលឃើញហោះនៅភាគខាងជើងប្រទេសជប៉ុនកាលពីខែមិថុនា ឆ្នាំ២០២០ ដោយមានពលរដ្ឋម្នាក់បានបង្ហោះរូបភាព លើ បណ្តាញសង្គម។
អាជ្ញាធរបានលើកឡើងនៅពេលនោះថា ពួកគេមានការងឿង ឆ្ងល់ ចំពោះវត្ថុនោះយ៉ាងខ្លាំង ជាពិសេសនៅពេលដែលបានឃើញក្នុង រូបភាពរបស់ពលរដ្ឋបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយ។ វាមានរូបរាង ហាក់បីដូចជាមានបាឡុងធំមួយ តភ្ជាប់ទៅនឹងឈើឆ្កាង និងម៉ាស៊ីន រុញមួយគ្រឿង។
នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្លែង ថា «ការរកឃើញឧបករណ៍នេះ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេស សម្ព័ន្ធទាំងអស់ត្រូវតែមានការការពារខ្លួនជានិច្ច»។
លោក Stoltenberg បានមានប្រសាសន៍ថា «បាឡុងរបស់ចិន ដែលហោះនៅលើដែនអាកាសសហរដ្ឋអាមេរិក បានបញ្ជាក់ពី អាកប្បកិរិយារបស់ចិន។ យើងឃើញហើយថា ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានវិនិយោគយ៉ាង គំហុក ទៅក្នុងវិស័យយោធា»។ លោកបន្តថា «កន្លងមក យើងបានឃើញ រួចមកហើយនូវសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិនដែលបាននឹងកំពុងកើនឡើងខ្លាំងនៅលើទ្វីបអឺរ៉ុប។ ចិនបានប្រើប្រាស់ផ្កាយរណប ប្រើប្រាស់អ៊ីនធឺណិត ហើយដូចដែលយើងបានឃើញថ្មីៗ នេះ នៅ សហរដ្ឋអាមេរិក គឺចិនបានប្រើប្រាស់បាឡុងដើម្បីស៊ើបការណ៍។ ដូច្នេះយើងត្រូវតែមានការប្រុងប្រយ័ត្ន»៕
ដោយ៖ធា សុណា
ប្រភព៖ https://www.channelnewsasia.com/world/china-slams-bidens-irresponsible-remarks-xi-balloon-3265896