ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នាពេលខាងមុខនេះ នឹងបើកទំព័រប្រវត្តិសាស្ត្រថ្មី នៅក្នុងទំនាក់ទំនងទ្វេភាគី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលទទួលបាននៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ និង លោកជំទាវ អែលឃើ បឿឌិនបិនឌ័រ (Elke Büdenbender) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤-១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតី នឹងមានកិច្ចសន្ទនាផ្លូវការ ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងឱកាសនោះ ទិដ្ឋភាពផ្សេងៗ នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានា ដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា។

ឯកឧត្តមប្រធានាធិបតី នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹងអញ្ជើញទៅទស្សនកិច្ច អង្គការ Halo Trust និងទស្សនាឧទ្យានជាតិអង្គរ ក្នុងខេត្តសៀមរាប ដែលមានគម្រោងឧបត្ថម្ភគាំទ្រដោយអាល្លឺម៉ង់។ ឯកឧត្តមប្រធានាធិបតី ក៏នឹងអញ្ជើញទៅទស្សនាសារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង ក្នុងរាជធានីភ្នំពេញ ផងដែរ។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្តនាពេលខាងមុខ របស់ឯកឧត្តម ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា នឹងបើកទំព័រមាស ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសទាំងពីរ៕ ដោយ សួង ពិសិដ្ឋ

ads banner