ព្រះធម្មធរគណខេត្តសៀមរាប ៖ ឱវាទ្រះពុទ្ធសាសនា ជាបច្ច័យមួយជួយឱ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្ត នឹងធឹង ធ្វើឱ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ

សៀមរាប៖ នៅវត្តទេពពោធិវង្សបានប្រារព្ធពិធីអភិសេកព្រះពុទ្ធបដិមា កម្ពស់ ៣ម ៦តិក និង រូបខ្លាមួយគូរ ធ្វើឡើងអំពីថ្ម ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ធន វិមានច័ន្ទ ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចមហាសង្ឃរាជ នៃកម្ពុជា នាំដង្ហែយកមកដម្កល់ទុកគោរពសក្ការៈបូជា នៅក្នុងទីវត្ត ទេពពោធិវង្ស (ហៅវត្តថ្មី) ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ព្រះពុទ្ធបដិមានេះបានរំលេចចេញទ្រង់ព្រះសណ្ឋិត (ឈរ) ព្រះហត្ថស្ដាំរាទៅមុខ ព្រះហត្ថឆ្វេងសំយុងចុះ ជាឥរិយាបទនៃការឱ្យអភ័យដល់សព្វសត្វ ។ ព្រះពុទ្ធសាសនាមានគុណសម្បតិ្តធំធេងណាស់ចំពោះមនុស្សលោក ជួយឱ្យជីវិតរស់នៅដោយភាពចម្រុងចម្រើន សុខសប្បាយព្រោះមិនបានបៀតបៀនគ្នា និងជួយដល់ប្រយោជន៍សង្គមឱ្យមានសុខសន្តិភាព ។

ព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង ព្រះធម្មធរគណខេត្ត ជាព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្សក្រុងសៀមរាប ខេត្តសៀមរាប មានសង្ឃដិកាថា ព្រះពុទ្ធបដិមានិងរូបសត្វខ្លាមួយគូនេះ ជាសមិទ្ធផលថ្មីមួយទៀត និងបង្ហាញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ធន វិមានច័ន្ទ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប សម្រាប់គោរពបូជា ។

ព្រះតេជគុណ បន្ថែមថា ព្រះពុទ្ធសាសនាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនយ៉ាងគឺ ឱវាទពុទ្ធសាសនាជាបច្ច័យមួយជួយឱ្យមនុស្សមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្ត នឹងធឹងធ្វើឱ្យបុគ្គលគ្រប់រូបមានសុខភាពផ្លូវចិត្តល្អរឹងមាំ និងនាំឱ្យសុខភាពរាងកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យនឹងសុខភាពផ្លូវចិត្ត ៕ ដោយ ស៊ាន សុផាត

ads banner