ឯកឧត្តមឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរយ កាន់តែល្អប្រសើរថែមទៀត
ភ្នំពេញ ៖ ក្នុងឱកាសដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ផាក ជុងវុក (PARK Jung_Wook) ថ្លែងនូវក្តីសង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តមនៅប្រទេសកម្ពុជា ឯកឧត្តមនឹងខិតខំធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងទំនាក់ទំនងជាប្រចាំលើវិស័យនយោបាយ ការបរទេស សន្តិសុខ ការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈ វប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងចំណងមេត្រីភាពរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន។ ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏សំខាន់ និងជាវិជ្ជមានដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក។
ព្រមជាមួយគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានរំលឹកអំពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅឆ្នាំ១៩៩៧ និងទើបបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា- កូរ៉េ ដ៏មានអត្ថន័យកាលពីឆ្នាំ២០២២ កន្លងទៅនេះ។ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ទំនាក់ទំនងដ៏ល្អនេះ ស្តែងឡើងតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់រវាងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ជាក់ស្តែង ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងដំណើរទស្សនកិច្ចផ្លូវការនៃគណៈប្រតិភូព្រឹទ្ធសភាដែលដឹកនាំដោយសម្តេចផ្ទាល់ ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីដើមឆ្នាំ២០២២។
សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះការកើនឡើងជាបន្តបន្ទាប់នៃការផ្លាស់ ប្តូរពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសយើងទាំងពីរ។ ក្នុងឆ្នាំ២០២២កន្លងទៅនេះ ពាណិជ្ជកម្មទ្វេភាគីមានទំហំ ៧៧៨,៩២លានដុល្លារអាមេរិក ហើយពីឆ្នាំ១៩៩៤ ដល់ខែកញ្ញា ឆ្នាំ២០២២ ការវិនិយោគរបស់សាធារណរដ្ឋកូរ៉េនៅកម្ពុជាមានទំហំប្រមាណ ៥,០៦ប៊ីលានដុល្លារអាមេរិក ដែលស្ថិតនៅចំណាត់ថ្នាក់ទី២។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះរដ្ឋសភាកូរ៉េ ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កម្ពុជាមានការរំពឹងខ្ពស់ថា នឹងទទួលបានកំណើនសេដ្ឋកិច្ចបន្ថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ កិច្ចព្រមព្រៀងនេះនឹងជួយពង្រីកបន្ថែមទៀត លើការធ្វើសេរីភាវូបនីយកម្មទីផ្សារពាណិជ្ជកម្ម ដែលនឹងនាំមកនូវការរីកចម្រើន និងវិបុលភាពរួមដល់ប្រជាជន និងប្រទេសទាំងពីរ ៕ (អត្ថបទ+រូបភាព គ្រី សម្បត្តិ + ប៊ុន ហុក)


