ខេត្តកោះកុង ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្ដាមថ្មកោះកុង”
កោះកុង៖ ខេត្តកោះកុង ត្រៀមធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ(GI) “ក្ដាមថ្មកោះកុង” ដើម្បីបង្ហាញពីសក្តានុពលភោគផលនេសាទដែលមានរស់ជាតិឆ្ងាញ់ពីទឹកដីជាប់សមុទ្រ ខណៈខេត្តនេះកំពុងសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីផ្សព្វផ្សាយដល់ផលិតកសិកម្ម និងផលនេសាទរបស់ខ្លួនផងដែរ។
រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី ៨ ខែកុម្ភៈកន្លងទៅនេះាន រៀបចំពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីទស្សនទានអត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា រួមជាមួយលោក Peter Damary ជំនាញការអន្តរជាតិ នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។ នេះបើតាមរដ្ឋបាលខេត្តកោះកុង។
លោក ឈេង សុវណ្ណដា បានមានប្រសាសន៍ក្នុងពិធីនេះថា ខេត្តកោះកុង ជាខេត្តស្ថិតក្នុងតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។មានសណ្ឋានដីជាលក្ខណៈ ភ្នំ ខ្ពង់រាប វាលរាប និងឆ្នេរសមុទ្រ។ ដោយសារកត្តាភូមិសាស្ត្រ និងប្រជាជន នាំឱ្យខេត្តកោះកុងសម្បូរទៅដោយភោគផលនេសាទ ដូចជា ក្តាមថ្ម បង្គា បង្គាក្រៀម មឹក ត្រីសមុទ្រ គ្រំចំពុះទា កាពិ ជាដើម និងផលិតផលសក្តានុពលពីវិស័យ កសិកម្មដូចជាម្រេច ទុរេន សាវម៉ាវ ផ្លែចេក ទឹកឃ្មុំតំបន់ឆ្នេរ ។ល។
លោកបានបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលខេត្ត និងក្រសួងពាណិជ្ជកម្ម តាមរយៈមន្ទីរពាណិជ្ជកម្មខេត្ត បានសហការគ្នាជួយផ្សព្វផ្សាយដល់ផលិតករក្នុងខេត្ត ក្នុងការអភិវឌ្ឍផលិតផលរបស់ពួកគាត់ដូចជា ការវេចខ្ចប់ប្រកបដោយអនាម័យ ការដាក់ស្លាកស្របតាមបទដ្ឋានបច្ចេកទេសផលិតផល និងតម្លៃដែលប្រកបដោយភាពប្រកួតប្រជែងនៅលើទីផ្សារ។ លោកបន្តថា៖«នៅថ្ងៃនេះ យើងបានធ្វើការមួយកម្រិតទៀត ក្នុងការត្រៀមធ្វើការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ក្ដាមថ្មកោះកុង”។ ខេត្តកោះកុង នឹងមានមោទនភាពក្រៃលែង ប្រសិនណាបើមានផលិតផលរបស់ខេត្ត អាចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងមានឈ្មោះល្បីប្រកបដោយភាពជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ»។
បើតាម លោក ឈេង សុវណ្ណដា ផលិតផលមួយចំនួនខាងលើ ខេត្តកោះកុង បានដាក់បញ្ចូលជាផលិតផល ភូមិមួយ ផលិតផលមួយ របស់ខេត្ត រួចហើយផងដែរ។ លោកបញ្ជាក់ថា៖« ផលិតផលទាំងនេះ គឺបាននាំទៅដាក់លក់នៅទីផ្សារនៅភ្នំពេញ និងប្រទេសថៃ តែអ្នកទិញ ឬអ្នកប្រើប្រាស់ភាគច្រើនមិនទាន់បានជ្រាបថាផលិតផលដែលគាត់កំពុងទទួលទានដ៏ឆ្ងាញ់ពិសារទាំងនោះ មានប្រភពមកពីខេត្តកោះកុងនោះទេ។
នេះអាចជាមូលហេតុ មួយក្នុងចំណោមមូលហេតុមួយចំនួនផ្សេងទៀត ដែលធ្វើឱ្យអ្នកផលិត និងប្រជាកសិកររបស់យើងនៅមិនទាន់អាចលក់ផលិតផលរបស់ពួកគាត់បានថ្លៃជាងមុន ខណៈពេលដែលផលិតផលរបស់ពួកគាត់មានគុណភាព មិនចាញ់ផលិតផលមកពីខេត្តផ្សេង ឬប្រទេសជិតខាងនោះឡើយ»។ ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានថ្លែងអំណគុណចំពោះលោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងសហការី តំណាងក្រសួងពាណិជ្ជកម្ម ដែលបានចុះមកជួយផ្សព្វផ្សាយ និងសិក្សាលទ្ធភាពការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ឱ្យផលិតផលក្នុងខេត្តកោះកុងនាពេលនេះ។
អ្នកជំនាញអះអាងថា ផលិតផលដែលចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រ (GI) នឹងទទួលបានការការពារតាមផ្លូវច្បាប់ មានទីផ្សារធំទូលាយ និងអ្នកផលិតនឹងទទួលបានតម្លៃបន្ថែមកាន់តែខ្ពស់ ខណៈគិតត្រឹមចុងឆ្នាំ ២០២២ មានផលិតផលក្នុងស្រុកចំនួនបួន ស្ថិតក្នុងដំណាក់កាលរៀបចំ និងត្រៀមបញ្ចប់នីតិវិធីចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅ ក្រសួងពាណិជ្ជកម្ម។
របាយការណ៍បូកសរុបលទ្ធផលការងារពាណិជ្ជកម្មប្រចាំឆ្នាំ ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៣ របស់ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា មានផលិតផលក្នុងស្រុកចំនួនបួន កំពុងស្ថិតក្នុងដំណើរការចុះ GI ដោយក្នុងនោះផលិតផលចំនួនបី ស្ថិតក្នុងដំណាក់កាលបញ្ចប់ការរៀបចំ និង មួយទៀត នៅក្នុងដំណាក់កាលចាប់ផ្ដើមរៀបចំចុះបញ្ជី។
យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលបី ដែលកំពុងស្ថិតក្នុងដំណាក់កាលនៃការបញ្ចប់ការរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ រួមមាន «អំបិលកំពតកែប» ក្រោមជំនួយបច្ចេកទេសរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), និងផលិតផល «បង្កងតាកែវ» និង «ទឹកត្រីកំពតកែប» ក្រោមជំនួយបច្ចេកទេសអង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (EU Arise+ IPR)។ ចំណែកផលិតផល «ក្ដាមថ្មកោះកុង» កំពុងស្ថិតក្នុងដំណាក់កាលចាប់ផ្ដើមរៀបចំចុះបញ្ជី GI ក្រោមជំនួយបច្ចេកទេសរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក៕
ដោយ៖ឡាយ សាមាន