ធនាគារពិភពលោក (WB) ប្រកាសផ្តល់ជំនួយ១.៧៨ពាន់លានដុល្លារ ស្តារប្រទេសតួកគីឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីធ្ងន់ធ្ងរ
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ថវិកាជំនួយ១.៧៨ពាន់លានដុល្លារដល់ប្រទេសតួកគី ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងស្តារឡើងវិញ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបានវាយប្រហារប្រទេសនេះ និងប្រទេសជិតខាងស៊ីរី ដែលបានឆក់យកជីវិតមនុស្សកើនដល់ ២១,០០០នាក់។
ធនាគារពិភពលោក (WB) បានបញ្ជាក់ថា ការផ្តល់ជំនួយភ្លាមៗចំនួន៧៨០លានដុល្លារនឹងត្រូវផ្តល់ជូនតាមរយៈសមាសធាតុឆ្លើយតបបន្ទាន់ ដែលពាក់ព័ន្ធនឹងគម្រោងដែលមានស្រាប់ចំនួនពីរនៅក្នុងប្រទេសតួកគី។
អ្នកផ្តល់ប្រាក់កម្ចីអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះ បានបន្ថែមថា ថវិកាជំនួយទាំងនេះនឹងត្រូវបានប្រើ សម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាននៅកម្រិតក្រុង ហើយថា ថវិកា១ពាន់លានដុល្លារទៀតកំពុងត្រូវបានរៀបចំ ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ ចំពេលមានការស្តារ និងការកសាងឡើងវិញពីគ្រោះមហន្តរាយ។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់បានបន្តកើនឡើងជាង២១,០០០នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតក្នុងកម្រិត៧.៨រ៉ិចទ័រ ដែលបានវាយប្រហារលើប្រទេសតួកគី និងស៊ីរី កាលពីវេលាទាបភ្លឺថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

