កម្មវិធីប៊ិប កំពុងបន្តពង្រីកវិសាលភាពទៅកាន់ក្រុមយុវជន ដែល ស្ថិតក្នុងពន្ធនាគារ និងយុវជនចំណាកស្រុក

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ កម្មវិធីសមមូលការអប់រំកម្រិតមូលដ្ឋានតាមអ៊ិនធឺណិត (BEEP) កំពុងបន្តពង្រីកវិសាលភាពទៅកាន់ក្រុមយុវជនដែល ស្ថិត ក្នុងពន្ធនាគារ និងយុវជនដែលជាជនងាយរងគ្រោះ ដើម្បី បន្ត ការអភិវឌ្ឍជំនាញបន្ថែមទៀតក្នុងការទទួលបានឱកាសការងារ និងទទួលបានគាំទ្រយ៉ាងពេញលេញនៅក្នុងសង្គម។

បើតាមអង្គការយូណេស្កូប្រចាំកម្ពុជាថា នៅឆ្នាំ២០២៣នេះ ក្រសួង អប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីអង្គការយូណេស្កូ បាននឹងកំពុងធ្វើការដើម្បី ពង្រីកកម្មវិធី BEEP ដើម្បីឈានទៅដល់ក្រុមយុវជនកាន់តែច្រើន រួមទាំងយុវជននៅក្នុងមណ្ឌលកែប្រែ ពន្ធនាគារ និងយុវជទេសន្ត ប្រវេសន៍ ជាដើម។

ជាមួយនឹងមជ្ឈមណ្ឌលសិក្សាថ្មីដែលបានបង្កើតឡើងនៅមជ្ឈមណ្ឌលស្តារនីតិសម្បទាក្នុងខេត្តបន្ទាយមានជ័យនេះ ដែលបច្ចុប្បន្ន កំពុងជួយយុវជន និងយុវនារីឱ្យបន្តការអភិវឌ្ឍន៍ជំនាញបន្ថែមទៀត ស្វែងរកឱកាសការងារសមរម្យ និងផ្តល់សិទ្ធិអំណាចឱ្យពួកគេធ្វើសមាហរណកម្មក្នុងសង្គមកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា ចាប់តាំងពីការបើកមជ្ឈមណ្ឌលសិក្សា ដំបូងក្នុងឆ្នាំ២០១៩មក កម្មវិធី BEEP បានពង្រីកនៅក្នុង ភូមិសាស្ត្រ របស់ខ្លួន ហើយឥឡូវនេះកំពុងដំណើរការមជ្ឈមណ្ឌល សិក្សាចំនួន ២៦ នៅក្នុងខេត្តចំនួន១៤ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមានអ្នកសិក្សាសរុបជាង ១៧០០នាក់ រួមទាំងអ្នកបោះបង់ ការសិក្សា យុវជនដែលមានជំនាញទាប និងអ្នកដែលគ្មានការងារធ្វើ បានទទួលអត្ថប្រយោជន៍ពីកម្មវិធីBEEP។ ក្នុងនោះ ស្ទើរតែពីរភាគបី នៃនិស្សិតបញ្ចប់ការសិក្សាពីកម្មវិធី BEEP បានបន្តការអភិវឌ្ឍ ជំនាញ បន្ថែមទៀតនៅសាលាអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។

អង្គការយូណេស្កូប្រចាំកម្ពុជាលើកឡើងថា៖ «ជារឿយៗ យុវជន មកពីក្រុមជួបការលំបាក ដោយសារភាពក្រីក្រ យេនឌ័រ ពិការភាព និងទីតាំងភូមិសាស្រ្ត គឺមានហានិភ័យបំផុតក្នុងការបោះបង់ការ សិក្សាដូច្នេះហើយ ខ្វះលក្ខណៈសម្បត្តិសិក្សា និងជំនាញដែលត្រូវការ ដើម្បីទទួលបានការងារសមរម្យ»។ ជាមួយនឹងការទទួលបានឱកាសដើម្បីបញ្ចប់ការអប់រំជាមូលដ្ឋានតាមរយៈកម្មវិធី BEEP យុវជននៅក្នុងមណ្ឌលអប់រំកែប្រែ ពន្ធនាគារ ក៏ដូចជាយុវជនទេសន្តប្រវេសន៍ ត្រូវបានគាំទ្រដើម្បីបន្តការអភិវឌ្ឍ ជំនាញបន្ថែមទៀត ដែលផ្តល់សិទ្ធិអំណាចដល់ពួកគេក្នុងការទទួល បានឱកាសការងារ និងគាំទ្រការធ្វើសមាហរណកម្មពេញលេញរបស់ ពួកគេទៅក្នុងសង្គម។

លើសពីនេះទៀត អង្គការយូណេស្កូ បានបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពង្រីកវិសាលភាពនៃកម្មវិធី BEEP ដើម្បីឈានដល់ក្រុម គោលដៅបន្ថែមទៀត។ ជាមួយនឹងការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្វីស និងការរួមចំណែកពីដៃគូឯកជន មជ្ឈមណ្ឌលសិក្សាថ្មីនឹងត្រូវបាន បង្កើតឡើងនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា និងកែតម្រូវជា មួយនឹងសេវាកម្មគាំទ្រតាមតម្រូវការ ដោយសារអ្នកសិក្សានៅក្នុង ទីតាំងទាំងនេះត្រូវការការគាំទ្រពិសេស។

បន្ថែមពីនេះ អង្គការយូណេស្កូ នឹងបន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាថាអ្នកសម្របសម្រួលកម្មវីធី BEEP ដែលធ្វើការនៅ មជ្ឈមណ្ឌលសិក្សាទាំងនេះ អាចបង្កើតកាលវិភាគសិក្សា និងផ្តល់ ការណែនាំដល់អ្នកសិក្សាស្របតាមបទប្បញ្ញត្តិផ្ទៃក្នុងរបស់មជ្ឈមណ្ឌល។

ទាក់ទិនរឿងនេះ លោក ឈាន សុធារិទ្ធិ អនុប្រធាននាយក ដ្ឋាន បណ្ដុះបណ្ដាល នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីប៊ីបនេះ គឺពិតជាមានសារៈសំខាន់ យុវជន ដែលបានបោះបង់ការសិក្សា និងយុវជនដែលងាយរងគ្រោះ ក្នុងការ ដែលអាចមានឱកាសចូលសិក្សាឡើងវិញ និងរៀនជំនាញដោយ មិនគិតថ្លៃ ដើម្បីអាចទទួលបានការងារមួយដ៏សមរម្យ សម្រាប់ ជួយខ្លួនឯង និងក្រុមគ្រួសារផងដែរ។

លោក ឈាន សុធារិទ្ធិ ថា៖ «ខ្ញុំយល់ថា កម្មវិធីប៊ិបនេះ ពិតជា សារៈសំខាន់ណាស់សម្រាប់យុវជន ជាពិសេសយុវជន ដែល ជា ក្រុមគោលដៅរួមមាន យុវជនងាយរងគ្រោះ ជនជាតិដើមភាគតិច និងជនពិការ សម្រាប់ឲ្យពួកគាត់ទទួលបានឱកាសថ្មីក្នុងការ សិក្សា ចូលរៀនឡើងវិញ និងបន្តរៀនយកជំនាញដោយមិនគិតថ្លៃ នៅ គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស ក្រោមក្រសួងការងារ និងវិទ្យាស្ថានអប់រំទូទៅ ក្រោមក្រសួងអប់រំ»។

ជាមួយគ្នានេះ លោក រស់ ភារៈ លេខាធិការនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រាប់ថា បើតាមរបាយការណ៍ ចុង ក្រោយរបស់ក្រសួងអប់រំ សម្រាប់ការអប់រំសិស្សកម្រិតបឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិ បានបង្ហាញពីនិន្នាការធ្លាក់ចុះក្នុងឆ្នាំសិក្សា ២០២១-២០២២ ដែលមានសិស្សបឋមសិក្សាប្រមាណជាង ១៥ម៉ឺន នាក់ ដែលបានបោះបង់ការសិក្សា ខណៈដែលសិស្សនៅកម្រិតមធ្យម សិក្សាជាង ១១ម៉ឺននាក់ ក៏បានបោះបង់ការសិក្សារបស់ពួកគេដែរ។ ហេតុដូច្នេះ កម្មវិធីប៊ិបនេះ បានផ្តល់ឱកាសជាលើកទី២ ដល់ យុវជន ដែលបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ ផ្តល់ ចំណេះ ដឹងមូលដ្ឋាន (សមមូលកម្រិតមធ្យមសិក្សាបឋមភូមិ) និងរួមទាំង ជំនាញទន់ផ្តល់រង្វាន់លើកទឹកចិត្តដល់យុវជនដែលរៀនចប់ជាដើម។

លោក រស់ ភារៈ បញ្ជាក់ថា ៖ «ដូច្នេះនៅពេលពួកគាត់បានចុះឈ្មោះ ចូលរៀនតាមកម្មវិធីប៊ិប ពួកគាត់នឹងទទួលបានឱកាសអភិវឌ្ឍជំនាញ តាមរយៈការបន្តការយកជំនាញនៅគ្រឹះស្ថានបណ្តុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាល កម្ពុជាគឺ យុវជនម្នាក់មានជំនាញមួយយ៉ាងតិច ប្រចាំ ជីវិត»។

សូមបញ្ជាក់ថា កម្មវិធីBEEP គឺជាគំនិតផ្តួចផ្តើមមួយ ដែលសហការ រវាង អង្គការយូណេស្កូ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណងដោះស្រាយ បញ្ហា អត្រាបោះបង់ការសិក្សាខ្ពស់នៅកម្រិតមធ្យមសិក្សា បឋមភូមិ នៅកម្ពុជា។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៩មក កម្មវិធី BEEP បាននឹងកំពុងជួយដល់យុវជនក្រៅសាលាក្នុងប្រទេស កម្ពុជា ឱ្យបញ្ចប់ការអប់រំជាមូលដ្ឋានតាមរយៈការរៀនតាមអនឡាញដែលអាចបត់បែនបាន និងទទួលបានវិញ្ញាបនបត្រស្មើនឹងថ្នាក់ទី៩ ដែល ត្រូវបានទទួលស្គាល់ដោយក្រសួងទាំងពីរ។ ជាមួយនឹងវិញ្ញាបនបត្ររបស់កម្មវិធី BEEP អ្នកសិក្សាអាចត្រលប់ ទៅ ការ អប់រំផ្លូវការ និងអាចបន្តការអភិវឌ្ឍន៍ជំនាញបន្ថែមទៀតនៅសាលា បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ឬវិទ្យាល័យទូទៅជាដើម៕
ដោយ៖ជា សុខនី

ads banner