សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អំពាវនាវឱ្យក្រសួងសុខាភិបាល និងភាគី ពាក់ព័ន្ធ បន្តយកចិត្តទុកដាក់លើសុខភាពមាតា និងទារក
ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្យក្រសួងសុខាភិបាលរួមជាមួយដៃគូ សហការ ដទៃទៀត ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមកម្លាំង គ្នា និងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងជាងមុន ក្នុងការពង្រឹង ការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ “រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និង អាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេច គោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”។
ក្នុងសារលិខិតរបស់ប្រធានកាកបាទក្រហមកម្ពុជាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផនការ សកម្មភាព រួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាព ស្ត្រី និងកុមារ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃ ក្រសួង សុខាភិបាលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានយកចិត្ត ទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជម្នះគ្រប់ ការលំបាកក្នុងការបន្តប្រយុទ្ធទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ និងក្នុងការលើកកម្ពស់គុណភាពសុខាភិបាលគ្រប់ ផ្នែក ទាំងអស់ ជាពិសេសក្នុងការពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។
សារលិខិតបន្តថា ការយកចិត្តទុកដាក់ក្នុងការផ្ដល់ការគាំពារ ការ ថែទាំ សុខភាព ការព្យាបាល និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ រហូតបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ពោលគឺ អត្រានៃស្ត្រី ដែលបានទទួលការថែទាំផ្ទៃពោះពីគ្រូពេទ្យជំនាញមុនពេលសម្រាលបានកើនពី៩៥ ដល់៩៩ភាគរយ អត្រាមរណភាពមាតាបានថយចុះពី ១៧៤ មកនៅ១៥៤ ក្នុងចំណោម ១សែនកំណើតរស់អត្រា មរណភាព ទារកទើបកើតបានថយចុះពី១៨មកនៅ៨ ក្នុងចំណោម មួយ ពាន់កំណើតរស់ជាដើម។
ប៉ុន្តែប្រភពដដែលបញ្ជាក់ថា៖« ទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏នៅ មាន ក្ដីកង្វល់មួយចំនួនទៀតដែលទាមទារ ឱ្យក្រសួងសុខាភិបាល រួម ជាមួយដៃគូសហការដទៃទៀតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមកម្លាំងគ្នានិងផ្ដោតការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងជាងមុន ក្នុងការលើកកម្ពស់គុណភាពឱ្យបានកាន់តែល្អប្រសើរឡើង ថែមទៀត មានដូចជា សេវា/មធ្យោបាយពន្យារកំណើតសម្រាប់ ស្ត្រីក្នុងវ័យ បន្តពូជ សេវាផ្តល់ការថែទាំដល់ស្ត្រី ជាមាតាក្រោយសម្រាល រួម ជាមួយសេវាគាំពារ ថែទាំទារក/កុមារ និងការផ្ដល់អាហារូបត្ថម្ភឱ្យ បានគ្រប់គ្រាន់ ដល់ទារក/កុមារ ការលើកកម្ពស់សេវាទប់ស្កាត់ ការចម្លងមេរោគអេដស៍ពីម្ដាយមកកូនជាដើម»។
តាមរយៈសារលិខិតនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត យល់ឃើញថា កត្តា គន្លឹះដ៏សំខាន់មួយទៀត ដែលនឹងជំរុញឱ្យកម្ពុជាសម្រេចបាន គោលដៅ អភិឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺការចូលរួម ពីបងប្អូន រួមជាតិទាំងអស់ ក្នុងការទៅទទួលយកសេវាសុខាភិបាលដែល មាន វិជ្ជាជីវៈត្រឹមត្រូវ ធានាបានគុណភាព និងសុវត្ថិភាព។
ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ លោកស្រី អំពាវនាវ ឱ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាព និង ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យ ឱ្យបានទៀងទាត់ចំនួនបួនដង តាមពេលវេលាកំណត់ ទៅទទួលថ្នាំបង្ការជំងឺតេតាណូស និងទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ទៅទទួលយកសេវាបង្ការ/ព្យាបាលទាំងអស់ ពិសេសការស្ម័គ្រចិត្ត ធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ រលាកថ្លើមប្រភេទបេ ដើម្បី ទប់ស្កាត់ការចម្លងមេរោគពីម្ដាយទៅកូន។
ទៅសម្រាលកូន នៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យមានគ្រូពេទ្យ ជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងទៅ ពិនិត្យសុខភាពក្រោយពេលសម្រាលទាំងម្តាយ ទាំងកូន យកកូន ទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១មុខ តាមពេលវេលាកំណត់និង ត្រូវយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពនិងការលូតលាស់ របស់កូន រហូតដល់កូនមានអាយុពីរឆ្នាំ។
ស្នើគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ-អន្តរជាតិ បន្តវិនិយោគ ក្នុងការងារសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ពិសេសសូមជួយឧបត្ថម្ភគាំទ្រដល់ការងារ បណ្តុះ បណ្តាលជំនាញ និងវិក្រឹតការដល់មន្ត្រី/បុគ្គលិកសុខាភិបាល រួមទាំង អាជ្ញាធរមូលដ្ឋាន អ្នកអប់រំផ្សព្វផ្សាយនៅសហគមន៍ ឱ្យទទួលបាន ចំណេះដឹង និងជំនាញពិតប្រាកដ។
ក្នុងសារលិខិតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បញ្ជាក់ ថា៖«ខ្ញុំសូមឧទ្ទិសខ្លឹមសារនិងអត្ថន័យនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ឱ្យស្ថិតនៅ ក្នុងការចងចាំ និងយកចិត្តទុកដាក់ ប្រែក្លាយ ប្រធានបទនេះឱ្យទៅជាការពិតជាក់ស្ដែង ផ្ដល់ក្ដីសង្ឃឹម ដល់បងប្អូនរួមជាតិទាំងអស់ ដែលជាកម្លាំងដ៏មានសក្តានុពល ជំរុញ ព្រះរាជាណាចក្រកម្ពុជាឱ្យសម្រេចបានគោលដៅធំៗ ដែលបាន កំណត់ ជាពិសេសគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅ ឆ្នាំ២០៣០»៕
ដោយ៖ឡាយ សាមាន